ថា​ទឹក​ស្ងប់ មិន​ប្រាកដ​​ថា​អត់​ត្រី​នោះ គឺ​មិន​ខុស​មែន ពេល​នេះ ប្រុស​ឡា ឆ្លើយ​តប​វិញ​ហើយ​រឿង​ឡើង​តុលាការ

  • 2021-01-29 03:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិវាទ​របស់​តារា​ចម្រៀង​រ៉េប ២ដួង នៅ​មិន​ទាន់​ចប់ ក្រោយ​ម្សិលមិញ​នេះ Vid Cooler ដែល​ជា​ដើម​បណ្ដឹង បាន​ចេញ​សារ​ឌឺដង​ឈឺ​ៗ​ទៅ​កាន់ ប្រុស​ឡា ឥឡូវ​នៅ​ថ្ងៃ​នេះ ភាគី​រង​បណ្ដឹង​បាន​ឆ្លើយ​តប​ទៅ​វិញ​ហើយ។

នេត្រ ចាន់​តារាវីត ហៅ Vid Cooler បាន​បញ្ចេញ​ឯកសារ​ពាក្យ​បណ្ដឹង​កាល​ពី​ថ្ងៃ​ទី ២៦ មករា ប្ដឹង ប្រុស​ឡា និង​គូកន ពី​បទ​ប្រព្រឹត្ត​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស។ សារ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​មជ្ឈដ្ឋាន​មហាជន និង​សង្គម​សិល្បៈ ត្បិត​ថា​នេះ​ជា​ករណី​ទី​១​ក្នុង​សង្គម​តារា​រ៉េប ដែល​មាន​ជម្លោះ​នឹង​គ្នា​រហូត​ដល់​ប្រព្រឹត្ត​ហិង្សា និង​ប្ដឹង​ផ្ដល់​គ្នា​បែប​នេះ។

បន្តិច​ក្រោយ​មក សាមី​ខ្លួន ប្រុស​ឡា ដែល​រង​បណ្ដឹង បាន​ចេញ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយ​ស្នើ​ឲ្យ​ប្រិយមិត្ត​រង់​ចាំ​ដឹង​រឿង​ទាំង​សង្ខាង​សិន​ចាំ​វាយ​តម្លៃ។ ចំពោះ​ករណី​នេះ មេធាវី​របស់​លោក​កំពុង​ធ្វើ​ការ​ហើយ។ ប៉ុន្តែ​ក្រោយ​ពី​ឃើញ ប្រុស​ឡា នៅ​តែ​ស្ងប់​ស្ងាត់ ស្រាប់​​តែ Vid Cooler ចេញ​សារ​ថា គេ​កំពុង​រង់ចាំ​ភាគី​រង​ការ​ចោទ​នៅ​តុលាការ ដូច្នេះ​ហើយ ស្នើ​សុំ​កុំ​យូរ​ពេក។ "ខ្ញុំ​លឺ​អួត​ថា​ មាន​មេធាវី​ការពារ​ក្ដី​ អញ្ចឹង​ខ្ញុំ​រង់​ចាំ​នៅ​តុលាការ​ ..​ (តែ​កុំ​យូរ​ពេក)”។

បែប​នេះ​ក្ដី គេ​ឃើញ​ថា ប្រុស​ឡា នៅ​តែ​ស្ងប់​ស្ងាត់ មិន​មាន​សកម្មភាព​អ្វី​នៅ​លើ​បណ្ដាញ​សង្គម​ឡើយ។ ប៉ុន្តែ​ដូច​គេ​ថា ទឹក​ស្ងប់​រលក មិន​ប្រាកដ​ថា​គ្មាន​ត្រី​នៅ​ពី​ក្រោម​នោះ យប់​មិញ​នេះ ក្នុង​បទ​សម្ភាសន៍​ខ្លី​ជាមួយ Sabay ម្ចាស់​បទ "នារី​សក់​ខ្លី" ប្រាប់​ថា អ្វី​ៗ​កំពុង​តែ​ដំណើរ​ការ​ហើយ។

"មេធាវី​របស់​ខ្ញុំ​កំពុង​តែ ធ្វើការ​ទៅ​លើ​រឿង​ក្តី​នេះ​បង ខ្ញុំ​ត្រៀម​ចាំ​តែ​ចូល​ខ្លួន បញ្ជាក់​ថា ខ្ញុំ​មិន​បាន​បង្ក​ហិង្សា​ក្នុង​រឿង​នេះ​ទេ​បង!”។

ប្រុស​ឡា បាន​រង​បណ្ដឹង​ពី​លោក នេត្រ ចាន់​តារា​វីត ហៅ Vid Cooler ដោយ​សំអាង​លើ​ហេតុការណ៍​ហិង្សា​មួយ​កើត​ឡើង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២០។ វេលា​នោះ នៅ​ក្នុង​ពាក្យ​បណ្ដឹង ភាគី​ដើម​បណ្ដឹង​បញ្ជាក់​ថា ខ្លួន​បាន​រង​ការ​ប្រព្រឹត្ត​ហិង្សា​ធ្វើ​ឲ្យ​របួស​ដៃ​ត្រូវ​ដេរ​ដល់​ទៅ ៣០​ថ្នេរ ពី​ភាគ​ី​ខាង ម្ចាស់​ហាង "មីហឹរ ៧កំរិត បាត់​ដំបង"។ ករណី​នេះ ដើម្បី​បណ្ដឹង​បាន​ប្ដឹង ប្រុស​ឡា និង​គូកន ពី​បទ​ប្រព្រឹត្ត​ហិង្សា មាន​ស្ថាន​ទម្ងន់​ទោស។

តប​នឹង​បញ្ហា​នេះ ប្រុស​ឡា នៅ​តែ​បញ្ជាក់​ថា លោក​មិន​បាន​បង្ក​ហិង្សា​លើ​នរណា​ម្នាក់​នៅ​ក្នុង​ហេតុការណ៍​នោះ​ឡើយ។ ដូច្នេះ​ហើយ ច្បាស់​ណាស់ លោក​នឹង​មិន​គេច​ទៅ​ណា​ទេ។ ប្រុស​ឡា ថ្លែង​ថា "ខ្ញុំ​មិន​គេចវេស​ទៅ​ណា​ទេ ប៉ុន្តែ​ខ្ញុំ​មិនទាន់​បាន​ទទួល​បាន​ដីកា​កោះ​ហៅ​នោះ​ទេ ហើយ​ខ្ញុំ​ក៏​រង់​ចាំ​ព័ត៌មាន​បន្ថែម​ពី​មេធាវី​ខ្ញុំ​ដែរ"៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម