Facebook បិទលែងឲ្យប្រើនៅភូមា ក្រោយរដ្ឋប្រហារយោធា

  • 2021-02-04 04:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរគមនាគមន៍ក្នុងស្រុកដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា (MPT) ក្ដោបក្ដាប់ដោយ ប្រទេសភូមា សម្រេចបិទបណ្ដោះអាសន្នបណ្ដាញសង្គម Facebook, Messenger, Instagram និង WhatsApp តាមការបញ្ជាពីរដ្ឋាភិបាលយោធាថ្មីរបស់ប្រទេសនេះ បន្ទាប់ពីរដ្ឋប្រហារទម្លាក់លោកស្រី អោង សានស៊ូជី។

ការបញ្ជាឱ្យបិទបណ្ដោះអាសន្នបណ្ដាញសង្គមដ៏ធំនេះ រដ្ឋាភិបាលអះអាងថា Facebook បានចូលរួមចំណែកធ្វើឱ្យមានអស្ថិរភាពនៅក្នុងប្រទេស ត្បិតអីក្នុងចំណោមប្រជាជនភូមា ជាង ៥០លាននាក់ មានប្រមាណ ២៧លាននាក់ គឺជាអ្នកប្រើប្រាស់ Facebook។ ជាចេតនាក្នុងការបិទនេះ គឺដើម្បីការពារក្រុមអ្នកតស៊ូមតិ មិនឱ្យប្រើប្រាស់បណ្ដាញសង្គមនេះដើម្បីចែករំលែកព័ត៌មានផ្សេងៗ និងការរៀបចំណាមួយនោះឡើយ។

តាមអ្នកនាំពាក្យរបស់ Facebook បានឆ្លើយប្រាប់ប្រភព Engadget ថា ពួកគេជម្រុញឱ្យអាជ្ញាធរ ឆាប់បើកឱ្យប្រើប្រាស់បណ្ដាញសង្គម Facebook វិញ ដើម្បីឱ្យប្រជាជនភូមា អាចប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសារ មិត្តភក្តិ និងទទួលបានព័ត៌មានសំខាន់ៗផ្សេងទៀត។ ទោះយ៉ាងណា ការបិទបណ្ដោះអាសន្ននេះ គ្រោងនឹងអូសបន្លាយរហូតដល់ពាក់កណ្តាលអធ្រាត្រ ថ្ងៃទី៧ ខែកុម្ភៈ។

គួរបញ្ជាក់ផងដែរ Facebook ក៏ធ្លាប់មានប្រវត្តិស្មុគ្រស្មាញកន្លងមកដែរលើទឹកដីភូមា កាលពីឆ្នាំ២០១៨ កន្លងទៅ ដោយពួកគេរងការស្ដីបន្ទោសពីរដ្ឋាភិបាល ថាមិនបានចូលរួមទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត និងជួយពង្រីកការអំពាវនាវនាំឱ្យមានអំពើហឹង្សានៅក្នុងប្រទេស៕

ប្រភព៖ engadget   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី