សិស្ស​វិទ្យាល័យ២​រូប​ ​អាច​នឹង​ជាប់​កំណត់​ត្រា​ជា​ "តារាវិទូមានវ័យក្មេងបំផុត"

  • 2021-02-05 07:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​វិទ្យាល័យ២​រូប​ ​អាច​នឹង​ជាប់​កំណត់​ត្រា​ជា​ "តារាវិទូមានវ័យក្មេងបំផុត" បន្ទាប់​ពី​ពួក​គេ​ស្រាវជ្រាវ​រកឃើញ​ភព​ចំនួន ​៤ កំពុង​គោចរ​នៅ​ជុំវិញ​ផ្កាយ​មួយ​​មាន​ពន្លឺ​ភ្លឺ​ថ្លា​ស្រដៀង​នឹង​ព្រះអាទិត្យ​របស់​យើង ​ជា​ស្នាដៃ​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​ក្នុង​វ័យ​ស្របាល​នេះ​។

យុវជន​អាយុ ១៦ឆ្នាំ​ម្នាក់​ឈ្មោះ Kartik Pinglé ​និង​មិត្តរួម​ក្រុម​យុវតី​អាយុ ១៨ឆ្នាំ​ឈ្មោះ Jasmine Wright ជា​សិស្សវិទ្យាល័យនៃរដ្ឋ Massachusetts សហរដ្ឋអាមេរិក ​កំពុងបោះ​ជំហានដើម្បីក្លាយខ្លួនជាក្រុមតារាវិទូ បន្ទាប់​ពី​ការសិក្សានិងអង្កេតរបស់ពួកគេ​ដោយប្រើប្រាស់ពេល ៤ម៉ោងក្នុងមួយសប្តាហ៍​បានរកឃើញភពរហូតដល់ទៅ ៤ កំពុងគោចរនៅជុំវិញប្រព័ន្ធផ្កាយមួយ ដែលមានចម្ងាយ ២០០ឆ្នាំពន្លឺពីផែនដី (ខ្នាត១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ។

សិស្ស​វិទ្យាល័យ​ទាំង​ពីរនាក់នេះបានធ្វើការអង្កេតទៅលើផ្កាយមួយ ដែលត្រូវបានរកឃើញដោយកែវយឺតអវកាស TESS មានឈ្មោះសម្គាល់ថា TOI-1233 តាមរយៈមជ្ឈមណ្ឌលអង្កេតតារាសាស្ត្រ Harvard និង Smithsonian។

​រីឯ​ព័ត៌មាន​លម្អិត​អំពី​ភពទាំង ៤ ខាងលើនេះពាក់ព័ន្ធថាតើអាចមានភពណាមួយ មានលទ្ធភាពទ្រទ្រង់ជីវិតដែរ ឬ​អត់ និងបុគ្គលិកលក្ខណៈផ្សេងៗរបស់ភពទាំងនោះ​នៅមិនទាន់ត្រូវបានបង្ហាញនោះឡើយ ព្រោះត្រូវការក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រជំនាញ ធ្វើការសិក្សាស្រាវជ្រាវបន្តដើម្បី​បញ្ជាក់។

ស្នាដៃ​របស់​ពួក​គេ​ត្រូវ​បាន​សារព័ត៌មាន​វិទ្យាសាស្ត្រ ​និង​វិបសាយ​បរទេស​ល្បី​ៗ​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ យក​ទៅ​ចុះ​ផ្សាយ​ទំព័រ​មុខ​យ៉ាង​គគ្រឹកគគ្រេង កាល​ពី​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ​ឆ្នាំ ២០២១។ ​យោង​តាម​តារា​វិទូ​មួយ​រូប​ឈ្មោះ Clara Sousa-Silva ដែល​ដឹកនាំកម្មវិធីសម្រាប់សិស្សវិទ្យាល័យខាងលើនេះ បាន​លើក​ឡើង​ថា "សិស្សទាំងពីរនាក់នេះ អាច​នឹង​ក្លាយ​ជាតារាវិទូដែលមានវ័យក្មេងបំផុត ដែល​បាន​ស្រាវជ្រាវ​រក​ឃើញ​ភព​ដ៏​សែន​ឆ្ងាយ​នេះ​" ៕

ប្រភព៖ Dailymail | Forbes   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី