តូយ៉ូតា (ខេមបូឌា) នាំអតិថិជនទៅបើកបរសាកល្បង HILUX REVO 2021 លើទីលានប្រណាំង (វីដេអូ)

  • 2021-02-09 01:15:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានបើកបរយ៉ាម៉ាម៉ូតុ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានចែករំលែកបទពិសោធន៍ដ៏ពិសេសមួយ ជាមួយនឹងអតិថិជន និងអ្នកសារព័ត៌មាន។ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំមុននេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបញ្ចេញរថយន្តស៊េរីថ្មី Hilux Revo 2021​​ មកកាន់ទីផ្សារកម្ពុជាជាលើកដំបូង។ នៅថ្ងៃនេះដែរ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)​ បានអញ្ជើញអតិថិជនដែលចូលចិត្តម៉ូដែលថ្មីបំផុត មកទទួលភាពសប្បាយរីករាយនៅទីលានប្រណាំងយ៉ាម៉ាម៉ូតុ នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។​

ការបើកបរសាកល្បងHilux Revo 2021 ចាប់ផ្តើមនៅម៉ោង ៦:៣០នាទីព្រឹក​ អតិថិជនបានប្រមូលផ្តុំគ្នា និងបានធ្វើដំណើរដោយឥតគិតថ្លៃរយៈពេល២ម៉ោង ទៅកាន់ទីលានប្រណាំងយ៉ាម៉ាម៉ូតុ ខេត្ដកំពង់ស្ពឺ។ នៅម៉ោង៩:00នាទីព្រឹក កម្មវិធីបើកបរសាកល្បងបានចាប់ផ្តើម ជាមួយសុន្ទរកថាពីលោក Keo Wathenac អគ្គនាយកក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) និងមានការបង្ហាញពីការបើកបរសាកល្បងដំបូងគេពីលោកYamamoto។ អតិថិជនតូយ៉ូតាបានបង្ហាញភាពសប្បាយរីករាយរំភើបចិត្ត នៅពេលដែលលោក Yamamotoយករថយន្ត Hilux Revo 2021ស៊េរីថ្មីនេះ មកជិះសាកល្បងបង្ហាញជូន។

កម្មវិធីបន្ទាប់ អតិថិជនដែលបានមកចូលរួមកម្មវិធីនេះបានសាកល្បងបើកបររថយន្ត Hilux Revo 2021ស៊េរីថ្មីនេះផងដែរ។ កម្មវិធីបើកបរសាកល្បងនេះត្រូវបានចូលរួមពីភ្ញៀវកិត្តិយស ជាង៥០នាក់មកពីទីក្រុងភ្នំពេញ ដែលអតិថិជនម្នាក់ៗបានបើកបរសាកល្បងប្រហាក់ប្រហែលជា ៣០នាទី រាប់បញ្ចូលទាំងការរបើកបរសាកល្បងផ្ទាល់​ និងបទបង្ហាញអំពីលក្ខខណ្ខនៃការបើកបរ។

ទីលានប្រណាំងយានយន្តយ៉ាម៉ាម៉ូតុ មានលើសពី ១៥ខ្សែកោង ដែលមានខ្សែកោងរាងអក្សរSធំ នៅលើផ្លូវធំទីមួយបន្ទាប់ពីខ្សែកោងពាក់កណ្តាលរាងអក្សរC ដែលអតិថិជន និងគ្រូបង្វឹករថយន្តតូយ៉ូតាបានសាកល្បងផ្នែកមេកានិច ទៅលើសមត្ថភាពរបស់ Hilux Revo 2021 ដែលកំពុងដំណើរការ ពីល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោង រហូតដល់៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្លូវទាំងពីរបានផ្តល់នូវបទពិសោធន៍ការបើកបរសាកល្បងក្នុងល្បឿនលឿនលើកំណាត់ផ្លូវបត់បែន បង្ហាញពីបច្ចេកវិទ្យាថ្មីរបស់ (Totoya’s New Global Architecture) និងប្រព័ន្ធការពារឈានមុខ រចនាឡើងជួយផ្តល់សំឡេង និងសញ្ញាគ្រោះថ្នាក់ សមត្ថភាពរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ ប្រពន័្ធហ្វ្រាំងសុវត្ថិភាពជំនួយស្ថេរភាពយានយន្តលើផ្លូវមានឧបសគ្គខ្ពស់ និងផ្លូវចំណោតឡើងចុះខ្លាំង។ មុនពេលធ្វើការបើកបរសាកល្បង អតិថិជនត្រូវទទួលការណែនាំពីគ្រូបង្វឹកបើកបររបស់ក្រុមហ៊ុនតូយ៉ូតា អំពីល្បឿនបើកបរខុសគ្នា ប្រតិបត្តិការរបស់រថយន្ត និងការគ្រប់គ្រងកង់។ គ្រប់លក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពរបស់រថយន្តតូយ៉ូតាទាំងអស់ ត្រូវបានបង្ហាញជូនអតិថិជនដើម្បីធ្វើការសាកល្បងផ្ទាល់នៅក្នុងកម្មវិធីរថយន្ត Hilux Revo 2021 ចុងក្រោយនេះ។

ក្នុងនោះផងដែរ ក្រុមការងារ Sabay ក៏បានចូលរួមក្នុងការបើកបរសាកល្បង ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនេះផងដែរ ហើយក្នុងនោះក្រុមការងារក៏បានសង្កេតឃើញថា រថយន្ត Hilux Revo 2021 ស៊េរីចុងក្រោយនេះ ត្រូវបានគេធ្វើឲ្យប្រសើរច្រើនជាងស៊េរីមុន ទាំងរូបរាង ទាំងប្រព័ន្ធជើងក្រោម ក៏ដូចជាប្រព័ន្ធសុវត្ថិភាពផងដែរ។ (សូមទស្សនាវីដេអូខាងក្រោម)

យ៉ាងណាមិញ នៅក្នុងកម្មវិធីបើកបរសាកល្បងខាងលើ ក៏មានការផ្តល់ឱកាសដ៏មានតម្លៃរបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញភាពកក់ក្តៅដល់អ្នកសារព័ត៌មាន ក៏ដូចជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីនេះ។ លោកឧកញ៉ា ក៏បានផ្តល់នូវការសាទរដោយលោកបានធ្វើការបើកបរសាកល្បងរថយន្ត Toyota Hilux Revo 2021 នៅលើផ្លូវប្រណាំងក្នុងល្បឿនលឿនមានកំណត់។

កម្មវិធីត្រូវបានបញ្ចប់ជាស្ថាពរបន្ទាប់ពីអ្នកចូលរួមបានទទួលទានអាហារថ្ងៃត្រង់ និងត្រូវបានធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ។ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) សូមថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ដែលបានមកចូលរួមធ្វើការសាកល្បងបើកបរ រថយន្ត Hilux Revo ២០២១ ថ្មី ដោយកម្មវិធីនេះមិនត្រឹមតែបានបង្ហាញនូវលក្ខណៈពិសេសថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានផ្តល់នូវពេលវេលាដ៏គួរឲ្យរំភើបមួយ ក្នុងការចូលរួមជាមួយអតិថិជនរបស់ពួកគេ ដើម្បីទទួលបានភាពសប្បាយរីករាយ ជាមួយនឹងបទពិសោធន៍ថ្មីនៃបើកបរសាកល្បង៕

អត្ថបទពេញនិយម