១០ឆ្នាំជាង ដួង ម៉ានិច និង វៃហាំង ដែល​មក​ពី​ខេត្ត​ជាយដែន​ជាមួយ​គ្នា ទើប​បានប៉ះ​គ្នា​លើក​ដំបូង

  • 2021-02-11 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើមឆ្នាំ២០២១នេះតារាសម្ដែងស្រីជួរមុខកញ្ញា ដួង ម៉ានិច ហាក់ញ៉ាប់ដៃញ៉ាប់ជើងយ៉ាងខ្លាំងជាមួយ នឹងការងារថតខ្សែភាពយន្តជាច្រើនឱ្យស្ថានីទូរទស្សន៍ហង្សមាស និងបាយ័ន។ ដោយឡែក ម៉ានិច បានបង្ហើបប្រាប់ Sabay យ៉ាងសប្បាយរីករាយថារឿងភាគថ្មីនេះខ្លួនបានសម្ដែងប៉ះជាមួយតារាប្រុស លោក ខាត់ វៃហាំង ជាលើកដំបូងហើយជាពិសេសពួកគេជាអ្នកខេត្តបន្ទាយមានជ័យដូចគ្នា។

ក្នុងរយៈពេល១០ឆ្នាំលើវិស័យសម្ដែង ម៉ានិច ធ្លាប់សម្ដែងប៉ះជាមួយតារាប្រុសល្បីៗជាច្រើនប៉ុន្តែតារា ស្រីរាងមួយក្ដាប់រូបនេះប្រាប់ថានាងមិនធ្លាប់បានសម្ដែងជាមួយ កម្លោះថ្ពាល់ខួច ខាត់ វៃហាំង ម្ដងណាឡើយ។ ប៉ុន្តែលើកនេះជាឱកាសល្អដែលអ្នកទាំងពីរបានចាប់ដៃគ្នាជាលើកដំបូងក្នុង រឿងភាគថ្មីរបស់ស្ថានីយន៍ទូរទស្សន៍ហង្ស មាស។

រឿងភាគថ្មី ប៉ះជាមួយដៃគូថ្មីជាលើកដំបូង តារាស្រីញញឹមស្រស់រូបនេះបានរៀបរាប់ Sabay ពីអារម្មណ៍ និងលើកសរសើរដៃគូប្រុសថ្មីថា ”នៅពេលដែលបានសម្ដែងជាមួយ វៃហាំង លើក ដំបូង យើងមាន អារម្មណ៍ថាស្និទ្ធស្នាលជាមួយគ្នា ហើយវៃហាំងជាមនុស្សម្នាក់ដែលគោរពពេលវេលាបានល្អ គាត់ឱ្យតម្លៃក្រុមការងារ ហើយគាត់លះបង់ច្រើន ដូចជាពេលឈុតទះកំផ្លៀង គាត់ឱ្យទះមែន​ទែនដើម្បី ឱ្យរឿងមើលទៅពិតៗ និងល្អមើល”។

យ៉ាងណាមិញ កញ្ញាមិនទាន់បានបង្ហើបប្រាប់ថា រឿងភាគថ្មីនេះមានចំណង់ជើងអ្វីនោះទេ តែថាថតបាន៨០%ហើយ។ កញ្ញាបាន បន្តបង្ហើបថា រឿងនេះ ម៉ានិច និងវៃហាំង សម្ដែងជាតួប្ដីប្រពន្ធ ហើយបើសាច់រឿងវិញនិយាយអំពីក្រុមគ្រួសារដែលមិនយល់ចិត្តគ្នា ហើយរឿងនេះ អប់រំដល់អ្នកមានគ្រួសារគ្រប់រូប៕

អត្ថបទ៖ Pav Sreypich