មិនចោលទម្លាប់! Facebook សំងំផលិតបណ្ដាញសង្គមថ្មី ចម្លងតាមកម្មវិធីមួយដែលកំពុងល្បី

  • 2021-02-11 03:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ New York Times កាល​ពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា Facebook បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ធ្វើ​ការ​លើ​គម្រោង​ការ​​បណ្ដាញ​សង្គម​ថ្មី​​​យក​លំនាំ​តាម​កម្មវិធី​បណ្ដាញ​សង្គម Clubhouse ដែល​ជា​កម្មវិធី​កំពុង​ល្បី។

​​​គម្រោង​ការ​​របស់ Facebook គឺ​មាន​គោល​បំណង​ផ្ដល់​ជូន​នូវ​​​បណ្ដាញ​ទំនាក់ទំនង​តាម​​សារ​ជា​សំឡេង​សុទ្ធ ប៉ុន្តែ​វា​នៅ​ស្ថិត​នៅ​ដំណាក់​កាល​ដំបូងៗ​នៅ​ឡើយ។

គួរ​ដឹង​ថា​កម្មវិធី Clubhouse កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ ក្រោយ​ពី​បុគ្គល​ល្បីៗ​​មាន​ដូច​ជា​លោក Elon Musk និង​លោក Mark Zuckerberg ​បាន​ចូល​ប្រើ​ប្រាស់​កម្មវិធី​នេះ និង​បាន​ចូល​រួម​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សំឡេង​ផ្ទាល់ៗ​ផង​ដែរ។

ចំណុច​ពិសេស​មួយ​របស់ Clubhouse គឺ​ការ​ប្រើ​ប្រាស់​សំឡេង​តែ​ម្យ៉ាង​គត់​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង។ កម្មវិធី Clushouse នេះ​មិន​មែន​អាច​ចូល​ប្រើ​បាន​គ្រប់​គ្នា​នោះ​ទេ គឺ​ទាល់​តែ​មាន​ការ​អញ្ជើញ​ឲ្យ​ចូល​រួម​ ប៉ុន្តែ​មាន​ការ​រំពឹង​ទុក​ថា​នឹង​បើក​ឲ្យ​ចូល​ប្រើ​បាន​គ្រប់​គ្នា​ក្នុង​ពេល​ខាង​មុខ​នេះ។

ទោះ​បី​ជា​ Facebook មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​គម្រោង​ការ​នេះ ប៉ុន្តែ​កន្លង​មក Facebook ធ្លាប់​ចម្លង​តាម​មុខងារ​សំខាន់ៗ​របស់​គូ​ប្រជែង​ជា​ច្រើន​មក​ហើយ។ ជាក់​ស្ដែង​ដូច​ជា​ Instagram Stories គឺ​ជា​ការ​ចម្លង​តាម​មុខងារ​លើ Snapchat៕​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង