ផ្ទុះការគាំទ្រ! ក្មួយប្រុសសម្ដេច ហ៊ុន សែន លោក ហ៊ុន ជា ស្នើឲ្យចាត់វិធានការផ្លូវច្បាប់លើក្រុម "ទុំទាវ ២០២១"

  • 2021-02-12 00:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទទួល​ស្គាល់​កំហុស និង​ការ​សុំ​ទោស​ជា​សាធារណៈ​ដោយ​មាន​ភ្ជាប់​នូវ​កិច្ចសន្យា​ជាមួយ​ក្រសួង​វប្បធម៌​របស់​ម្ចាស់​រឿង "ទុំ​ទាវ​ឆ្នាំ​២០២១" បាន​បញ្ចប់​តាំង​ពី​ថ្ងៃទី១០ ខែ​កុម្ភៈ។ ប៉ុន្តែរឿងរ៉ាវនេះ អាចនឹងមិនបញ្ចប់ត្រឹមនេះទេ ក្រោយពីផ្ទុះការរិះគន់លើចំណាត់ការនេះជាច្រើននៅលើបណ្ដាញសង្គម ដែលក្នុងនោះ​ក៏មានលោក ហ៊ុន ជា ដែលជាក្មួយប្រុសរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។

លោក ហ៊ុន ជា បាន​ស្នើ​ឲ្យ​មានការចាត់វិធានការ​ផ្លូវច្បាប់​លើ​ក្រុម​ផលិតរឿងទំុំទាវ ២០២១ នេះ ដែលបានធ្វើឲ្យប៉ះពាល់ដល់សាសនា និងអក្សរសាស្រ្ដខ្មែរ ក៏ដូចជា​ដើម្បីឲ្យមានភាពស្មើគ្នា​ចំពោះមុខច្បាប់ សម្រាប់​អ្នកប្រព្រឹត្តអំពើបែបនេះ​នាពេលកន្លងមកផងដែរ។

លោក ហ៊ុន ជា

លោក​បាន​សរសេរ​នៅលើទំព័រហ្វេសប៊ុកផ្លូវការ​របស់លោកដែលមានឈ្មោះថា "HC ហ៊ុន ជា ដើម្បីខ្មែរ" កាលពីរាត្រីថ្ងៃ១២ ខែកុម្ភៈថា "រឿងទុំទាវ2021 ជាប្រធានបទដ៏ក្ដៅ​ដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។ ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គល ដែលបានយករឿងទុំទាវមកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនិតិវិធីនៃច្បាប់ឡើងវិញ ដើម្បីបំពេញបំណង និងរកយុត្តិធម៌ដល់ជនរងគ្រោះ និងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា..."។

សំណេររបស់លោក​នេះ បានទទួល​ការគាំទ្រ​យ៉ាងច្រើន ពោលគឺមានអ្នកចែករំលែកបន្តប្រមាណ ៨ពាន់ដងឯណោះ។

សូមបញ្ជាក់ថា កញ្ញា តេង ស៊ីណា និង​ប្អូន​ស្រី ដែល​ជា​អ្នក​លក់​ឡេ​អនឡាញ និង​បក្សពួក​ដែល​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​នេះ​ បាន​ចូល​ខ្លួន​ទៅ​សារភាព​ទទួល​កំហុស​នៅ​ចំពោះ​មុខ​មន្ត្រី​ក្រសួង​វប្បធម៌​កាល​ពី​ព្រឹក​ថ្ងៃ​ទី១០ កុម្ភៈ ហើយ​បាន​ផ្ដិតមេដៃ​ក្នុង​កិច្ច​សន្យា​ចំនួន​៨​ចំណុច​។ ចុចអាន៖ ​ក្រុម​សម្ដែង​រឿង "ទុំ​ទាវ ២០២១" សន្យា​៨ចំណុច មិន​ធ្វើ​ទៀត​ដាច់​ខាត