តាមទាន់ទើបដឹង! រឿងហេតុតឹងសរសៃកដាក់គ្នារាប់ឆ្នាំរបស់កំពូល CEO Apple និង Facebook

  • 2021-02-19 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាស់រវាង CEO Apple លោក Tim Cook និង CEO Facebook លោក Mark Zuckerberg មួយរយៈនេះកាន់តែឡើងកម្ដៅខ្លាំងទៅៗ រហូតឈានដល់ Facebook រៀបចំបណ្ដឹង ប្ដឹងទៅកាន់តែ Apple តែម្ដង។ ប៉ុន្ដែតើអ្នកដឹងឬអត់? មុនឈានដល់រឿងរ៉ាវតឹងសរសៃកទាំងនេះ រឿងរ៉ាវគឺចាប់ផ្ដើមតាំងពីដូចច្នេះមក៖

ឆ្នាំ២០១៤ CEO Apple លោក Tim Cook បន្ទោសអាជីវកម្មរបស់ Facebook ថាបានទាញយកទិន្ន័យអ្នកប្រើប្រាស់ជាច្រើន និងថា ចាត់អតិថិជនដូចជាទំនិញ។ ជាការឆ្លើយតបទៅវិញ នៅចុងឆ្នាំដដែល Mark Zuckerberg ក៏បានរិះគន់ចំៗថា Apple ព្យាយាមលក់ផលិតផលរបស់ខ្លួនក្នុងតម្លៃថ្លៃ។

ឆ្នាំ២០១៨ Tim Cook រិះគន់ចំពោះរឿងអាស្រូវ Facebook ដែលបានរំលោភលើទិន្នន័យអ្នកប្រើប្រាស់ប្រមាណ ៥០លាននាក់ ទៅឱ្យក្រុមហ៊ុនពិគ្រោះយោបល់ Cambridge Analytica។ រីឯនាយកប្រតិបត្តិ Facebook ក៏វ៉ៃបកទៅសម្ដីរបស់ Tim Cook វិញថា ជាការបំភាន់ដ៏ធ្ងន់ធ្ងរមួយ។

ឆ្នាំ២០១៨ ជុំវិញរឿងអាស្រូវ Cambridge Analytica ដដែល CEO Apple និយាយឱ្យបុគ្គលិក Facebook ថា គួរប្ដូរពី iPhone ទៅប្រើស្មាតហ្វូន Android វិញទៅ។ ចំណែក Facebook ក៏បានឆ្លើយតបវិញបែបរុញទូកបណ្ដោយទឹកថា ពួកគេលើកទឹកចិត្តដល់ពួកគេជាយូរមកហើយឱ្យប្រើប្រព័ន្ធប្រតិបត្តិការ Android និងបន្ថែមថា វាជាប្រព័ន្ធប្រតិបត្តិការដែលពេញនិយមបំផុតនៅលើពិភពលោក។

ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំក្រុមហ៊ុន Facebook មហាសេដ្ឋីវ័យក្មេង Mark រិះគន់ Apple ថា បានផ្ដល់ការលំបាកដល់កម្មវិធីនៅលើ App Store ជាពិសេសគឺបានបិទបិទកម្មវិធី Facebook មិនឱ្យអាប់ឌែតបាន ដូចនឹងការរឹតត្បិតក្រុមហ៊ុន Epic Games ដោយដក Fortnite ចេញពី App Store។

ប្រព័ន្ធប្រតិបត្តិការថ្មី iOS 14 មានមុខងារថ្មី App Tracking Transparency ករណីមានកម្មវិធីចង់តាមដានអ្នកប្រើប្រាស់ តម្រូវឱ្យមានការយល់ព្រមពីអ្នកប្រើជាមុនសិន ដែលមុខងារនេះ Facebook ថា Apple ធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ។

Facebook ផ្សាយព័ត៌មាន លើកាសែត The New York Times, Washington Post និង Wall Street Journal ថាប្រព័ន្ធប្រតិបត្តិការថ្មី គឺប៉ះពាល់ដល់អាជីវកម្មតូចៗ ពិសេសប៉ះពាល់ដល់មុខងារផ្សាយពាណិជ្ជកម្មរបស់ Facebook ដែលពួកគេត្រូវការទិន្នន័យរបស់អតិថិជនជាចាំបាច។ ប៉ុន្ដែ Apple ក៏បានឆ្លើយតបវិញថា ពួកគេធ្វើគ្រប់យ៉ាងគឺដើម្បីការពារអ្នកប្រើប្រាស់ផលិតផលរបស់ពួកគេតែប៉ុណ្ណោះ។

Facebook ឈរខាង ហ្គេម Fortnite ដោយនិយាយថានឹងជួយ Epic Games ដើម្បីប្ដឹងផ្ដល់ជាមួយ Apple ខណៈហ្គេមនេះល្មើសនឹងគោលការណ៍ Apple ត្រូវបានដកចេញពី App Store។

Facebook រៀបចំបណ្ដឹងទៅ Apple ពីភាពលំអៀងរបស់មុខងារថ្មី App Tracking Transparency របស់ Apple និងការបដិសេធរបស់ Apple មិនអនុញ្ញាតឱ្យកម្មវិធី Facebook Messenger ក្លាយជា default option ជំនួសឱ្យកម្មវិធី iMessage រាល់ពេលផ្ញើរសារម្ដងៗលើ iPhones and iPads។

Apple ជ្រៀតជ្រែក Facebook ក្នុងពិធីប្រកាសចំណូលប្រចាំត្រីមាសរបស់ Facbook លោក Mark Zuckerberg បានចោទ Apple ពីការផ្លាស់ប្ដូរ IDFA (មុខងារនេះប្រើដើម្បីតាមដានទិន្នន័យអ្នកប្រើប្រាស់ក្នុងការផ្សារពាណិជ្ជកម្ម) ថាជាការជ្រៀតជ្រែក ឬមានវាយប្រហារលើអាជីវកម្មរបស់ខ្លួន។ Mark Zuckerberg មានការយល់ឃើញថា ដែល Apple ព្យាយាមតឹងតែងចំពោះការតាមដានទិន្នន័យរបស់ខ្លួនលើ iPhone ព្រោះតែ Apple មានបំណងជ្រៀតជ្រែក និងលើកទឹកចិត្តអ្នកប្រើប្រាស់ ឱ្យងាកទៅប្រើកម្មវិធីផ្ញើសារ iMessage និង កម្មវិធីខលវីដេអូ FaceTime របស់ពួកគេវិញម្ដង។

Tim Cook ថ្លែងក្នុង សន្និសីទ​ការពារ​ទិន្នន័យ​សហភាពអឺរ៉ុប ដោយថ្កោលទោស និងមិនគាំទ្រ អាជីវកម្មណាដែលមានការ​បំភ័ន្ត​ដល់អ្នកប្រើប្រាស់ កេង​ប្រវ័ញ្ច​ទិន្នន័យរបស់អតិថិជន ហើយតម្រូវឱ្យមានកំណែទម្រង់ចេញ។ ពេលនោះបើទោះបី Tim Cook មិនបង្ហើបឈ្មោះអាជីវកម្មនោះចំៗ តែគេអាចសន្និដ្ឋានដឹងថា ក្រុមហ៊ុនដែលព្យាយាមតាមដានទិន្នន័យអ្នកប្រើប្រាស់ ដើម្បីឱ្យការផ្សាយពាណិជ្ជកម្មរបស់ខ្លួនចំគោលដៅល្អនោះ គ្មានក្រុមហ៊ុនណាក្រៅពី Facebook ឡើយ។

សរុបទៅទាំងនេះជាទំនាស់តឹងសរសៃកជាច្រើន រវាងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗទាំងពីដែលកំពុងពេញនិយមពីអ្នកប្រើប្រាស់ទូទាំងពិភពលោក ទោះយ៉ាងណាសង្ឃឹមជម្លោះទាំងនេះនឹងឆាប់បញ្ចប់ និងសហការណ៍គ្នាស្រាវជ្រាវផលិតអ្វីដែលថ្មីៗ និងពិសេសបន្ថែមទៀត ដើម្បីផ្ដល់បទពិសោធន៍ដល់អ្នកប្រើប្រាស់ឱ្យកានតែប្រសើរបន្ថែមទៀត រវាង Facebook និង Apple៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កុសល