ចុង​សប្ដាហ៍​ល្មម! មាន សូនីតា បញ្ចេញ​បទ​ពិសោធន៍​មិន​ធ្លាប់​ជួប​មួយ ពេល​ដើរ​កម្សាន្ត​ទៅ​ខេត្ត​កំពត​ខែ​មុន

  • 2021-02-19 06:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន សូនីតា តារា​ស្រី​ដែល​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​អ្នក​ដែល​និយម​ការ​ដើរ​កម្សាន្ត​បំផុត មិន​ថា​ក្នុង និង​ក្រៅ​ប្រទេស​នោះ បាន​ប្រាប់​បទពិសោធន៍​ថ្មី​ក្នុង​ដំណើរ​កម្សាន្ត​មួយ​ទៅ​ខេត្ត​កំពត​ដែល​នាង​មិន​​ធ្លាប់​ជួប​កាល​ពី​ចុង​ខែ​មុន។

ដំណើរ​កម្សាន្ត​នោះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ដំណើរ​កម្សាន្ត "សាក​ថ្មី​ឲ្យ​ជីវិត" ដែល​ពេល​នោះ តារា​ស្រី​ត្រូវ​បាន​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​កិត្តិយស​ដំបូង​បំផុត ស្រប​ពេល​កម្មវិធី​ដំណើរ​កម្សាន្ត​មួយ​នេះ ក៏​ទើប​នឹង​ចាប់​ដំណើរ​ផ្គត់ផ្គង់​សេវា​ជា​លើក​ទី​១​ដែរ។ សូនីតា ប្រាប់​ថា នាង​ទទួល​យល់​ព្រម​ភ្លាម​ៗ ដោយ​ឥត​មាន​ស្ទាក់​ស្ទើរ បន្ទាប់​ពី​ទទួល​បាន​ការ​សាក​សួរ​ចិត្ត។

“និយាយ​ដោយ​ឥត​លាក់​បាំង​បង គ្រាន់​តែ​លឺ​ឈ្មោះ និង​ដឹង​ពី​ខ្លឹម​សារ​កម្មវិធី​ហ្នឹង ខ្ញុំ​ឆ្លើយ​អូខេ ភ្លាម​ៗ​ហ្មង!។ សូនីតា ថ្លែង។

ហេតុផល​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​មាន សូនីតា ឆ្លើយ​ភ្លាម​សម្រាប់​ដំណើរ​កម្សាន្ត​ខាង​លើ ទី​១​នាង​ជា​អ្នក​ចូល​ចិត្ត​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ស្រាប់។ ទី​២ នាង​ពេញ​ចិត្ត​ខ្លឹមសារ​របស់​កម្មវិធី ដែល​នាង​មិន​ដែល​ជួប​សម្រាប់​ដំណើរ​កម្សាន្ត​នានា​ក្នុង​អតីតកាល​របស់​នាង ទាំង​ដំណើរ​កម្សាន្ត និង​ក្រៅ​ស្រុក។

កម្មវិធី​ដំណើរ​កម្សាន្ត "សាក​ថ្ម​ឲ្យ​ជីវិត" រៀប​ចំ​ដោយ​ក្រុម Amata-អមតា បាន​ចេញ​ដំណើរ​កាល​ពី​ចុង​ខែ​មករា ២០២១ នាំ​យក មាន សូនីតា និងបុគ្គល​សាមញ្ញ​ជាង​២០​នាក់​ផ្សេង​ទៀត ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន​ល្បី​ៗ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពត​ក្នុង​ដំណើរ​កម្សាន្ត ២ថ្ងៃ ១យប់។ តាម សូនីតា កម្មវិធី​នេះ ប្រមូល​ផ្ដុំ​ដោយ​នាក់​ដែល​មាន​វិបត្តិ​ផ្លូវ​ចិត្ត ខូច​ចិត្ត ឬ​បាក់​ទឹកចិត្ត នឹង​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ឆាក​ជីវិត។

ចំណុច​នេះ​ឯង ដែល​ទាក់​ទាញ​ទឹក​ចិត្ត​តារា​ស្រី​ភ្លាម​​ៗ។ សូនីតា លើក​ឡើង​ថា ចំណុច​នេះ​ហើយ​ដែល​នាង​មិន​ធ្លាប់​ជួប​ពី​មុន​មក​ក្នុង​ដំណើរ​កម្សាន្ត។ "កន្លង​មក យើង​ដើរ​កម្សាន្ត​គ្រាន់​តែ​ដើម្បី​លេង​កម្សាន្ត​នឹង​ទេសភាព ឬ​កន្លែង​កម្សាន្ត​ផ្សេង​ៗ និយាយ​រួម គឺ​គ្រាន់​តែ​ផ្លាស់​ប្ដូរ​បរិយាកាស​ណា​បង តែ​លើក​នេះ គឺ​ខ្ញុំ​បាន​រាប់​អាន​មិត្ត បាន​ចែក​រំលែក​រឿង​រ៉ាវ​ផ្សេង​ៗ​ជា​មួយ​គ្នា...ចូល​រួម​កម្មវិធី​ហ្នឹង ខ្ញុំ​ដូច​រៀន​បាន​​ច្រើន​ទៀត​ពី​រឿង​រ៉ាវ​ជីវិត ដឹង​ពី​របៀប​រស់​នៅ​ប្រឈម​នឹង​បញ្ហា រឹងមាំ​អីចឹង​ណា​បង!”។

រាជិនី​ក្រមា បន្ត​ថា នៅ​ដំណើរ​កម្សាន្ត​ខាង​លើ មាន​សកម្មភាព​លេង​ល្បែង​កម្សាន្ត វគ្គ​ចែក​រំលែក​បទ​ពិសោធន៍​ជីវិត​ដែល​ជួប​បញ្ហា និង​មាន​វគ្គ​ពង្រឹង​ស្មារតី ជា​ដើម ជា​បច្ច័យ​ឲ្យ​នាង ក៏​ដូច​ជា​ប្រិយមិត្ត​ផ្សេង​ទៀត រៀន​បាន​ច្រើន​ពី​ការ​ពង្រឹង​ខ្លួន ទប់​ទល់​នឹង​បញ្ហា យល់​ដឹង​ពី​បំណិន​ជីវិត​ជា​ដើម។

"និយាយ​ទៅ​សម្រាប់​ខ្ញុំ កម្មវិធី​ហ្នឹង​ល្អ ព្រោះ​យើង​ដឹង​ហើយ រាល់​ថ្ងៃ​មនុស្ស​យើង​ម្នាក់ មិន​ដែល​ថា អ្នក​ណា​អត់​មាន​បញ្ហា​នោះ​ទេ គឺ​សុទ្ធ​តែ​មាន ខ្លះ​មាន​តិច ខ្លះ​មាន​ច្រើន អីចឹង​ហើយ​បើ​មាន​កន្លែង​ដែល​អាច​ដើរ​លេង​ផង រៀន​សូត្រ​ពី​ជីវិត​ខ្លះ​ផង​អីចឹង គឺ​ល្អ សម្រាប់​ខ្ញុំ​គឺ​រីករាយ ហើយ​ខ្ញុំ​គិត​ថា Session ហ្នឹង​គួរ​តែ​មាន​ឲ្យ​ច្រើន​ជាង​ហ្នឹង ហើយ​ខ្ញុំ​ក៏​ចូល​រួម​ទៀត​ដែរ បើ​មាន​ឱកាស!”។

មាន សូនីតា គឺ​ជា​តារា​ស្រី​ដែល​មាន​បទ​ពិសោធន៍​ជោគជាំ​មួយ​រូប​នៅ​ក្នុង​ដំណើរ​កម្សាន្ត។ នៅ​មុន​ កូវីដ ១៩ ចូល​មក​ដល់ គេ​ឃើញ​បាន​នាង​ទៅ​ដើរ​កម្សាន្ត​ច្រើន​កន្លែង ទាំង​ក្នុង​ប្រទេស តំបន់​អាស៊ី និង​អឺរ៉ុប។ រឿង​នេះ សាមី​ខ្លួន​បាន​លើក​ឡើង​ថា សម្រាប់​នាង​ការ​ដើរ​កម្សាន្ត មិន​មែន​ជាចំណាយ​ពេល ឬ​ថវិកា​ឥត​ប្រយោជន៍​នោះ​ទេ តែ​ជា​ការ​វិនិយោគ ព្រោះ​នាង​តែង​ទទួល​បាន​រឿង​ថ្មី​ៗ គំនិត​អភិវឌ្ឍន៍ជា​ច្រើន ពិសេស​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ដូច​ជា​អឺរ៉ុប។

រឿង​ទាំង​នោះ វា​អំណោយ​ផល​ដល់​ការ​ធ្វើ​អាជីវកម្ម ឬ​ធុរកិច្ច​ផ្សេង​ៗ ហើយ​ការ​ដើរ​កម្សាន្ត​ចុង​ក្រោយ​ជាមួយ អមតា គឺ​នាង​បាន​រៀន​យ៉ាង​ច្រើន​បន្ថែម​ទៀតពី​ជីវិត ដែល​ជា​ចំណុច​សំខាន់​មួយ​ទៀត​។ នាង​ថា ចង់​ជោគជ័យ​លើ​អ្វី​មួយ ផ្ដើម​ចេញ​ពី​ជោគជ័យ​លើ​ការ​ចាត់ចែង​ជីវិត​មុន​សិន ជម្រះ​ចិត្ត​សៅហ្មង​ឲ្យ​ស្អាត ទើប​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​លទ្ធផល​ល្អ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម