មាន​ហេតុផល​ធំ​ៗច្រើន មាស សុខ​សោភា ប្រកាស​រួមរស់ជាមួយ​ផលិតកម្ម "រាម" ដែល​នៅ​ក្មេង​ខ្ចី

  • 2021-02-20 05:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​យប់​មិញ​នេះ មាស សុខសោភា បាន​ក្លាយ​ជា​តារា​ចម្រៀង​ផលិត "រាម" ផ្លូវ​ការ ដោយ​មាន​ការ​ធ្វើ​ពិធី​ទទួល​ស្វាគមន៍​យ៉ាង​គគ្រឹកគគ្រេង​ផង។ សាមី​ខ្លួន​បាន ប្រាប់​ថា តាម​ពិត​នាង​ហេតុផល​ធំច្រើន​ដែល​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​នាង​ក្នុង​ការ​ចូល​រួម​ជាមួយ​ផលិតកម្ម​ក្មេង​ខ្ចី​ខាងលើ។

អ្នក​ស្រី​អគ្គនាយិកា នួន សុន្ទរី និង​ មាស សុខសោភា

នៅ​មុន​ការ​ប្រកាស​ផ្លូវ​ការ​យប់មិញ មាស សុខ​សោភា ដែល​តែលតោល​ជិត​១​ឆ្នាំ ក្រោយ​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ផលិតកម្ម​ថោន​នោះ ធ្លាប់​មាន​ចចាមអារ៉ាម​ថា នាង​អាច​នឹង​ចូល ហង្សមាស និង Galaxy ប៉ុន្តែ​ក្រោយ​មក សាមី​ខ្លួន​បាន​ឲ្យ​តម្រុយ​ថា​កាល​ពី​ដើម​ខែ​ថា នាង​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​ផលិតកម្ម "រាម" ហើយ។

ការ​សម្រេច​ចិត្ត បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ខណៈ "រាម" មិន​ទាន់​មាន​ឈ្មោះ​នៅ​ក្នុង​ទីផ្សារ​នៅ​ឡើយ។ ចំពោះ​បញ្ហា​នេះ នៅ​ក្នុង​សន្និសីទសារព័ត៌មាន​យប់​មិញ មាស សុខសោភា បញ្ជាក់​​ថា នាង​មាន​ហេតុផល​ច្រើន ចំពោះ​ការ​សម្រេច​ចិត្ត​មួយ​នេះ ក្នុង​នោះ​ហេតុ​ផល​មួយ​​សំខាន់ តារា​ចម្រៀង​ស្រី ប្រាប់​ថា នាង​បាន​រក​ឃើញ​កន្លែង​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​នៃ​សិល្បៈ​ខ្មែរ។

“រាប់​ថា​ជា​រឿង​ចៃដន្យ​ដែរ ពេល​មួយ ខ្ញុំ​បាន​ជួប​បង​អគ្គនាយិកា ហើយ​គាត់​ក៏​បាន​សួរ​ចិត្ត​ពី​ការ​ចូល​រួម​ជាមួយ​គាត់ ក្រោយ​ពី​បាន​ជជែក​គ្នា​យូរ​ទៅ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ភ្លាម ព្រោះ​មិន​ងាយ​បាន​ជួប​អ្នក​ដែល​មាន​ចិត្ត​ដូច​គ្នា ពោល​គឺ ចិត្ត បេះដូង និង​គោលដៅ​តែ​មួយ គឺ​យើង​ស្រឡាញ់​សិល្បៈ​ដូច​គ្នា ធ្វើ​អ្វី​ដើម្បី​សិល្បៈ មិន​ដែល​ចង់​បាន​​អ្វី​ពី​សិល្បៈ​មក​វិញ​ទេ ហើយ​គាត់​ដូច​គ្នា​អីចឹង អីចឹង​ខ្ញុំ​ដូច​អត់​ចាំ​បាច់​គិត​យូរ​ទេ ខ្ញុំ​សម្រេច​ចិត្ត​ភ្លាម តែ ៤-៥ម៉ោង ក្រោយ​ជជែក​ជាមួយ​គាត់"។

ហេតុផល​មួយ​ផ្សេង​ទៀត គឺ​ថា "រាម" ទុក សោភា ដូច​ជា​រាជនី​ម្នាក់ ក្នុង​នោះ​តាម​ការ​បញ្ជាក់​របស់​អគ្គនាយិកា​អ្នក​នាង នួន សុន្ទរី បាន​ឲ្យ​ដឹង​ថា ផលិតកម្ម​ត្រៀម​ទុន​ច្រើន សម្រាប់​ធ្វើ​បទ​ឲ្យ មាស សុខសោភា ដែល​ពេល​នេះ​បាន​ក្លាយ​ជា​តារា​ចម្រៀង​ទី​១​របស់​ផលិតកម្ម។ ជាក់​ស្ដែង ត្រឹម​ថ្ងៃ​ប្រកាស​ស្វាគមន៍​តារា​ចម្រៀង ផលិតកម្ម "រាម" បាន​ធ្វើ​បទ​ពិសេស​មួយ​ឲ្យ សោភា រួច​ហើយ។

បទ​នោះ​មាន​ចំណង​ជើង​ថា "ការ​វិល​ត្រឡប់” ដែល​ក្រុម​ការងារ​ចំណាយ​ទុន​ធំ និង​សម្រិត​សម្រាំង​បំផុត ទើប​ចេញ​វីដេអូ​ចម្រៀង​ផ្លូវ​ការ​ពេញលេញ​យប់​មិញ​នេះ។ ក្រៅ​ពី​នេះ ហេតុផល​ដាច់​​ដោយ​ឡែក​មួយ មាស សុខ​សោភា ក៏​ត្រូវ​បាន​ប្រគល់​តំណែង​ធំ​ដែរ​នៅ​ក្នុង​ផលិតកម្ម​នេះ។ តាម​អគ្គនាយិកា អ្នក​នាង នួន សុន្ទរី សោភា មិន​ត្រឹម​ជា​តារា​ចម្រៀង តែ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ផលិតកម្ម​ដែរ។

តួនាទី​នេះ សោភា នឹង​ផ្ដល់​ប្រឹក្សា​ទៅ​លើ​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ដើម្បី "រាម" ឆ្ពោះ​ទៅ​មុខ​សម្រេច​គោលដៅ​លឿន។ ក្រៅ​ពី​នេះ សោភា ក៏​នឹង​មាន​តួនាទី​ពិនិត្យ​សាច់​ភ្លេង​បទ​ចម្រៀង​នានា​មុន​ចេញ​ដែរ។ នៅ​យប់​មិញ​នេះ ក្រៅ​ពី មាស សុខ​សោភា ក៏​មាន​តារា​ចម្រៀង​ម្នាក់​ទៀត​ គឺ​លោក ដួង វីរៈសិទ្ធិ ក៏​បាន​មក​ចូល​រួម ក្នុង​នោះ​តារាចម្រៀ​ង​ស្រី បាន​ចុះកុងត្រា​ការងារ ១​ឆ្នាំជាមួយ​គ្នា។ ប៉ុន្តែ​ដំណឹង​ចុង​ក្រោយ​ពី​អគ្គនាយិកា បាន​ឲ្យ​ដឹង​ថា សោភា បាន​ប្ដូរ​ចិត្ត ចង់​ចុះ​កុងត្រា​បន្ថែម។ "តាម​មើល​កុងត្រា១​ឆ្នាំ អាច​ទៅ​ជា​កុងត្រា​១​ជីវិត"។ អ្នក​ស្រី នួន សុន្ទរី ហៅ ស្រី​អូន ថ្លែង​ដោយ​សំណើច។

មាស សុខសោភា និង​លោក សេង ហាក់ ជា​នាយកគ្រប់គ្រ

តាម​លោក សេង ហាក់ នាយក​គ្រប់​គ្រង​ផលិតកម្ម "រាម" ឲ្យ​ដឹង​ថា លោក​ត្រូវ​ការ​តារា​ចម្រៀង​បន្ថែម​ទៀត ប៉ុន្តែ​ក៏​មិន​ច្រើន​ពេក​ដែរ។ លោក​ថា ចង់​បាន​កម្រិត​ល្មម សម​ស្រប​តាម​យុទ្ធសាស្ត្រ ដែល​ផលិតកម្ម​មិន​ចង់​បាន​តារា​ចម្រៀង​មក​ច្រើនពេក នាំ​ឲ្យ​​ហួស​ពី​សមត្ថភាព​ផលិត​បទ​ចម្រៀង​ដាក់​ចូល​ទីផ្សារ​នោះ​ទេ។ លោក​ សង្កត់ធ្ងន់​ថា "រាម" មិន​ផលិត​បទ​ចម្រៀង​ច្រើន​ទេ គឺ​ផលិត​មួយ​ៗ តែ​មាន​គុណភាព។

លោក បាន​គូស​បញ្ជាក់​​ថា "រាម" មក​ក្រោយ​គេ មាន​គោលដៅ​វែង​ឆ្ងាយ ប៉ុន្តែ​មិន​មែន​មក​ដើម្បី​ប្រជែង​នឹង​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​នឹង​រួម​គ្នា​ក្នុង​ទិសដៅ​តែ​មួយ​ដើម្បី​លើក​កម្ពស់​សិល្បៈ​ខ្មែរ ឈាន​ជើង​ទៅ​ទីផ្សារ​អន្តរជាតិ។ លោក​ថ្លែង៖ "យើង​មិន​មែន​មក​ដើម្បី​ប្រជែង​គេ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ យើង​រីករាយ​ក្នុង​ការ​សហការ​ណា​មួយ ដើម្បី​ភាព​រីក​ចម្រើន​សិល្បៈ​ខ្មែរ​យើង ឧទាហរណ៍​ថា ផលិតកម្ម​ណា ឬ​ផលិតករ​ណា​ខ្វះ​ទុន ត្រូវ​ការ​ទុន អាច​មក​សហការ​ជាមួយ​យើង​បាន!"។

តាម​អគ្គនាយិកា ផលិតកម្ម "រាម" បាន​ផ្ដល់​មូលនិធិ​គាំទ្រ​ការ​ផលិត​ភាពយន្ត​ដល់​ផលិតករ​៣​រូប​រួច​មក​ហើយ គិត​ត្រឹម​ចុង​ខែ​កុម្ភៈ ២០២១ នេះ៕

ទស្សនា​វីដេអូចម្រៀង​ពិសេស​ ជា​បទ​ទី១​របស់ សោភា ក្នុង​ផលិតកម្ម​ "រាម" ខាង​ក្រោម៖

អត្ថបទ៖ ទារិកា