អេដា ដាក់​មួយ​ឃ្លា​ទៅ​កាន់ មាស សុខសោភា ក្រោយ​ដើរ​ចូល​ផលិតកម្ម"រាម"

  • 2021-02-22 09:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀងOriginal Song អេដា បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល និង​សម្ពន្ធភាព​ស៊ីជម្រៅ​រវាង​នាង និង​តារា​ចម្រៀង មាស​សុខសោភា ដែល​ប្រិយមិត្ត​ខ្លះ​មិន​ដឹង​ទាល់តែ​សោះ​ថា​អ្នក​ទាំង​ពីរ​បាន​រាប់​អាន​គ្នា​ដូច​ជា​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ។ សម្ពន្ធភាព​នេះ ត្រូវ​បាន​អេដា ទម្លាយ​ក្នុង​ឱកាស សោភា សម្រេច​ជ្រើសរើស​យក​ផលិតកម្ម"រាម"​ជា​ទ្រនំ​ថ្មី​របស់​ខ្លួន​ក្រោយ​ដើរ​ចេញ​ពី​ផលិតកម្ម​ថោន​បាន​ជិត​១​ឆ្នាំ។

អេដា និយាយ​តាម​បណ្ដាញ​សង្គមInstagram កាល​ពី​ថ្ងៃ​ម្សិលម្ង៉ៃ​ថា ជូនពរ​ឯង​ជោគជ័យ​ជា​រៀង​រហូត។ អគុណ​ផលិតកម្ម"រាម" ដែល​គាំទ្រ​សិល្បករ-សិល្ប​ការិនី និង​តន្ត្រី៖"អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​នៅ​ពេល​នេះ គឺ​ស្ត្រី​ពិត​ជា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​សេដ្ឋកិច្ច​សម័យ​ថ្មី"។

មាស សុខសោភា ត្រូវ​បាន​ផលិតកម្ម"រាម" រៀបចំ​ពិធី​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​អធិកអធម​បំផុត​កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១។ វត្តមាន​របស់ អេដា និង​អតីត​មិត្ត​រួម​អាជីព​ជា​ច្រើន​ទៀត បាន​បង្ហាញ​ការ​ត្រេកអរ​ជំនួស មាស សុខសោភា ដែល​បាន​ចូល​រួម​ក្នុង​ផលិតកម្ម"រាម" ដោយ​ពួកគេ​បាន​បង្ហោះ​រូប​ថត​ភ្ជាប់​ជាមួយ​សារ​ផ្សេងៗ​ទាក់ទង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ជាប់​ៗ​គ្នា។ ក្នុង​នោះ​គេ​ឃើញ​សារ​មួយ​ពី អេដា គឺ​មាន​ភាព​ស៊ីជម្រៅ និង​មាន​ខ្លឹមសារ​ចំពោះ សោភា។

សូម​រំលឹក​ថា មាស សុខសោភា បាន​សហការ​ឈរ​ឈ្មោះ​ជា​តំណាង​ចែកចាយ​ផលិតផល​បំប៉ន​សុខភាព​ឈ្មោះ"ឃូស៊ី" ដែល​មាន​ស្រី​អូន ជា​ម្ចាស់​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​ផលិតផល​នេះ។ ស្រីអូន ក៏​ជា​អគ្គ​នាយិកា នៃ​ផលិតកម្ម"រាម"​ដែល​តារា​ចម្រៀង មាស សុខសោភា កំពុង​ជ្រកកោន​នេះ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ