អ្នកទិញមុនៗខកចិត្ត ក្រោយម៉ូតូ PCX 160 ឆ្នាំ២០២១ ធ្លាក់ថ្លៃខ្លាំង

  • 2021-02-23 03:41:42
  • ចំនួនមតិ 96 | ចំនួនចែករំលែក 65

ចន្លោះមិនឃើញ

អ្នកទិញម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២១ ដំបូងៗ តាមរយៈហាងឯកជន បានសម្តែងការខកចិត្ត បន្ទាប់ពីតម្លៃម៉ូតូអូតូនេះធ្លាក់ខ្លាំង។

គួររំលឹកឲ្យដឹងដែរថា កាលពីពេលម៉ូតូ PCX 160 ឆ្នាំ២០២១ ចេញដំបូងៗ វាត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ទៅខ្ទង់ ៥ពាន់ដុល្លារក្រាស់ ដោយខ្លះឡើងដល់ ៦ពាន់ដុល្លារក៏មានដែរ។

ដោយឡែក ឥឡូវនេះក្រុមហ៊ុន Honda NCX បាននាំយកម៉ូតូ PCX 160 ឆ្នាំ២០២១ មកលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដោយដាក់លក់វាក្នុងតម្លៃខ្ទង់ ៤ ៧០០ ទៅ ៤ ៨០០ដុល្លារប៉ុណ្ណោះ (ខុសគ្នាតិចតួចអាស្រ័យតាមសាខានិមួយៗ)។ បើប្រៀបធៀបទៅ វាសឹងតែខុសគ្នាខ្ទង់ ១ពាន់ដុល្លារទៅហើយ នៅពេល PCX 160 ចេញលក់ដំបូងៗ ដែលជាហេតុធ្វើឲ្យអ្នកទិញមុនៗខកចិត្តមិនស្ទើរនោះទេ។

ម៉ូតូ PCX ថ្មី បានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។ PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ។

PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ បើនិយាយពីកម្រិតស៊ីសាំងវិញ គឺ ៥៣,៥គីឡូម៉ែត្រ/លីត្រ។ វាក៏មានមុខងារ HSTC torque control system, ហ្វ្រាំង ABS, ហ្វ្រាំងឌីស, កាំមុខ ១៤អ៊ីញ និង កាំក្រោយ ១៣អ៊ីញ៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម