ទើប​ដឹង អ្នកនិពន្ធ​បទ "គ្រប់យ៉ាងព្រោះតែមេ” កំពុង​ល្បី គឺ​មេ​ដែរ​សោះ!

  • 2021-03-01 07:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​”គ្រប់​យ៉ាង​ព្រោះ​តែ​មេ” ​របស់​ផលិតកម្ម Galaxy Navatra​ ដែល​ចេញ​កាល​ពី​ពាក់​កណ្ដាល​ខែ​មុន បាន​ទទួល​​គាំទ្រ​ខ្លាំង​មិន​ធម្មតា ក្នុង​នោះ​មាន​​មាន​ទាំង​រាស្ត្រ មាន​ទាំង​មន្ត្រី ជាក់​ស្ដែង​បទ​នេះ គេ​ឃើញ​ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក៏​បាន​ធ្វើ​ការ​ចែក​ចាយ​បទ​ចម្រៀង​នៅ​លើ​បណ្ដាញ​សង្គម​របស់​ឯកឧត្តម​ផង។

ឥឡូវ​នេះ បទ​នេះ ត្រូវ​បាន​បើក​បង្ហាញ​អ្នក​នៅ​ពី​ក្រោយ​ហើយ ក្រោយ​ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់។ តាម​ព័ត៌មាន អ្នក​និពន្ធ​បទ​នេះ លោក យឹម តាស្រង់ ដែល​ជា​អ្នក​គ្រប់គ្រង​ទូទៅ​ក្នុង​ផលិតកម្ម​នេះ​តែ​​ម្ដង។ រយៈពេល​២០​ឆ្នាំ​នៃ​ការ​ប្រឡូក​ក្នុងវិស័យតែងនិពន្ធបទចម្រៀង យើងសង្កេតឃើញថាលោក យឹម តា​ស្រង់ ហាក់នៅតែមិនស្រកស្រុតទឹកដៃឡើយ និង​នៅ​តែ​ប្រឡូក​ពេញ​ដៃ​ពេញ​ជើង​ក្នុង​ពិភព​ចម្រៀង​ដដែល។

អ្នក​ដឹកនាំ និង​ជា​អ្នក​និពន្ធ​រូប​នេះ គឺ​ជា​បុគ្គល​សំខាន់​បំផុត​ដែល​នៅ​ពី​ក្រោយ ការ​ចេញ​បទ​ចម្រៀង​រាល់​ថ្ងៃ ស្ទើរ​គ្មាន​លស់​ថ្ងៃណា។ ពិសេស​បទ​របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ – ខេម – អ៊ុក សុវណ្ណារី – ធឿន បុរី នឹងតារាស្រីកំពុង​ល្បី​ខ្លំាង តន់ ចន្ទ​សីម៉ា មួយ​ចំនួន ក៏​​សុទ្ធ​តែ​ជា​ស្នាដៃ​និពន្ធ​របស់លោក យឹម តាស្រង់ មួយ​ចំណែក​ធំ​ដែរ។

និយាយ​ពី​បទ "គ្រប់​យ៉ាង​ព្រោះ​តែ​មេ" ដែល​ច្រៀង​ឆ្លើយឆ្លង​គ្នា​រវាង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា សម្រាប់​អបអរ​​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ អ្នក​និពន្ធ​រូប​នេះ បង្ហើប​ថា ដក​ស្រង់​ពី​សភាព​ពិត​ដែល​លោក​មើល​ឃើញ​ក្នុង​រង្វង់​ការងារ ពិសេស​គឺ​ក្រុម​ការងារ​របស់​លោក​តែ​ម្ដង។ លោក​ថា ជា​រឿយ​ៗ គឺ​លោក​បាន​ជួប និង​ដឹង​ពី​រឿង​នេះ​ដោយ​ខ្លួន​ឯង ឬ​ក៏​មិត្តភ័ក្តិ​ផ្សេង​ទៀត។ ដូច្នេះ​ហើយ ទើប​លោក​រៀប​ចំ​ធ្វើ​វា​ចេញ​ជា​បទ​ចម្រៀង​តែ​ម្ដង។

ក្រោយ​ពី​ចេញ​បាន​តែ​១​ថ្ងៃ​បទ​របស់ សីម៉ា និង ព្រាប សុវត្ថិ មួយ​នេះ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។ កាន់​តែ​ពិសេស ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក៏​បាន​យក​ទៅ​ស៊ែរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ឯកឧត្តម ដោយ​ផ្ញើ​ទៅ​មន្ត្រី​របស់​លោក ដែល​ឧស្សាហ​ប្រើ​ស្នៀត​នេះ​ដើម្បី​ដោះ​ទាល់​នោះ។ ភ្លាម​ៗ គេ​ឃើញ​ប្រិយមិត្ត រួម​ទាំង​មន្ត្រី​របស់​ឯកឧត្តម រដ្ឋមន្ត្រី​ខ្លះ​ផង បាន​ចូល​ទៅ​សរសេរ​សារ​ក្នុង​ន័យ អស់​សំណើច និង​ហួស​ចិត្ត។

មក​ទល់​បច្ចុប្បន្ន​បទ "គ្រប់​យ៉ាង​ព្រោះ​តែ​មេ" មាន​ចំនួន​អ្នក​ចូល​ទស្សនា ជិត ៣លាន​ដង​ហើយ។ តោះ ទស្សនា និង​ស្ដាប់​បទ​នេះ​ទំាង​អស់​គ្នា​ទៀត៖

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម