តាមពិតនេះ ហេតុផលធ្វើឱ្យ Google Chrome ស៊ី RAM មិនសំចៃដៃ

  • 2021-03-03 01:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Chrome ជាកម្មវិធីរុករកលើអ៊ីនធឺណិតដ៏ពេញនិយមមួយ ក្រៅពី Mozilla, Edge, Opera និង Safari ប៉ុន្ដែចម្ងល់ដែលធ្វើឱ្យអ្នកប្រើវាឆ្ងល់មិនឈប់នោះគឺថា ហេតុអ្វីក៏កម្មវិធីមួយនេះប្រើប្រាស់ថាមពល RAM លើសពី Browser ដទៃៗច្រើនម្លេះ?

មូលហេតុចម្បងដែលធ្វើឱ្យ Google Chrome ស៊ី RAM មិនសំចៃដៃគឺថា រាល់ពេលអ្នកបើក Tab ថ្មីជាច្រើន Chrome តែងផ្ទុកនូវ plugin និង extension នៅលើដំណើរការ RAM ជានិច្ចដាច់ដោយឡែកពីគ្នា។ មានន័យថាពេលអ្នកបើកគេហទំព័រ Facebook ចំនួន៥ Tab នោះ Chrome នឹងប្រើ plugin និង extension ៥ដាច់ៗដោយឡែកពីគ្នា។ បច្ចេកទេសប្រើ RAM បែបនេះគឺធ្វើឱ្យ Chome ដំណើរការលឿន និងមានស្ថិរភាព ពិសេសពេលអ្នកប្ដូរពី Tab មួយទៅកាន់ Tab មួយទៀត។ បច្ចេកទេសនេះទៀតសោត បើមាន Tab ណាមួយគាំង plugin ឬ extension នោះវានឹងផ្អាកដំណើរការតែ ១Tab មិនប៉ះពាល់ដល់ ៤Tab ដទៃនោះទេ។

ជាមួយគ្នាផងដែរ បើសិនជាកម្មវិធី Chrome របស់អ្នកដំឡើង extensions ច្រើន វានឹងចំណាយ RAM កាន់តែច្រើនដូចគ្នាផងដែរ។ ឧទាហរណ៍ថា អ្នកមាន extensions ជាច្រើនលើ Chrome ដូចជា extensions សម្រាប់ Download ឯកសារ, extensions សម្រាប់បកប្រែដោយស្វ័យប្រវត្តិ, extensions ត្រួតពិនិត្យវេយ្យាករណ៍ ឬសម្រាប់បិទផ្ទាំងពាណិជ្ជកម្ម នោះ extensions ទាំងអស់នឹងត្រូវដំណើរការលើ Tab ថ្មីៗ ដែលអ្នកបានបើកបន្ថែមគ្រប់ពេល។

មួយវិញទៀតចំពោះមុខងារ Pre-rendering នៅលើ Chrome ក៏ជាហេតុផលទាញយក RAM ច្រើនផងដែរ។ មុខងារនេះប្រើសម្រាប់ទាញយក webpage ដោយស្វ័យប្រវត្តិ មុនពេលអ្នកស្វែងរកក្នុងប្រអប់ Search។ មានន័យថា នៅពេលអ្នកកំពុងវាយ facebook.com ក្នុងប្រអប់ស្វែងរក Chrome បានទាញយក webpage facebook ជាមុនបណ្ដើរៗរួចបាត់ទៅហើយ ដែលនេះនឹងធ្វើឱ្យអ្នកយល់ថា Chrome ដំណើរការលឿនជាកម្មវិធីដទៃ ប៉ុន្ដែវាក៏ស៊ី RAM ច្រើនផងដែរ។

បើទោះបីជា Chrome ប្រើប្រាស់ RAM ច្រើនក៏ពិតមែន ប៉ុន្ដែវាក៏អាស្រ័យទៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកផងដែរ បើសិនជាម៉ាស៊ីនមាន RAM តិច នោះ Chrome នឹងកាត់បន្ថយដំណើរការទៅតាមនោះផងដែរ។ Chrome នឹងនឹងមិនប្រើថាមពល RAM ចំពោះគ្រប់ Tab នោះទេ គឺវាប្រើ RAM ទៅលើ Tab ណាមួយដែលអ្នកកំពុងប្រើតែប៉ុណ្ណោះ។

សរុបមក Google Chrome មានភាគរយប្រើប្រាស់ថាមពល RAM ច្រើនជាងកម្មវិធីដទៃគួរឱ្យកត់សម្គាល់ ប៉ុន្ដែអ្នកប្រើជាច្រើនពិតជាប្រកែកមិនបាននោះទេ ពីភាពងាយស្រួលរបស់កម្មវិធីមួយនេះ ចំពោះបទពិសោធន៍ប្រើប្រាស់ប្រចាំថ្ងៃ៕

ចុចអានបន្ថែម៖

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម