ក្រុមហ៊ុនទេសចរណ៍ ៣០០០ កន្លែងបិទទ្វារ និង ៧០០ កន្លែងទៀតកំពុងត្រដរខ្យល់

  • 2021-03-06 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគមទេសចរណ៍កម្ពុជាហៅកាត់ថា CATA បានរៀបចំដំណើរទស្សនកិច្ចសិក្សា មួយទៅកាន់រមណីយដ្ឋាន V-KIRIRUM ។ ទស្សនកិច្ច ទេសចរណ៍នេះ ធ្វើឡើងខណៈវិស័យទេសចរណ៍កំពុងដាំក្បាលចុះ ដោយមានក្រុមហ៊ុនទេសចរណ៍ ៣០០០ កន្លែងបិទទ្វារ និង ៧០០ កន្លែងទៀតកំពុងត្រដរខ្យល់។ ដូច្នេះហើយដំណើរទស្សនកិច្ចនេះធ្វើក្នុងគោលបំណងឲ្យការីទេសចរណ៍បានសិក្សាឈ្វេងយល់ឡើងវិញសាជាថ្មី អំពីផលិតផលទេសចរណ៍ ដើម្បីធ្វើបច្ចុប្បន្នភាព និងបង្កើតផលិតផលថ្មី ក្នុងការបម្រើសេវាដល់ភ្ញៀវទេសចរណ៍បន្ទាប់ពីវិស័យដ៏សំខាន់មួយនេះ ស្ងាត់សកម្មភាពមួយរយៈធំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ម្យ៉ាងទៀតប្រតិបត្តិការនេះធ្វើឡើងស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍ ដែលចង់ឲ្យវិស័យទេសចរណ៍នៅតែបន្តមានសកម្មភាព បើទោះបីស្ថានភាពមានលក្ខណៈយ៉ាប់យ៉ឺនក៏ដោយ ដើម្បីទ្រាំឲ្យដល់ពេលប្រសើរឡើងវិញ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) «ការរីករាលដាលនៃជំងឺកូវីដហ្នឹងមានរយៈពេលមួយឆ្នាំទៅហើយ ទីភ្នាក់ងារទេសចរណ៍មួួចំនួនធំក៏មិនដឹងថា សេវាកម្មអ្វីខ្លះដែល នឹងអាចបង្កើតឡើង សេវាកម្មណាខ្លះដែលបានបាត់បង់ទៅ អ៊ីចឹង ជានិច្ចកាលយើងតែធ្វើឡើងដើម្បីឲ្យពួកគាត់ធ្វើការ update (ធ្វើបច្ចុប្បន្នភាព) សាឡើងវិញថា សេវាកម្មអ្វីខ្លះដែលនៅសេសសល់ ខ្សែទស្សកិច្ចបែបណាដែលគួរតែ រចនាឡើងបន្ថែម ឲ្យសមស្របទៅនឹងបរិបទកូវី (-១៩) ដែលកំពុងវាយលុកពិភព ជាពិសេសកម្ពុជាយើង។ តាំងពីកូវីដ-១៩​ រីករាលដាលខ្លាំង វិស័យទេសចរណ៍មានការធ្លាក់ចុះយ៉ាងគំហុក អ៊ីចឹងហើយ អ្វីដែលយើងអាចធ្វើបាន គឺជំរុញទេសចរណ៍ក្នុងស្រុក»។

ទិដ្ឋភាពឆ្នេរកោះរ៉ុងនៃខេត្តព្រះសីហនុមើលពីលើអាកាសដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយរបស់កម្ពុជាក្លាយជាស្ងាត់សឹងតែគ្មានភ្ញៀវទៅលេងកាលពីចុងខែកុម្ភៈ២០២១កន្លង

ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ វិស័យទេសចរណ៍គឺជាផ្នែកមួយដែលរងគ្រោះខ្លាំងជាងគេ។ ការីទេសចរណ៍ម្នាក់ៗបានត្អូញត្អែរពីការលំបាករបស់ខ្លួនក្នុងការទ្រាំឈរជើងថា ប្រុងនឹងរលំ ឯខ្លះទៀតបានទុកផ្នែកទេសចរណ៍ចោល ហើយទៅរករបរថ្មីធ្វើសិន មានខ្លះទៅលក់អចលនទ្រព្យ ខ្លះលក់ម្ហូបអាហារជាដើម។

លោកស្រី ឆាយ ស៊ីវលីន «ប្រទេសកម្ពុជាំយើងទទួលកម្រៃពីទេសចរណ៍នេះច្រើនគួរសម ប៉ុន្តែក្នុងរយៈពេលជាងមួយឆ្នាំនៃការរីករាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនទេសចរណ៍ជាច្រើនបានបិទទ្វា។ ហើយចំនួនដែលបិទនោះមាន ៣០០០ កន្លែង។ ក្រោយពីការជំរុញពីក្រសួងទេសចរណ៍ ដែលជំរុញលើផ្នែកទេសចរណ៍ក្នុងស្រុក ឲ្យកើតឡើង តាមរយៈឲ្យការីទេសចរណ៍តាក់តែងជាកញ្ចប់សេវាកម្ម បម្រើភ្ញៀវក្នុស្រុក យើមលឃើញថា ក្រុមហ៊ុនខ្លះបានខំព្យាយាមងើបឡើងវិញ។ ចំនួនដែលងើបឡើងវិញនោះមាន ៧០០ កន្លែង ប៉ុន្តែក៏មានព្រឹត្តិការណ៍ផ្ទុះការរីករាលដាល់ម្ដង ពីរកន្លងមកនេះ ក៏មានបិទទ្វារទៅវិញខ្លះៗ»។

គួរបន្ថែមផងដែរថា ដំណើរទស្សនកិច្ចសិក្សារបស់ការីទេសចរណ៍ទៅកាន់រមណីយដ្ឋានវី-គិរីរម្យ នាថ្ងៃទី ២១-២២ កុម្ភៈ ២០២១ នេះ មានការីទេសចរណ៍ចូលរួមចំនួន ២៥ នាក់ និងបានធ្វើដំណើរទៅកាន់ទីកន្លែងសំខាន់នានានៅជុំវិញដូចជាទំនប់វារីអគ្គិសនីគិរីរម្យ និងស្រះស្រង់ ដោយធ្វើដំណើរថ្មើរជើងសរុបចម្ងាយជាងដប់គីឡូម៉ែត្រ។ ជាលទ្ធផលការីនីមួយបានប្ដេជ្ញាថា នឹងបង្កើតឲ្យមានផលិតផលទេសចរណ៍ចម្រុះបែបយ៉ាង និងបន្តតស៊ូបម្រើក្នុងវិស័យនេះទៅមុខទៀត៕

អត្ថបទ៖ ឈិន ធារ៉ាត់