លើក​នេះ​ស្ទីល​ជប៉ុនហ្មង! បាត់មុខ ធឿន បុរី រាប់​ខែ ឥឡូវ​មក​វិញ​ ជិត​កំលោះ​បាត់​ហើយ

  • 2021-03-06 05:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ច្រើន​ខែ​ណាស់​មក​ហើយ កុមារា ធឿន បុរី ដែល​ធ្លាប់​តែ​បំពេរ​អារម្មណ៍​ប្រិយមិត្ត​តាម​រយៈ​សំនៀង​ដ៏​ក្រអួន​ក្រអៅ​នោះ បាន​​បាត់​មុខ​បាត់​សំឡេង​ឈឹង ឥឡូវ​ថ្ងៃ​នេះ​មក​វិញ ប្រែ​រូបរាង​ស្ទើរ​ពេញ​កំលោះ​ទៅហើយ ហើយ​អ្វី​ដែល​សំខាន់ មក​លើក​នេះ ស្ទីល​ប្លែក​អស់​ទាស់​ទៀត។

ជាមួយ​នឹង​ការ​បាត់​មុខ​មួយ​រយៈ​កន្លង​មក ប្រិយមិត្ត​ជា​ច្រើន​បាន​ចោទ​ជា​សំណួរ​អំពី​ដំណឹង​របស់ ធឿន បុរី ចង់​​ដឹង​ពី​មូលហេតុ​បាត់​មុខ។ ក្រោយ​មក​លោក យឹម តាស្រង់ បាន​ចេញ​មុខ​ឆ្លើយ​តប​ទៅ​នឹង​ចម្ងល់​ប្រិយមិត្ត​ទាំង​ឡាយ​ថា មូលហេតុ​ដែល ធឿន បុរី បាត់​មុខ និង​មិន​មាន​បទ​​ចេញ គឺ​ដោយ​សារ​តែ បុរី បាន​វិវត្ត​វ័យ​កាន់​តែ​ជិត​ពេញ​រូប​ពេញ​រាង។

សំខាន់​ជាង​នោះ បុរី បាន​ប្រែ​ប្រួល​ទាំង​សំឡេង​ថែម​ទៀត។ បញ្ហា​នេះ ជា​ហេតុ​ឲ្យ​តារា​ចម្រៀង​តូច មិន​អាច​ច្រៀង​ឆ្លើយ​ឆ្លង​ជាមួយ អ៊ុក សុវណ្ណារី បាន​ទៀត ដោយ​សារ​ទឹក​ដម​សំឡេង​លែង​សូវ​ស៊ី​គ្នា​ដូច​មុន។ ដូច្នេះ​ហើយ ខណៈ​ពេល​ផលិតកម្ម​សម្រុក​ចេញ​បទ​ឲ្យ ព្រាប សុវត្ថិ សីម៉ា និង​ខេម​នោះ បុរី ក៏​ត្រូវ​នៅ​ទុក​ឲ្យ​នៅ​ស្ងៀម​សិន។

ប៉ុន្តែ​ឥឡូវ​នេះ ក្រោយ​រៀម​ច្បង​អុកឡុក​ទីផ្សារ​អស់​ចិត្ត ផលិតកម្ម​ក៏​ងាក​មក​គិត​ពី បុរី ម្ដង។ ដូច្នេះ​ហើយ​​នៅ​ថ្ងៃ​នេះ គឺ​ឃើញ​តារា​ចម្រៀង​តូច បាន​ចេញ​បទ​ថ្មី​របស់​ខ្លួន​នៅ​ព្រឹក​នេះ​ជា​ថ្មី បន្ទាប់​ពី​ម្សិលមិញ គេ​ឃើញ Galaxy បាន​ឲ្យ​តម្រុយ​ពី​លើ​រឿង​នេះ​ថា ធឿន បុរី ត្រឡប់​​វិញ​នៅ​ថ្ងៃ​នេះ​ហើយ។ បទ​ថ្មី​របស់ បុរី ពេល​នេះ មាន​ចំណង​ជើង​ថា "ចូល​ចិត្ត​ជប៉ុន" មាន​ស្ទីល​ប្លែក​ស្ទើរ ១៨០ ដឺក្រេ។

"ចូល​ចិត្ត​ជប៉ុន" របស់ ធឿន បុរី មាន​ន័យ​យ៉ាង​ណា រៀបរាប់​ពី​អ្វី​ខ្លះ? តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា