បុរសផ្ទុកកូវីដ១៩ នៅកំពង់ចាម ធ្លាប់ធ្វើដំណើរទៅកន្លែង​ជាច្រើន និងជួប​​មនុស្សច្រើននាក់

  • 2021-03-08 06:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីវិជ្ជមានកូវិដ១៩ ថ្មី មានចំនួន ២៤ នាក់ សុទ្ធអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង មានករណីជាសៈស្បើយចំនួន ៧ នាក់ ។

ដោយឡែក ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ទាំង២៤នាក់ មានបុរសម្នាក់នៅខេត្តកំពង់ចាម ដែលតេស្តសំណាករបស់គាត់ត្រូវបានធ្វើតេស្ត និងរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០២១។ បុរសរូបនេះ មានឈ្មោះ ម៉ី ស៊ីថាន អាយុ ២៧ឆ្នាំ រស់នៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ធ្វើការជាគ្រូបង្រៀនម៉ាស្សា នៅសណ្ឋាគារសីញជីងថៃ នៅកែងLV ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បុរសខាងលើ មានប្រវត្តិជាប់ពាក់ព័ន្ធមនុស្សជាច្រើននាក់ និងទីតាំងច្រើនកន្លែង ដែលរួមមាន ៖

  • នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ បានធ្វើដំណើរពីខេត្តព្រះសីហនុ តាមរយៈរថយន្តឈ្នួល (នៅជិតផ្សារពាណិជ្ជកម្ម ពេទ្យព្រៃចេក) មករាជធានីភ្នំពេញ។

  • នៅម៉ោង០៧៖៣០យប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានមកដល់និងចុះនៅមុខ មន្ទីរពេទ្យកាល់ម៉ែត្រ ហើយបានទៅសួរសុខទុក្ខក្មួយប្រុសដែលសំរាកព្យាបាលជំងឺនៅអាគារ បេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត។

  • នៅយប់ថ្ងៃដដែលបុរសនេះ បានទៅស្នាក់នៅជាមួយបងស្រី (នៅបន្ទប់ជួល នៅ ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ នៅម៉ោង៧.០០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បរុសម្នាក់នេះ បានបន្ត ដំណើរពីស្ទឹងមានជ័យ ទៅមុខវត្តគៀនឃ្លាំង ជ្រោយចង្វារ និងបានបន្តដំណើរតាមរថយន្តឈ្នួល មកខេត្តកំពង់ចាម ដោយបានឈប់នៅស្តុបផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរនិងបានបន្តដំណើរតាមម៉ូតូឌុប បន្តរហូតដល់ផ្ទះនៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ ចាម វេលាម៉ោង ១២ថ្ងៃត្រង់។

  • នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ និងប្អូនប្រុស បានជិះម៉ូតូទៅ ផ្សារព្រៃទទឹង និងបានដើរផ្សារទិញត្រី និងគ្រឿងធ្វើម្ហូប ប្រហែល៣០នាទី មុនត្រឡប់ទៅផ្ទះវិញ។

  • នៅពេលទៅសុខទុក្ខក្មួយប្រុស បានជួបជាមួយស្ត្រី០២នាក់ កំពុងកំដរអ្នកជំងឺ ក្នុងនោះ ១នាក់ រស់នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុស្សខ្នុរ ស្រុកចំការលើ និង១នាក់ទៀត រស់នៅភូមិ អូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (ធ្វើការនៅរោងចក្រកាត់ដេរ ឌីមហាន់ នៅស្ទឹងមានជ័យ) តែតាំងពីបានជួបបុរសម្នាក់នេះមក គាត់មិនទាន់បានទៅធ្វើការវិញទេ ព្រោះ សុំច្បាប់ជាប់រវល់កំដរក្មួយឈឺ។

  • នៅយប់សម្រាកនៅស្ទឹងមានជ័យ បានជួបជាមួយបងស្រី១នាក់ និងអ្នកជួលបន្ទប់ នៅជិតបន្ទប់ (មិនស្គាល់ឈ្មោះ)។

  • អ្នករត់ PassApp (មិនស្គាល់ឈ្មោះអ្នកបើកបរ)។

  • អ្នករួមដំណើរតាមរថយន្តឈ្នួលពីភ្នំពេញ មកកំពង់ចាម។

  • មកដល់ផ្ទះ ជួបជាមួយក្រុមគ្រួសារ (ឪពុក, ម្តាយ ក្មួយស្រី ២នាក់, ក្មួយប្រុស) , បងថ្លៃប្រុស, បងស្រី , ប្អូនប្រុស, អ្នកផ្ញើម៉ូតូ នៅផ្សារព្រៃទទឹង និងអ្នកលក់ត្រី និងម្ហូបនៅផ្សារព្រៃទទឹង។

ដោយបុរសខាងលើមានជាប់ពាក់ព័ន្ធជាមួយមនុស្សច្រើននាក់ និងទីតាំងច្រើនកន្លែង រដ្ឋបាលខេត្តកំពង់ចាម បានបន្តធ្វើការស្រាវជ្រាវ និងនាំយកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងអ្នកមានហានិភ័យខ្ពស់មកចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដើម្បីបន្តតាមដានសុខភាព និងយកសំណាកពិនិត្យ ៕

អត្ថបទ ៖ Art