លេច​ដំណឹង យឹម តាស្រង់ គ្រោង​លេង​ធំ​ក្នុង​មុខ​ជំនួញ​ពុះ​ដីឡូតិ៍​លក់​ដូច​ថៅកែ Galaxy Navatra

  • 2021-03-24 03:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក យឹម តាស្រង់ ដែល​បាន​វិវត្ត​ខ្លួន​ពី​អ្នក​និពន្ធ​មួយ​រូប មក​ជា​អ្នក​ដឹកនាំ និង​គ្រប់​គ្រង​ផលិតកម្ម​ធំ​មួយ​នោះ ឥឡូវ​មាន​តម្រុយ​មក​ទៀត​ថា អ្នក​ខេត្ត​ក្រចេះ​រូប​នេះ ទំនង​ជា​ហក់​ចូល​ក្នុង​វិស័យ​ជំនួញ​ដី​ធ្លី​ថែម​ទៀត ក្រោយ​ពី​បាន​ដើរ​តាម និង​នៅ​ក្បែរ​អ្នក​ជំនួញ​អចលនទ្រព្យ​វ័យ​ក្មេង​កំពុង​ល្បី​ឈ្មោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

ដំណឹង​នេះ បាន​ធ្លាយ​ចេញ​ពី​មន្ត្រី​បម្រើ​ការ​នៅ​មន្ទីរ​សុរិយោដី​ម្នាក់។ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក យឹម តាស្រង់ បាន និង​កំពុង​ពឹង​ពរ​មន្ត្រី​របស់​មន្ទីរ​នេះ​ជួយ​រត់​ការ​ផ្នែក​ច្បាប់​ដើម្បី​ឲ្យ​គម្រោង​ដីឡូតិ៍​របស់​លោក​អាច​ចេញ​លក់​បាន​ឆាប់ ក្នុង​នោះ​អ្វី​ៗ​បាន​ស្ទើរ​តែ​ស្រេច​បាច់​អស់​ហើយ ហើយ​បច្ចុប្បន្ន​កំពុង​ដំណើរ​ពុះ​ចែក​ឡូតិ៍​នៅ​ក្នុង​គម្រោង​នេះ ហើយ​ទំនង​អ្វី​ៗ​មិន​បន្លាយ​ពេល​យូរ​ទៀត​នោះ​ទេ។

តាម​ប្រភព​ដដែល គម្រោង​ដី​ដែល យឹម តាស្រង់ គ្រោង​នឹង​ធ្វើ​វា​ជា​ឡូតិ៍​សម្រាប់​ដាក់​លក់​នោះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​​លេខ ក្នុង​ភូមិ​សាស្ត្រ​ទឹក​សង្កាត់​ចោមចៅ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ និង​មាន​អំណោយ​ផល​ល្អ​សម្រាប់​អតិថិជន​ដែល​ចង់​បាន​ដី​មិន​ឆ្ងាយ​ពី​រាជធានី​ពេក។ មិន​មាន​ទំហំ​ជាក់លាក់​នៃ​ដី​មួយ​កន្លែង​នោះ​ទេ ប៉ុន្តែ​ប្រភព​បញ្ជាក់​ថា ប្រសិន​បើ​ពុះ​ចេញ​គម្រោង​ឡូតិ៍ គឺ​បាន​ខ្ទង់​ជិត ១០០ឡូតិ៍​ដែរ។

ជុំវិញ​បញ្ហា​នេះ លោក យឹម តាស្រង់ បាន​ផ្ទុះ​សំណើច ក្រោយ​ទទួល​បាន​សំណួរ​។ លោក​ថ្លែង​ថា "យី...បាន​ព័ត៌មាន​នេះ ពី​ណា​មក ខ្ញុំ​គ្រាន់​ជា​អ្នក​និពន្ធ អាច​ត្រឹម​ធ្វើ​បទ​ចម្រៀង​ទេ(សើច!)”។ អ្នក​ដឹកនាំ​ផលិតកម្ម​រូប​នេះ បាន​ព្យាយាម​ឆ្លើយ​ពង្វាង​ចំពោះ​សំណួរ​ដែល​ចោទ​សួរ​ថា ព័ត៌មាន​នេះ​ពិត ឬ​មិន​ពិត។ ប៉ុន្តែ​លោក​ព្រលយ​ថា ការ​វិនិយោគ​លើ​អចលនទ្រព្យ គឺ​ជា​ជំនួញ​ពេញ​និយម​មួយ​ក្នុង​ពេល​នេះ និង​ក្នុង​ពេល​អនាគត រួម​ជាមួយ​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា។

លោក​បន្ត​ថា នៅ​ជិត​ជាមួយ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុន្មាន​ឆ្នាំ​លោក​បាន​មើល​ឃើញ​ពី​សក្ដានុពល​ល្អ​នៃ​វិស័យ​នេះ ហើយ​លោក​ក៏​ស្រឡាញ់​ដែរ ប៉ុន្តែ​ថា ទំនង​មិន​អាច​ទៅ​រួច​ទេ ព្រោះ​ថា វា​ត្រូវ​ការ​ទុន​ធំ​ណាស់។ "បើ​និយាយ​ថា ស្រឡាញ់​អត់ គឺ​ស្រឡាញ់...ប៉ុន្តែ​ទៅ​ម៉េច​រួច វា​ត្រូវ​ការ​ទុន​ច្រើន​ណាស់!”។

យឹម តាស្រង់ បាន​មក​ចូល​រួម​ជាមួយ​ផលិតកម្ម Galaxy Navatra អស់​រយៈ​ពេល​ប្រមាណ ៣​ឆ្នាំ​មក​ហើយ ហើយ​ក្នុង​វេលា​នេះ គេ​មើល​ឃើញ​ថា លោក​ទទួល​បាន​ការ​ទុក​ចិត្ត​ទុក​ថ្លើម​ពី​អ្នក​ឧកញ៉ា ដោយ​សារ​តែ​លោក​មាន​ស្នាដៃ​ល្អ ដឹកនាំ​ផលិតកម្ម​មាន​វ័យ​ក្មេង​ខ្ចី​មួយ​នេះ ដំណើរ​ការ​ល្អ និង​មាន​ការ​ទទួល​ស្គាល់​លើ​ទីផ្សារ ​រហូត​មក​ដល់​ពេល​នេះ Galaxy Navatra ក្លាយ​ជា​ផលិតកម្ម​ធំ​មួយ​ក្នុង​រយៈ​ពេល​ខ្លី ដោយ​ប្រមូល​ផ្ដុំ​សុទ្ធ​កំពូល​តារា ព្រាប សុវត្ថិ តន់ ច័ន្ទសីម៉ា ខេម ថែម​ទៀត។

រូបភាព៖ ហ្វេសប៊ុក តាស្រង់!

ទំនាក់ទំនង​ល្អ​មួយ​នេះ គេ​ការ​ប៉ាន់​ប្រមាណ​ថា លោក​ទំនង​អាច​ទទួល​បាន​ការ​ណែនាំ​បង្ហាញ​ផ្លូវ​ដោយ​មេ​កើយ​របស់​ខ្លួន គឺ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​អភិជន​មាន​ចិត្ត​ធំ ដៃ​ទូលាយ​មួយ​រូប ក្នុង​ការ​ជំរុញ​ឲ្យ យឹម តាស្រង់ វិវត្ត​ខ្លួន​ថែម​មួយ​កម្រិត​ទៀត ទៅ​ជា​ពាណិជ្ជករ។ ដូច្នេះ​ហើយ បើ​ទោះ​ជា តាស្រង់ មិន​ទាន់​ទទួល​ស្គាល់ ប៉ុន្តែ​បើ​តាម​ប្រភព​នោះ​ខាង​លើ អ្វី​ៗ​អាច​នឹង​ចេញ​លទ្ធផល​ខ្ទង់​មិន​ដល់ ១ខែ​ទៀត​នោះ​ទេ។

បន្ថែម​ពី​លើ​នេះ តាម​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​មួយ​ទៀត អាជីវកម្ម​ថ្មី​សន្លាង​មួយ​របស់ Galaxy Group គឺ​អាជីវកម្ម​គ្រឿង​សម្អាង​យីហោ GSM ដែល​លេច​ឡើង​លើ​វីដេអូ​ចម្រៀង​នានា​របស់ Galaxy Navatra ជំនួស​ឲ្យ​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា នោះ ក៏​មាន​ដំណឹង​ថា តាស្រង់ ក៏​មាន​ភាគ​ហ៊ុន​ខ្លះ​ក្នុង​នោះ​ដែរ៕

អត្ថបទ៖ ទារិកា