Youngjae ថា GOT7 ឈ្លោះគ្នាឆ្អែតឆ្អន់ហើយ ទើបកាន់តែស្រឡាញ់គ្នាស្និទ្ធដូចសព្វថ្ងៃនេះ

  • 2021-03-25 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេលផ្ដល់បទសម្ភាសជាមួយ​នឹង​ Elle Korea ថ្មីៗ Youngjae (GOT7) បាន​លើកឡើងពីពេលដែលក្រុម​ទាំងអស់នៅជុំគ្នា ហើយពេលខ្លះឈាន​ដល់ឈ្លោះទាស់ទែងគ្នាទៀត ប៉ុន្តែប្រការនេះកាន់តែរឹតបន្តឹងចំណងមិត្តភាព​ខ្លាំងឡើង។

Younjae ថា​សម្ព័ន្ធភាពរបស់ GOT7 ពិតជា​ចុះសម្រុងគ្នាណាស់ គ្រាន់តែកាលពីមុន ពួកគេ​ពិតជា​ធ្លាប់ឈ្លោះគ្នាមែន៖ «ពួកយើងឈ្លោះគ្នាឆ្អែតគ្រប់គ្រាន់ហើយ ដូចនេះ​យើងកាន់តែស្គាល់គ្នា​ច្បាស់ពេល​នេះ។ កាលពីពួកយើងនៅ​ក្មេង​ ការគិតរបស់យើងខុសៗគ្នា។ ក្នុងក្រុម​ក៏មាន​ទាំងសមាជិកបរទេស ហេតុនេះវប្បធម៌នៃការរស់នៅ​ក៏ប្លែកពីគ្នា​ដែរ។ អ៊ីចឹងយើងឧស្សាហ៍ទាស់សម្ដីគ្នា ប៉ុន្តែពេល​នេះយើងចាស់ទុំច្រើនហើយ និងយល់ច្រើនថាអ្វីគួរធ្វើ ដូចថា “អូហ៍! បើខ្ញុំធ្វើបែបនេះ គាត់អត់ចូលចិត្តទេ»

រម្លឹកទៅកាលចូលសិល្បៈដំបូង​ Youngjae និង Jinyoung ធ្លាប់ឈ្លោះគ្នានៅមុខបន្ទប់ទឹក ពេល​ទៅសម្ដែងកម្មវិធី Music Bank ហើយដល់ថ្នាក់ចាប់ក្របួច កអាវគ្នាទៀតផង។

មិនត្រឹម​តែ Youngjae និង Jinyoung ទេ សូម្បី​សមាជិក​ផ្សេងទៀត​ក៏ដូចគ្នា មានន័យ​ថាឈ្លោះគ្នាតាំងពីរឿងតូចតាចឡើង។ ជាឧទាហរណ៍ Jackson និង Jay B ធ្លាប់​ឈ្លោះគ្នា ក្ដៅស្លឹកត្រចៀក ដោយសាររឿងញ៉ាំមាន់ទៀត។

សរុបមកវិញ នៅទីបំផុតរាល់ជម្លោះដែល​កើត​មាន បាន​នាំឲ្យសមាជិកកាន់តែស្និទ្ធ​នឹង​គ្នា ហើយពេល​រម្លឹកទៅកាលពីមុន ពួកគេតែងនឹកហួសចិត្ត អសើសំណើចនឹងរឿងទាំងនោះដូចគ្នា៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម