ហេតុផល​ចាក់​ដោត ៥ បង្ខំចិត្តអ្នកប្រើព្រម​ដាំ​ខ្ទឹម​ជាមួយ iPhone ចាស់ៗមិន​ងាយ​ឡើង​ស៊េរី

  • 2021-03-26 02:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិត បើទោះ​ជា​មិនទាន់​សម្រេច​ចិត្ត​ប្តូរ​ទូរសព្ទ​ថ្មី ក៏​ប៉ុន្តែ​​ជារៀងរាល់​ឆ្នាំ​មាន​មនុស្ស​ជា​ច្រើន​ដែល​ តែងតែ​រង់ចាំ​ទស្សនា​ការ​បង្ហាញ​ខ្លួន iPhone ជំនាន់​ថ្មី​​សឹង​តែ​ថា​មិន​ដែឡ​លោះ។ យ៉ាង​ណា​មិញ មិន​ប្រាកដ​ថា​ពួក​គេ​​ព្រម​ចំណាយ​លុយ​ទាំង​ពាន់​ៗ​ដុល្លារ​ដំឡើង​សេរ៊ី​ថ្មី​ដែរ។ ខាង​ក្រោម​​នេះ​ជា​ហេតុផល​ទាំង ៥ ចំណុច​ដែល​ម្ចាស់​ iPhone ភាគច្រើន​មិន​សូវ​អើពើ​ជាមួយ​ការ​អាប់ឌែត​ឡើង​ម៉ូឌែល​ថ្មី​ដូច​រៀប​រាប់​៖

៥. តម្លៃ

ចំណុច​រសើប​ពី​ប្រធានបទ "តម្លៃ" របស់ iPhone តែង​តែ​ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ផ្នែក​បច្ចេកវិទ្យា​លើក​ឡើង​មក​យក​ចុះផ្សាយមិនដែល​ដាច់។ រីឯ​អ្នក​ប្រើប្រាស់​ទូទៅ ក៏ជជែកគ្នា​ពីរឿងនេះ​ដែរ​ថា ហេតុអ្វី​ទើបតម្លៃ iPhone ខ្ពស់ៗ​ខ្លាំង​ម្ល៉េះ? ជាពិសេស​នៅ​ពេល​ចេញ​លក់​រាយ​នៅ​តាម​បណ្ដាប្រទេស​នានា​រួម​ទាំង​ប្រទេស​កម្ពុជា យើង​ផង​ដែរ។

៤.អាច​ប្រើ​កម្មវិធី​សំខាន់ៗ​បាន​ដូច​គ្នា:

ការ​ប្រើប្រាស់​ចាំ​បាច់​របស់​អតិថិជន​រួម​មាន​ដូច​ជា​ការ​ផ្ញើ​សារ ការ​ហៅ​ចេញ​ចូល ឬ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ដើម ពិត​ណាស់​ដែល​ម៉ូឌែល​ចាស់​ និង​ថ្មី​អាច​ធ្វើ​បាន​ដូច​គ្នា ទៀត​សោត​បើ​និយាយ​ដល់​ Facebook ឬ Snapchat ទាំង​លើ iPhone 6 ឬ iPhone XS Max ក៏​អាច​បើក​ចេញ​ដូច​គ្នា គ្រាន់​ខុស​ដំណើរការ​ល្បឿន​ប៉ុណ្ណោះ។

៣.Apple ពង្រឹង​ល្បឿន​ឧបករណ៍​ចាស់:

បច្ចេកវិទ្យា​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន Apple បាន​ព្យាយាម​ពង្រឹង​ល្បឿន​ដំណើរការ​លើ​ម៉ូឌែល​ចាស់ៗ ពោល​គឺ​ជំនាន់ iOS 12 ដល់ iOS 14 នេះ​ផ្ទាល់​តែ​ម្តង អាច​ជួយ​ពន្លឿន​ឲ្យ​ម៉ាស៊ីន​សេរ៊ី​ចាស់​ដើរ​បាន​លឿន ថ្វី​បើ​ផ្នែក Hardware រាង​ទាប​បន្តិច​ក្តី។ ជាក់ស្ដែង​ម៉ូឌែល​ទាប​ជា​ងគេ iPhone 12 mini ជា​ឧទាហរណ៍ស្រាប់ តូចតែ​ខ្លួន​តែ​វា​ខ្លឹម។

២.ការ​វិវត្ត​នៃ​ត្រកូលផ្សេងៗចាប់ពី S ដល់ Pro :

រំលង​ពី​​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មិន​ប្រាកដ​ថា​ Apple ផ្លាស់ប្តូរ​ទាំង​ស្រុង​ឡើយ។ ឆ្នាំ​ខ្លះ​ក៏​ចូល​ដល់​ត្រកូល "S" ដោយ​ជំនាន់​នេះ​ពុំ​មាន​ការ​វិវត្ត​ច្រើន​ដូច​ជំនាន់​ទូទៅ​នោះ​ទេ។ ឧទាហរណ៍​សាមញ្ញ​ចំពោះ​ការ​ប្រៀបធៀប​រវាង iPhone X និង iPhone XS មាន​ចំណុច​រសើប​ខ្លាំង​ត្រង់​ផ្នែក CPU និង​កាមេរ៉ា​​តែ​ប៉ុណ្ណោះ។ ដោយឡែក​ម៉ូឌែល​ផ្សេង​ក្រោយៗ​ដូច​ជា៖ iPhone 11 Pro ដល់ iPhone 12 Pro Max ភាព​ខុសគ្នា​តែ​បន្តិច​បន្តួច​ ដូចនេះ​បើ​អ្នក​នៅ​កាន់ iPhone សេរ៊ី​ចាស់ ក៏​គ្មាន​ផ្លូវ​ទៅ​ចំណាយ​លុយ​ទាំង​ដុល​ឡើង​សេរ៊ី​ងាយៗ​ឡើយ។

១.ប្រព័ន្ធ 5G មិន​ទាន់​លេច​វត្តមាននៅស្រុក​ខ្មែរ​:

ដូច​បាន​ដឹង​ហើយ​ថា iPhone ​មាន 5G ​បាន​លេច​ចេញ​​នៅ​ឆ្នាំ ២០២០ ព្រម​ជាមួយ​នឹង​ចំណុច​ខ្លាំងច្រើនធ្វើ​ឲ្យ​​ 4G LTE ធៀប​នឹង 5G ល្បឿន​ខុស​គ្នា​ដូច​មេឃ​នឹង​ដី។ បើទោះ​ជា​​ក្តី សម្រាប់​ស្រុក​យើង ​ប្រព័ន្ធ​ទូរគមនាគមន៍​ក្នុង​តំបន់​មិនទាន់​​អនុញ្ញាត​ឲ្យ​ប្រើ​អ៊ីនធឺណិត​ល្បឿន​លឿន 5G នេះ​បាន​នៅ​ឡើយ។

សម្រាប់​អ្នក​ទាំងអស់គ្នា​វិញ បើ​គិត​ថា​នៅ​មាន​ហេតុផល​អ្វី​ផ្សេង​ទៀត​ អាច​បញ្ចេញ​មតិ​លើ​ផេក​បច្ចេកវិទ្យា​របស់ Sabay បាន​ទីនេះ​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម