យឹម តា​ស្រង់ ភ្ញាក់​ក្រញាង​ ក្រោយ​ក្រសួង​ទេសចរណ៍​សរសើរ​ចំ​ៗបទ​ចម្រៀង​ប៉ុន្មាន​បទ​របស់​ផលិតកម្ម!

  • 2021-03-29 02:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ម្សិលមិញ​នេះ ក្រសួង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​លិខិត​សរសើរ​យ៉ាង​កម្រ​មួយ​មក​កាន់​ផលិតកម្ម Galaxy Navatra ដោយ​បាន​លើក​សរសើរ​ពី​កិច្ចការ​កន្លង​មក​របស់​ផលិតកម្ម​នេះ បាន​ជួយ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​ច្រើន។

លោក យឹម តាស្រង់ នាយក​គ្រប់​គ្រង បាន​ប្រាប់​ថា លោក​ពិត​ជា​មាន​ការ​ភ្ញាក់​មែន​ទែន​ចំពោះ​រឿង​នេះ។ "យើង​ចេះ​តែ​ធ្វើ​ទៅ មិន​បាន​គិត​អី​លើ​រឿង​ហ្នឹង​ផង ស្រាប់​តែ​សុខ​ៗ ក្រសួង​ផ្ញើ​លិខិត​សរសើរ​នេះ​មក ខ្ញុំ​ពិត​ជា​នឹកស្មាន​មិន​សោះ​ហ្មង!”។

តាម​ថ្នាក់​ដឹកនាំ​ផលិតកម្ម​ដដែល បាន​បញ្ជាក់​ថា លិខិត​សរសើរ​របស់​ក្រសួង​ផ្ដល់​ជូន Galaxy Navatra ក្រោយ​ពី​ផលិតកម្ម​បាន​ផលិត​វីដេអូ​ចម្រៀង​ជា​ច្រើន​ពី​ពេល​កន្លង​ទៅ​ដើម្បី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​មក​ដល់​នៅ​ខែ​មេសា​នេះ មាន​បញ្ចូល​តំបន់​ទេសចរណ៍​ល្បី​ៗ​របស់​កម្ពុជា​ជា​ច្រើន របស់​ខេត្ត​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា​នា​ភាគ​ឥសាន្ត មាន​ដូច​ជា​ខេត្ត មណ្ឌលគីរី រតនៈ​គីរី ក្រចេះ​ស្ទឹង​ត្រែង និង​មួយ​ចំនួន​ទៀត ​នៅ​ក្នុង​ខេត្ត​កំពត។

រមណីយដ្ឋាន​ធម្មជាតិ​ល្បី​ៗ មាន ទឹក​ជ្រោះ​ប៊ូស្រា បឹង​យក្ស​លោម ជ្រោះ​សុភមិត្ត និង​បូកគោ​ជា​ដើម ត្រូវ​បាន​បង្ហាញ​ជាមួយ​នឹង​វីដេអូ​ចម្រៀង​ដែល​មាន​កម្រិត​រូបភាព​ច្បាស់​ដល់ 4K ជា​ច្រើន​បទ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​សក្ដានុពល​នៃ​តំបន់​ទេសចរណ៍​ធម្មជាតិ​នីមួយ​ៗ ទាំង​អេកូទេសចរណ៍ ទេសចរណ៍ និង​កសិករ​ទេសចរណ៍​របស់​កម្ពុជា ដែល​ទាំង​នេះ​គេ​ឃើញ​មាន​ក្នុង​បទ "ឡាន​ទំនើប" “អរគុណ​កាមេរ៉ា" “ពេល​ណា​ជួប​គេ​ម្ដង​ទៀត" “រក​ស៊ី​ជាមួយ​យក្ស" "នឹក​ឃើញ​ខ្លាច​ឈ្លើង" “ធ្លាប់​បាន​បង​នៅ" “កោះ​អ្វី" និង​បទ "ទឹក​ត្រី​កោះកុង" ជា​ដើម។

តាម​ខ្លឹម​មាន​ក្នុង​សារ​លិខិត​សរសើរ​ផ្ញើ​ជូន Galaxy Navatra ក្រសួង​បាន​គូស​បញ្ជាក់​ថា ការងារ​ទាំង​នេះ​របស់ Galaxy បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​គោលដៅ​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍​ថ្មី​ៗ និង​សម្បូរ​បែប​របស់​កម្ពុជា​ទៅ​កាន់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។

រំភើប​នឹង​សមិទ្ធផល​នេះ លោក យឹម តាស្រង់ បាន​ប្រាប់​ថា លោក​ពិត​ជា​រីករាយ​មែន​ទែន។ ដូច្នេះ​ហើយ ជំនួសមុខឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ផលិតកម្ម GALAXY NAVATRA សូមអរគុណនូវការលើកទឹកចិត្តរបស់ក្រសួងទេសចរណ៍ចំពោះការខិតខំប្រឹងប្រែងរបស់ផលិតកម្ម នូវការថតផ្តិតយករូបភាពវីដេអូចម្រៀងតាមតំបន់ទេសចរណ៍ជាច្រើនជុំវិញប្រទេសកម្ពុជា ក្នុងន័យផ្សព្វផ្សាយលើកកម្ពស់តំបន់ទេសចរណ៍ក្នុងប្រទេសសម្រាប់បទរាំកម្សាន្តដើម្បីអបអរនាឱកាសឆ្នាំថ្មីនេះ។ ជាពិសេស ក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលតែងគាំទ្រផលិតកម្ម Galaxy Navatra ទើបក្រុមហ៊ុនយើងអាចឈរនៅចំនុចនេះ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី