ពិសី ​ដាច់​សរសៃ​ ACL ​ឆ្នាំមុន​​ចង់​បោះបង់​អាជីព​ទៅ​​ហើយ​​ បាន​​ Tiger ​ប្រើ​វិធី​​នេះ​​ទើប​​មាន​ថ្ងៃ​នេះ​​

  • 2021-04-02 07:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន តាំង ពិសី បាន​របួស​ដាច់​សរសៃ ACL ធ្ងន់ធ្ងរ ហើយ​ត្រូវ​ទៅ​វះកាត់​ដល់​ប្រទេស​វៀតណាម​ ​ក្រោយ​វះ​កាត់​រួច​ខ្សែ​ការពារ​ស្លាប​ស្ដាំ​រូប​នេះ​ស្ទើរ​តែ​បោះបង់​អាជីព​នេះ​​ចោល​ទៅ​ហើយ កុំ​តែ​បាន​ក្លឹប​លើក​ទឹក​ចិត្ត​ ដោយ​ប្រើ​វិធី​ត​កុង​ត្រា​ឲ្យ​ទើប​គេ​​​​មិន​បោះបង់​ហើយ​អាច​មាន​ដូច​ពេលនេះ​វិញ។

​​​ខ្សែ​ការពារ​រូបនេះ​កំបុង​បង្ហាញ​ភាព​លេចធ្លោ​ខ្លាំង​​ ដោយ​បង្ហាញ​ខ្លួន ៣ ប្រកួត​រក​បាន ២​ គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន ១ គ្រាប់​។ ​ក្នុង​នាម​ជា​ខ្សែ​ការពារ​វា​ជា​រឿង​ដ៏​កម្រ​ក្នុង​ការ​ជួយ​ក្រុម​​តាម​រយៈ​ការ​រក​គ្រាប់​បាល់​។ យ៉ាង​ណា ខ្សែ​ការពារ​វ័យ​២៦ ​ឆ្នាំ​​​ខាង​លើ​​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​រួច​ទៅ​ហើយ​ដោយ​ការ​បង្ហាញ​សមត្ថភាព​ដ៏​ល្អ​​របស់​គេ។

​បើ​និយាយ​ពី​ភាព​ល្អ​ប្រ​សើរ​បាន​ដល់​សព្វ​ថ្ងៃ​គឺ​បាន​​ក្លឹប​ Tiger ជា​អ្នក​មាន​គុណ​របស់​គេ​​ ដោយ​កាល​របួស​នោះ​គេ​​មាន​កូន​ចិត្ត​ចង់​បោះបង់​អាជីព​បាល់ទាត់​​ចោល​ទៅ​​ហើយ ពី​ព្រោះ​​គេ​គិត​ថា បើ​ជា​សះស្បើយ​វិញ​ក៏​លេង​មិន​ល្អ​ដូច​ដើម ហើយ​ណាមួយ​កុង​ត្រា​នៅ​ Tiger ក៏​ជិត​ផុត​។ ប៉ុន្តែ​ដោយសារ​ Tiger ​បានលើក​ទឹក​ចិត្ត​ដោយ​​​ចេញ​លុយ​ព្យាបាល​ទាំង​អស់ ហើយ​ថែម​ទាំង​​ត​កុង​ត្រា​ថ្មី​​​ឲ្យ​រហូត​ដល់​ឆ្នាំ​២០២៣ ​បាន​ធ្វើ​ឲ្យ​គេ​ងាក​មក​ប្រឹងប្រែង​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​​ទាំង​យប់​ទាំង​ថ្ងៃ​ មិន​គិត​ពី​ពេលសម្រាក ដើម្បី​ចង់​តបស្នង​ទៅ​កាន់​ Tiger ដែល​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​។

​ជា​រឿង​ដ៏​ល្អ គេ​ទទួល​បាន​ផ្លែផ្កា​​ដូច​បំណង​​អាច​ជួយ Tiger វិញ​​ដោយ​ការ​ចូលលេង​បង្ហាញ​ឲ្យ​​ប្រិយមិត្ត​មើល​ឃើញ​ថា សមត្ថភាព​របស់​ ពិសី មិន​ត្រឹម​តែ​មិន​ធ្លាក់​ចុះ​ ប៉ុន្តែ​​បែ​ជា​ល្អ​ជាង​មុន​ទៅ​ទៀត​ ក្រោយ​ពេល​បាត់មុខ​​ពី​ទីលាន​ដល់​១​ឆ្នាំ​ដោយសារ​របួស​ខាង​លើ​។

​រំលឹក​ថា​ ៣ ប្រកួត​របស់ អង្គរ Tiger ​គឺ​ឈ្នះ​២ និង​ស្មើ​​១​ប្រកួត​​ ពោល​គឺ​ស្មើ ព្រៃវែង ១-១ ឈ្នះ​គីរីវង់ ២ -០ និង​ទើប​ឈ្នះ ទ័ព ៣-២​ ៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី