Haaland និយាយ​មួយ​ម៉ាត់​នេះ​ពេល​មក​ដល់​ Etihad ធ្វើ​ឲ្យ​អ្នក​គាំទ្រ City រំភើប​ខ្លាំង

  • 2021-04-06 03:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​​​របស់ Manchester City បង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង បន្ទាប់​ពី Erling Haaland និយាយ​ពាក្យ​មួយ​ម៉ាត់​ ខណៈ​ដើរ​ចូល​ទីលាន​នៃ​កីឡដ្ឋាន Etihad ដើម្បី​ហ្វឹកហាត់។

Man City នឹង​ត្រូវ​ស្វាគមន៍ Borussia Dortmund វគ្គ​៨​ក្រុម​ចុងក្រោយ Champions League នៅ​រាត្រី​នេះ​ម៉ោង​២:០០​នាទី​រំលង​អាធ្រាត្រ​។ Haaland បច្ចុប្បន្ន​​ជា​កីឡាករ​កំពុង​រះ​លេច​ធ្លោ​ខ្លាំង បន្ទាប់​ពី​រក​បាន​៣៣​គ្រាប់ ក្នុង​ការ​លេង​៣២​ប្រកួត​គិត​គ្រប់​កម្មវិធី​នៅ​រដូវ​កាល​នេះ។

មុន​ពេល​ដើរ​ចូល​​ទីលាន​នៃ​កីឡដ្ឋាន Etihad កីឡាករ​សញ្ជាតិ​ន័រវេស​វ័យ​២០​ឆ្នាំ​​បាន​លាន់​មាត់​សរសើរ​កីឡដ្ឋាន​ស្អាត ដែល​សម្ដី​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ City រំភើប​មិន​តិច​នាក់​ទេ។ City ជា​ក្លឹប​ដែល​ឪពុក​របស់ Haaland លោក Alf-Inge ធ្លាប់​លេង​ឲ្យ​រវាង​ឆ្នាំ​២០០០-២០០៣។

ក្រោយ​ឮ​សម្ដី​របស់ Haaland អ្នក​គាំទ្រ​ម្នាក់​បាន​​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា៖ "សង្ឃឹង​ថា​​ទីនេះ​នឹង​ក្លាយ​ជា​ផ្ទះ​របស់​គេ​ថ្មី​នៅ​ឆ្នាំ​ក្រោយ"។ ឯ​ម្នាក់​ទៀត​ថា៖ "អ្នក​គួរ​តែ​លេង​នៅ​ទី​នេះ​នៅ​ឆ្នាំ​ក្រោយ"។ តាម​ប្រភព​ផ្សេង​ៗ​ឲ្យ​ដឹង​ថា ប្រសិន​បើ City ចង់​បាន​ Haaland អាច​នឹង​ចំណាយ​ខ្ពស់​ដល់​ទៅ​ជាង​១៥០​លាន​ផោន៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ