ក្រុមហ៊ុនចិន Geely ចេញរថយន្តអគ្គិសនីប្រណីត Zeekr ដើម្បីប្រជែង Tesla

  • 2021-04-09 07:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តចិន Geely គ្រោងនឹងដាក់ចេញនូវរថយន្តអគ្គិសនីទំនើប (EVs) ម៉ាកថ្មីដើម្បីប្រកួតប្រជែងដោយផ្ទាល់ជាមួយក្រុមហ៊ុន Teslaដែលកំពុងព្យាយាមសម្ញែងសាច់ដុំលើទីផ្សាររថយន្តក្នុងស្រុករបស់ចិន។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រថយន្តថ្មីម៉ាកZeekr នឹងក្លាយជាផ្នែកមួយនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Lingling Technologiesដែលអាចនឹងក្លាយជាក្រុមហ៊ុនមានសក្តានុពលធំនាពេលអនាគត ដែលវានឹងផ្សព្វផ្សាយលក់តែរថយន្តអគ្គិសនីតែមួយមុខប៉ុណ្ណោះ។

ស្ថាបនិកនិងជាប្រធានមហាសេដ្ឋីរបស់ក្រុមហ៊ុន Geely លោក លី ស៊ូហ្វូ បានប្រាប់រ៉យទ័រថា រថយន្ត Zeekr នឹងមានលក្ខណៈដូច “រថយន្ត Mercedes-Benz”ដែលជារថយន្តទំនើបកំពុងដាក់លក់ក្នុងតម្លៃថេរក្នុងបន្ទប់តាំងបង្ហាញនៅតាមទីក្រុងធំៗ។ យុទ្ធសាស្ត្រទីផ្សារដូចគ្នានេះត្រូវបានប្រើដោយក្រុមហ៊ុន Teslaដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាដែលកំពុងព្យាយាមចូលក្នុងទីផ្សាររថយន្តដ៏ធំរបស់ចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរួមទាំងការបើករោងចក្រផលិតគ្រឿងបន្លាស់នៅទីក្រុងសៀងហៃ។

ក្រុមហ៊ុន Geely ក៏បានប្រកាសកាលពីដើមសប្តាហ៍នេះដែរថាខ្លួននឹងបើករោងចក្រផលិតអាគុយ EV ថ្មីតម្លៃ ៤,៦ ពាន់លានដុល្លារនៅទីក្រុងក័ងចូវដែលមានសមត្ថភាពផលិត ៤២ ជីហ្គាវ៉ាត់ក្នុងមួយឆ្នាំ គឺស្រដៀងនឹងទំហំរោងចក្រផលិតអាគុយ EV ថ្មីដែលក្រុមហ៊ុន Volkswagen ប្រកាសកាលពីដើមសប្តាហ៍នេះ ប៉ុន្តែធំជាងរោងចក្រផលិតអាគុយ ៣៥ ជីហ្គាវ៉ាត់នៅរដ្ឋនេវ៉ាដារបស់ក្រុមហ៊ុន Tesla។

ក្រុមហ៊ុន Nio ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃគឺជាគូប្រជែងមួយផ្សេងទៀតរបស់ក្រុមហ៊ុន Tesla ដោយកំពុងផលិតរថយន្តប្រភេទ Sedan និងរថយន្តប្រភេទ SUV ជាច្រើនគ្រឿង និង បានត្រួសត្រាយបច្ចេកវិជ្ជាប្តូរអាគុយដោយជោគជ័យ ដែលក្រុមហ៊ុន Tesla កំពុងខិតខំអនុវត្តឱ្យបាននាពេលកន្លងមកទាំងលំបាក។

ចិនគឺជាទីផ្សារធំជាងគេបំផុតនៅលើពិភពលោកសម្រាប់រថយន្តអគ្គិសនី រថយន្តប្រើហ្គាសហាយប្រ៊ីដ និងរថយន្តប្រើប្រេងឥន្ធនៈ ដោយមានរថយន្តប្រើថាមពលកកើតថ្មីចំនួន ១,២ លានគ្រឿងកំពុងចរាចរណ៍លើដងផ្លូវកាលពីឆ្នាំមុន គឺច្រើនជាងពាក់កណ្តាលនៃចំនួនរថយន្តបែបនេះសរុបនៅលើពិភពលោក។ ប្រទេសនេះបានកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងការលុបបំបាត់ទាំងស្រុងនូវរថយន្តថ្មីដែលដំណើរការដោយប្រេងឥន្ធនៈត្រឹមឆ្នាំ ២០៣៥ ហើយសព្វថ្ងៃមានបណ្តាញសាកភ្លើងរថយន្តធំជាងគេនៅលើពិភពលោករួចទៅហើយដើម្បីគាំទ្រដល់ការពង្រីកនេះ៕

ប្រភព៖ rasmeinews