Marcio ថាក្រុមលីគកម្ពុជានឹងមានការប្រជែងកាន់តែខ្លាំងក្នុង​ពេលខាងមុខ

  • 2021-04-13 02:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធក្លឹបណាហ្គាវើលដ៍ Marcio Marques បានបង្ហាញការយល់ឃើញ​ថាលីគកំពូលកម្ពុជាបច្ចុប្បន្ន កំពុងតែមានការប្រកួតប្រជែងខ្លាំងពីក្លឹបខ្លាំងទាំង១៣ ហើយនឹងកាន់តែលំបាកនិងខ្លាំងក្លាថែមទៀត នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ខ្សែប្រយុទ្ធសញ្ជាត់ប្រេស៊ីល Marico Marques

បើយើងក្រឡេកមើលក្រុមនីមួយៗនាពេលបច្ចុប្បន្ន ពួកគេបាននាំចូលកីឡាករបរទេសល្អៗជាច្រើនមកពង្រឹងក្រុម តួយ៉ាងក្រុមអាស៊ីអឺរ៉ុបយូណាធីតមាន​កីឡាករបរទេស ៥នាក់ (ថ្មី៣នាក់) បឹកកេត ៥នាក់ (ថ្មីម្នាក់) អង្គរថាយហ្គឺរ ៥នាក់ (ថ្មីទាំង​៥នាក់) ភ្នំពេញក្រោនមាន​ ៥នាក់ (ថ្មី៤នាក់) និងព្រះខ័នរាជស្វាយរៀងជាដើមមាន​ ៥​នាក់ (ថ្មី២នាក់)​។ វត្តមានកីឡាករបរទេស បូករួមនិងកីឡាករក្នុងស្រុកល្អៗ ធ្វើឱ្យ​ការប្រកួតប្រជែងកាន់តែមានភាពស្វិតស្វាញ កាន់​តែ​ល្អ​មើលនិងជក់ចិត្ត។

ផ្អែក​តាម​ការ​លើកឡើង​ខាង​លើ និង​ការ​យល់​ឃើញ​របស់​ខ្លួន ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលបានទម្លាយថា ៖«ទាក់ទងនឹង Metfone Cambodian League ខ្ញុំគិតថាលីគកាន់តែមានការប្រកួតប្រជែងខ្លាំង និងលំបាក ហើយខ្ញុំក៏ជឿដែរថានៅ​ប៉ុន្មានឆ្នាំខាងមុខទៀត ក្រុម​ទាំងអស់​នៅ​លីគកំពូល​កម្ពុជានឹងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ»។

មិនតែប៉ុណ្ណោះ Marcio បានសម្ដែងអារម្មណ៍រីករាយ ដែលបានលេងឱ្យ​ណាហ្គា​វើល​ដ៍ ព្រោះម្ចាស់ជើងឯកលីគ៣សម័យកាល ជាក្រុមមួយចាស់ទុំ ខ្លាំងក្លា និងល្អនៅលីគកំពូលកម្ពុជា​។ តាមរយៈការប្រឹងប្រែងរបស់ក្រុមទាំងមូល​ Marcio ជឿជាក់​ថា ពួកគេនឹងមានការប្រកួតប្រជែងដ៏អស្ចារ្យ និងអាចឈានទៅការលើកពាននារដូវកាលនេះទៀត​ផង​។

ឆ្នាំ​២០២១​ជារដូវកាលទី២ហើយ ដែល​ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Marcio Marques លេង​ឱ្យ​ក្លឹបនិយមលេងការពារច្រើន និងវាយបកភ្លាមៗ ណាហ្គាវើលដ៍៕

អត្ថបទ៖ អ៊ុំ សុភក្តិ