Flick ផ្ដាំ PSG​ ថា លោក​ចង់​ធ្វើ​រឿង​ភ្ញាក់ផ្អើល​បន្តិចបន្តួច​នៅ​ទីក្រុង​ប៉ារីស​យប់​នេះ

  • 2021-04-13 07:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​របស់ Bayern Munich លោក Hansi Flick បាន​និយាយ​ថា លោក​ចង់​ធ្វើ​រឿង​ភ្ញាក់ផ្អើល​បន្តិចបន្តួច​នៅ​ទីក្រុង​ប៉ារីស ក្នុង​ជំនួប​ជើង​ទី​ពីរ​​វគ្គ​៨​ក្រុម​ចុងក្រោយ​ជាមួយ PSG ពាន Champions League យប់នេះ។

​ក្រុម​ការពារ​តំណែង​ជើង​ឯក Bayern បាន​ប្រកួត​ចាញ់ PSG ២-៣ ក្នុង​ទឹក​ដី​ខ្លួន​ឯង​នា​ប្រទេស​អាល្លឺម៉ង់​កាល​ពី​សប្ដាហ៍​មុន។ ​នេះ​មាន​ន័យ​ថា ពួក​គេ​​ត្រូវ​យក​​ឈ្នះ​ចាប់​ពី​២​គ្រាប់​ឡើង​ក្នុង​កីឡដ្ឋាន Par de Princes ប្រសិន​បើ​ចង់​ឈានទៅ​កាន់​វគ្គ​៤​ក្រុម​ចុងក្រោយ។

​​មុន​ការ​ប្រកួត​មក​ដល់​លោក Flick បាន​និយាយ​ថា៖ "វា​គឺ​ជា​ការងារ​ដ៏​លំបាក​មួយ ប៉ុន្តែ​​ជា​ការ​ប្រកួត​ដែល​ពួក​យើង​ត្រូវ​លេង។ ពួក​យើង​ចង់​បង្កើត​​រឿង​​ភ្ញាក់ផ្អើល​តិចតួច​​ក្នុង​ទីក្រុង​ប៉ារីស។ ប្រាកដណាស់ ពួក​យើង​នឹង​សប្បាយ​ចិត្ត ប្រសិន​​ពួក​យើង​អាច​ឈ្នះ PSG”។

Bayern នឹង​បន្ត​អវត្តមាន​កីឡាករ​ជើង​ស៊ុត Robert Lewandowski ត្បិត​តែ​រូប​គេ​​ទើប​តែ​អាច​ចូល​ហ្វឹកហាត់​ ក្រោយ​ជា​ពី​របួស​ជង្គង់។ ខ្សែ​បម្រើ​ប្រយុទ្ធ Serge Gnabry ក៏​មិន​បាន​លេង​ដូច​គ្នា បន្ទាប់​ពី​តេស្ដវិជ្ជមាន​កូវីដ-១៩។ ស្របពេល  Leon Goretzka, Lucas Hernandez, Jerome Boateng និង Kingsley Coman ស្ថិត​ក្នុង​ស្ថានភាព​៥០-៥០ អាច​លេង​បាន។

ចំពោះ​អ្នក​ចាត់​ការ​របស់ PSG​ លោក Mauricio Pochettino បាន​រំឭក​ទៅ​កាន់​កូន​ក្រុម​​ត្រូវ​សិក្សា​ពី​ការ​ប្រកួត​ជុំ​មុន ពេល​ប៉ះ​ Barcelona។ ពោល​លេង​ក្នុង​ផ្ទះ​ខ្លួន​ឯង លោក​ចង់​ឲ្យ​កីឡាករ​ PSG លេង​ឲ្យ​ល្អ​ជាង​កាល​លេង​ក្រៅ​ដី។

PSG នឹង​អវត្តមាន​ប្រធាន​ក្រុម Marquinhos បន្ទាប់​ពី​របួស​​សាច់ដុំ​ជើង​​កាល​ពី​ប្រកួត​ជើង​ទី​មួយ។ ខ្សែ​បម្រើ Marco Verratti និង​ខ្សែ​ការពារ​ស្លាប Alessandro Florenzi ត្រូវ​​​តាមដាន​មើល​សិន ព្រោះ​ពួក​គេ​ទើប​តែ​ជា​ពី​កូវីដ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ