កំហឹងអ្នកប្រយុទ្ធ រដូវកាលថ្មី នឹងចេញឆាប់ៗនេះ ជាមួយការចាប់ដៃគូរបស់Smart Axiata និង DirexPlay
- 2021-04-14 08:18:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហឹងអ្នកប្រយុទ្ធ រដូវកាលថ្មី នឹងចេញឆាប់ៗនេះ ជាមួយការចាប់ដៃគូរបស់Smart Axiata និង DirexPlay
ចន្លោះមិនឃើញ
ដើម្បីគាំទ្រដល់ការរីកចម្រើនវិស័យហ្គេមទូរស័ព្ទនៅកម្ពុជា ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្ដិករទូរគមនាគមន៍ឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជាបានចាប់ដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមចល័តក្នុងស្រុក DirexPlay ដើម្បីកែលម្អហ្គេម កំហឹងអ្នកប្រយុទ្ធ (Wrath of Fighters)។
អ្នកលេងហ្គេមទាំងអស់នៅជុំវិញពិភពលោកអាចលេងហ្គេម Wrath of Fighters បានទាំងភាសាខ្មែរនិងអង់គ្លេស ហើយហ្គេមនេះអាចជួយឱ្យអ្នកលេងស្វែងយល់ពីសិល្បៈ និងវប្បធម៌កម្ពុជាទៀតផងដែរក្នុងអំឡុងពេលលេងជាមួយមិត្តភក្ដិរបស់ពួកគេ។
លោក ឈួម ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន DirexPlay បានថ្លែងថា៖ “គំនិតរបស់ហ្គេមនេះគឺដើម្បីនាំយកសិល្បៈ និងវប្បធម៌ក្នុងស្រុកទៅកាន់ពិភពកម្សាន្តឌីជីថល ដូច្នេះអ្នកណាម្នាក់នៅទីណាដ៏ដោយ មកពីប្រភពវប្បធម៌ណាក៏ដោយ អាចរីករាយ ភ្ជាប់ទំនាក់ទំនង និងទទួលបានបទពិសោធន៍ជាមួយសិល្បៈ និងវប្បធម៌ខ្មែរតាមអនឡាញក្នុងអំឡុងពេលទំនេរពីការងារឬការរៀនសូត្ររបស់ពួកគេ”។
អ្នកលេងហ្គេមអាចបង្កើត និងកែសម្រួលអ្នកប្រយុទ្ធផ្ទាល់របស់ពួកគេបានជាមួយនឹងសម្លៀកបំពាក់ផ្សេងៗគ្នាជាច្រើន ដែលបង្កើតឡើងទៅតាមកំណាព្យវីរកថាដែលមានមូលដ្ឋានលើរឿងរាមាយាណៈ និងមហាភារតៈ។ អ្នកលេងហ្គេមអាចជ្រើសរើសផែនទីនិងបរិយាកាសផ្សេងៗគ្នាជាច្រើនសម្រាប់ការលេងហ្គេមរបស់ពួកគេ ដែលផែនទីនិងបរិយាកាសទាំងនោះស្ថិតក្នុងប្រទេសកម្ពុជាដូចជានៅប្រាសាទបុរាណកម្ពុជា អង្គរធំ រាជធានីភ្នំពេញ និងទីជនបទក្នុងខេត្តសៀមរាបជាដើម។
ក្រុមហ៊ុន DirexPlay ក៏បានអភិវឌ្ឍន៍ហ្គេមចល័តនិងកម្មវិធីផ្សេងទៀតផងដែរ ដែលសាច់រឿងរបស់ហ្គេមយកតាមរឿងព្រេងនិងប្រពៃណីរបស់កម្ពុជាដូចជា រឿងដំណើរផ្សងព្រេងរបស់ សុខ និងសៅ និងកម្មវិធី Khmer eCard ជាដើម។
ហ្គេម កំហឹងអ្នកប្រយុទ្ធ ដែលដាក់ដំណើរការដំបូងក្នុងឆ្នាំ២០១៦ បច្ចុប្បន្នទទួលបានការទាញយកចំនួន ៣៤០ ០០០ដង ហើយបច្ចុប្បន្នអាចទាញយកបានក្នុងឧបករណ៍ដែលប្រតិបត្តិប្រព័ន្ធ Android និង iOS។ ការធ្វើបច្ចុប្បន្នភាពថ្មីបំផុតរបស់ ហ្គេមនេះ នឹងមានមុខងារល្អជាងមុនដោយមានផែនទីថ្មី និងសម្លៀកបំពាក់ថ្មីសម្រាប់ឱ្យអ្នកលេងហ្គេមជ្រើសរើស ព្រមទាំងទទួលបានបទពិសោធន៍លេងហ្គេមកាន់តែរលូនជាងមុន។ អតិថិជនរបស់ក្រុមហ៊ុន Smart ដែលលេងហ្គេមនេះ នឹងទទួលបានការផ្តល់ជូនពិសេស ដូចជាសម្លៀកបំពាក់ប្លែកពីគេ និងម៉ោងរីករាយ Smart ដែលអ្នកលេងហ្គេមអាចទទួលបានកញ្ចប់ពិន្ទុបន្ថែម ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។
លោក ពិសិដ្ឋ បានថ្លែងថា៖ “យើងមានក្តីរំភើបខ្លាំងដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Smart សម្រាប់រដូវកាលថ្មីនេះ។ ក្រុមហ៊ុន Smart ពិតជាចាប់អារម្មណ៍ចំពោះការគាំទ្រ និងលើកកម្ពស់ក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមដូចជាពួកយើង។ភាពជាដៃគូនេះអាចឱ្យយើងនាំយកហ្គេមខ្មែររបស់យើងទៅកាន់កម្រិតបន្ទាប់ទៀត ទទួលបានអតិថិជនបន្ថែមទៀត និងចែកចាយបទពិសោធន៍ដ៏រីករាយបន្ថែមទៀតដល់អ្នកលេងហ្គេមកម្ពុជា ជាពិសេសអតិថិជនរបស់ក្រុមហ៊ុន Smart”។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “យើងមានការកោតសរសើរដែលក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមកម្ពុជាកំពុងបង្កើតហ្គេមទូរស័ព្ទដែលអាចឱ្យមនុស្សចូលលេងបាននៅទូទាំងប្រទេស ហើយក៏មានសក្តានុពលទាក់ទងអ្នកលេងហ្គេមអន្តរជាតិផងដែរ។ វាបង្ហាញពីវឌ្ឍនភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៃវិស័យហ្គេមទូរស័ព្ទរបស់កម្ពុជា និងបង្ហាញថា កម្ពុជាអាចដើរតួនាទីដ៏ធំមួយក្នុងកំណើនកីឡាអេឡិចត្រូនិចក្នុងតំបន់ និងពិភពលោក”។
លោក Thomas បានបន្ថែមថា៖ “នេះមិនមែនជាលើកទីមួយទេដែលយើងបានសហប្រតិបត្តិការជាមួយក្រុមហ៊ុន DirexPlay។ កាលពីឆ្នាំមុន យើងបានសហការគ្នាផលិតហ្គេមមួយឈ្មោះថា Oum Tuk by Smart ដើម្បីអបអរដល់ពិធីបុណ្យអ៊ុំទូករបស់កម្ពុជា។ តាមរយៈការទាញយកទេពកោសល្យដ៏ស្ទាត់ជំនាញក្នុងស្រុក យើងអាចគ្រប់គ្រងអំណាចបច្ចេកវិទ្យាក្នុងស្រុកបានដើម្បីប្រាប់រឿងរ៉ាងរបស់កម្ពុជាដោយប្រើប្រាស់សំឡេងកម្ពុជាពិតប្រាកដ”។
ក្រុមហ៊ុន Smart Axiata បន្តនាំមុខគេខាងផ្នែកកំណើនកីឡាអេឡិចត្រូនិចក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីប្រកួតហ្គេមផ្សេងៗ និងភាពជាដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Smart បានចូលរួមរៀបចំការប្រកួតលេងហ្គេម Kingdom of Legends ដែលជាព្រឹត្តិការណ៍ប្រកួតហ្គេមអេឡិចត្រូនិចធំបំផុតនៅកម្ពុជា ដែលមានប្រាក់រង្វាន់សរុបចំនួន ៣២.០០០ដុល្លារអាមេរិក។ Leng Center ផ្តល់ជូនអ្នកនូវមុខងារថ្មីៗ ជាច្រើន ដែលផ្តល់ឲ្យអ្នកនូវបទពិសោធន៍លេងហ្គេមដ៏សម្បូរបែប៕