សេង កុសែន៖ សម្រាប់​ខ្ញុំ Gbenga នៅតែល្អនិងគ្រោះថ្នាក់

  • 2021-04-15 07:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ Gbenga បានធ្លាក់ពីក្លឹបធំបឹងកេតទៅលេងឱ្យក្លឹបតូចអាស៊ីអឺរ៉ុបយូណាយធីត ប៉ុន្តែសមត្ថភាព បច្ចេកទេស និងភាពឆ្លាតវ័យរបស់​គេ​លើទីលានគេមិនធ្លាក់ឡើយ។ នេះបើតាមការយល់ឃើញរបស់ខ្សែការពារក្លឹប​នគរបាលជាតិ សេង កុសែន។

អតីតសមាជិកបឹងកេត និងភ្នំពេញក្រោន បាន​ពន្យល់បែបនេះ​ ៖«អាយុគាត់ច្រើនហើយ ប៉ុន្តែភាពវ័យឆ្លាតរបស់គាត់អត់ចាស់តាមអាយុទេ គាត់ប្រឹងហាត់ និងថែខ្លួនបានល្អ។ សម្រាប់ខ្ញុំគាត់នៅតែល្អ និងគ្រោះថ្នាក់ គ្រាន់តែគាត់ថមថយកម្លាំងទាំងកម្លាំងតិចតួច»។

ទោះបីដឹងពី​តាក់ទិកខ្លះៗក្ដី ប៉ុន្តែខ្សែ​ការពារវ័យ៣១​ឆ្នាំថាពិបាកក្នុងការចាប់កុក អតីត​កីឡាករ​ភ្នំពេញក្រោន និង​អតីត​កីឡាករ​នៅ​លីគថៃ Gbenga ណាស់។ ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​រវាងក្រុម​នគរបាលជាតិ និង​អាស៊ីអឺរ៉ុប​យូណាយធីត កាល​ពី​ពេល​កន្លង​ទៅ។

ខ្សែ​ការពារ​ដដែល​បាន​ឱ្យ​ដឹង​ថា ៖«ឱ្យ​តែខ្ញុំលេងប៉ះជាមួយគាត់ ចង់គាត់នៅក្លឹបណាខ្ញុំនៅក្លឹបណាក៏ដោយ ពេលប៉ះជាមួយគាត់ម្ដងៗគឺពិបាកយកបាល់គាត់ណស់ ព្រោះបច្ចេកទេសគាត់ល្អ សំខាន់ខួរក្បាលគាត់ល្អ អ៊ីចឹងខ្ញុំប្រយ័ត្នជាមួយគាត់រហូត»។

កុសែនបន្ថែមទោះកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះវ័យជ្រេបន្តិចមែន ប៉ុន្តែគេនៅ​តែ​មាន​ឆន្ទៈ ការព្យាយាម និងបច្ចេកទេស​ល្អដដែល។

កីឡាករ​មាន​ដើមកំណើត​នៅ​ភ្នំពេញ លើកឡើងយ៉ាង​ដូច្នេះ ក៏​ដោយសារពេលធ្វើដំណើរទៅហ្វឹកហាត់នាពេលព្រឹកម្ដងៗ គេឧស្សាហ៏ជួប Gbenga និងកីឡាករបរទេសដទៃទៀតណាស់៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី