ក្រសួង​ប្រកាសទាំងកណ្តាលអាធ្រាត ករណីស្លាប់បុរសខ្មែរ ២រូបទៀត ដោយសារកូវីដ-១៩

  • 2021-04-16 02:14:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល នាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន​ ស្ដីពីករណីស្លាប់​បុរសជនជាតិ​ខ្មែរចំនួន ២នាក់ទៀត អាយុ ៦៥ឆ្នាំ និងអាយុ ៧៧ឆ្នាំ ដោយសារាកូវីដ-១៩។

បុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ រស់នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូរីដ-១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦៖០០នាទី និងបុរស ជនជាតិខ្មែរអាយុ ៧៧ឆ្នាំ រស់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨៖៥០នាទី ។

ចំពោះករណីបុរសជនជាតិខ្មែរដែលមានអាយុ ៦៥ឆ្នាំ បានចូលមកមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១១:១៥នាទី ក្នុងស្ថានភាពហត់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាកធ្វើការវិភាគ ជាលទ្ធផលមានវិជ្ជមានកូវីដ-១៩។ ដោយជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបានអ្នកជំងឺក៍បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទីល្ងាច ។

ដោយឡែក ករណីបុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ បានចូលមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥២០នាទី ជាមួយនឹងស្ថានភាពហត់ដង្ហក់ខ្លាំង នៅលើអ្នកជំងឺមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ដែលតម្រូវឱ្យ គ្រូពេទ្យធ្វើការជួយសង្គ្រោះដោយមានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផងដែរ និងបានយកសំណាកធ្វើវិភាគ ជាលទ្ធផលបញ្ជាក់ថា មាន វិជ្ជមានកូវីដ-១៩ ។ ដោយការវិវត្តជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ទោះជាក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាល តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨៥០នាទី។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានឲ្យដឹងទៀតថា ករណីបុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។ ចំណែកឯ ករណីបុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និង រលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។

សូមបញ្ជាក់ថា ក្រសួង​​មិនបានបង្ហាញអត្តសញ្ញាណអ្នកស្លាប់​នៅក្នុងសេចក្ដីជូនដំណឹងនោះទេ ប៉ុន្តែគេអាចដឹងបានថា បុរសអាយុ ៧៧ឆ្នាំ គឺជា​ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួង​ព័ត៌មាន និងជាអ្នកនិពន្ធ​ជើងចាស់ដ៏ល្បី៕

អត្ថបទ ៖ មេខាឡា

អត្ថបទពេញនិយម