សារបន្ទាន់! អ្នកល្មេីសបម្រាម​លួចចូលមកខេត្តព្រៃវែង រកឃេីញវិជ្ជមានកូវីដ ៤នាក់ទៀតហើយ

  • 2021-04-16 08:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តព្រៃវែង បានចេញសារបន្ទាន់​មួយ​ នារសៀលថ្ងៃទី១៦ ខែមេសានេះ ស្ដីពីការរកឃើញ​វិជ្ជមាន​កូវីដ-១៩ លើ​មនុស្ស​ចំនួន ៤នាក់​បន្ថែមទៀត ក្នុង​ចំណោម​អ្នក​ល្មើស​បម្រាម លួច​ចូលខេត្តព្រៃវែង កាលពីពេលថ្មីៗកន្លងទៅ។

រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា អ្នករកឃើញវិជ្ជមានកូវីដ​ ទាំង​៤នាក់បន្ថែមនេះ មាន​ឈ្មោះ​ដូច​ខាងក្រោម៖

១. ឈ្មោះ ឆាំ រីនឌី ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៣ ខែមេសា (យកលេីកទី១) ជាអ្នកលួចធ្វើដំណើរ​មកពីរាជធានីភ្នំពេញ។

២. ឈ្មោះ យៀវ លន ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៣ ខែមេសា (យកលេីកទី១) ជាអ្នកលួច​ធ្វើដំណើរ​មកពីភ្នំពេញ។

៣. ឈ្មោះ ឆែម ភា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិកូនពោធិ៍ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៤ ខែមេសា (យកលើកទី១) ជាអ្នកលួច​ធ្វើដំណើរ​មកពីភ្នំពេញ។

៤. ឈ្មោះ ហ៊ាង ភី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃស្រមោច ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៤ ខែមេសា (យកលេីកទី១) ជាអ្នកលួច​ធ្វើដំណើរមកពីភ្នំពេញ។

ពីឆ្វេងទៅស្ដាំ៖ ឆាំ រីនឌី , យៀវ លន , ឆែម ភា , ហ៊ាង ភី (រូបភាព៖ រដ្ឋបាលខេត្តព្រៃវែង)

រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា “ការចល័តទីនេះ ធ្វើឲ្យ​នាំទុក្ខដល់គេពេញមួយភូមិ ទាំងឪពុកម្តាយ និងសាច់ញ្ញាតិ"។ រដ្ឋបាលខេត្ត បាន​បញ្ជាឲ្យចាត់វិធានការក្តៅ ការរឹតបន្តឹងការឆ្លងកាត់ និងដាក់អោយធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដោយគ្មានការយោគយល់ដាច់ខាត។

សូម​ជំរាបជូនផងដែរថា ចំពោះអ្នកលួចចល័តទីដោយមិនគោរពវិធានការរដ្ឋបាល នឹងត្រូវប្រឈមនឹងការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃរួច៕