ទីបំផុត​ឯកឧត្តម ម៉ៅ អាយុទ្ធ បាន​មក​ដល់​ផ្ទះ​ហើយ ដោយ​មក​ជា​ធាតុ​១​កោដិ មើល​ហើយ​សែន​ស្រណោះ

  • 2021-04-17 11:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធាតុ​ឯកឧត្តម ម៉ៅ អាយុទ្ធ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ដល់​គេហដ្ឋាន​ហើយ បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​បាន​ធ្វើ​ពិធី​បូជា​រួចរាល់​តាម​របៀប​អ្នក​ជំងឺ​កូវីដ១៩។

ព័ត៌មាន​នេះ ត្រូវ​បាន​បញ្ចេញ​ដោយ​លោក សុខ រ៉ាស៊ី សិល្បករ​ម្នាក់​ដែល​មាន​អនុស្សាវរីយ​ខ្លះ​ៗ​ជាមួយ​ឯកឧត្តម ម៉ៅ អាយុទ្ធ ​ព្រឹទ្ធាចារ្យ​សិល្បៈ ដែល​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ចិត្ត​យ៉ាង​ច្រើន​ពី​សិល្បករ​ជំនាន់​ក្រោយ។ លោក រ៉ាស៊ី បាន​សរសេរ​ថា "ទីបំផុតធាតុ រប់ស លោកអ៊ុំ ម៉ៅ អាយុទ្ធ បានមកដល់ គេហដ្ធានហើយ! ដោយមិនអាចរៀបចំ ពិធីបុណ្យសពបាន គ្រួសារលោកអ៊ុំ សម្រេចចិត្តរៀបចំ ជាលក្ខណៈគ្រួសារ!”។

ជាមួយ​គ្នា គេ​ឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ ដោយ​ឃើញ​ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​ដែល​គេ​ដឹ​ង​ថា​ជា​កូន​ស្រី​របស់​ឯកឧត្តម​ឈ្មោះ ម៉ៅ មុន្នីរតន៍ និង​ក្រុម​គ្រួសារ​ ២ ៣នាក់ ធ្វើ​ពិធី​អុជធូប​ថ្វាយ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ អ្នកមាន​គុណ​ដែល​​បាន​ចែក​ឋាន​រំលាយ​កាយ ដោយ​សារ​ជំងឺ​កាច​សាហាវ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ​ទាំង​នឹក​ស្មាន​មិន​ដល់។ ជាមួយ​គ្នា​ក៏​មាន​សិល្បករ អ្នក​ដឹកនាំ​រឿង ខ្លះ​ទៀត​បាន​ចូល​មក​សរសេរ​សារ​រំលែក​ទុក្ខ​ដល់​គ្រួសារ​នៃ​សព និង​បង្ហាញ​ពី​ការ​គោរព​របស់​ពួក​គេ​ចំពោះ​ព្រឹទ្ធចារ្យ​សិល្បៈ​រូប​នេះ។

លោក យឹម សុសត្យា អតីត​អ្នក​គ្រប់​គ្រង​ការ​ផលិត​របស់​ផលិតកម្ម រ៉ក់ បាន​សរសេរ​ថា "លោកជារៀមច្បងក្នុងវិស័យសិល្បៈ និងជាគ្រូរបស់ខ្ញុំ ខ្ញុំសូមចូលរូមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារ និងមានតែក្ដីសោកសៅក្រៃលែងតែមិនអាចថ្លែងបាន ”។

ឯកឧត្តម ម៉ៅ អាយុទ្ធ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហៅ​ពេទ្យ​រុស្សី កាល​ពី​ថ្ងៃ​ទី ៥ មេសា ដោយ​សារ​ឯកឧត្តម​មាន​ការ​អាការ​ខ្សោយ​ខ្លាំង ស្រប​ពេល​ឯកឧត្តម​មាន​វ័យ​ដល់​ទៅ ៧៧​ឆ្នាំ​ហើយ។ ២​ថ្ងៃ​បន្ទាប់ ព្រឹទ្ធាចារ្យ​សិល្បៈ​រូប​នេះ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ១៩ ដែល​បាន​ធ្វើ​ឲ្យ​សាច់​ញាតិ និង​សិល្បករ​ទាំង​ឡាយ​ដែល​ធ្លាប់​មាន​ភាព​ជិតស្និទ្ធ មាន​ការ​ព្រួយបារម្ភ។

រូបភាព៖ ហ្វេសប៊ុក សុខ រ៉ាស៊ី

ដំបូង​ឯកឧត្តម ត្រូវ​បាន​យក​ទៅ​ដាក់​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ តែ​នៅ​រសៀល​ថ្ងៃ​ទី ៧មេសា មាន​ព័ត៌មានឮថា ឯកឧត្តម​បាន​ធូរស្រាល ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​វិញ។ ឯកឧត្តម​បាន​តស៊ូ​នឹង​ការ​យាយី​របស់​មេរោគ​កំណាច​បាន​១​សប្ដាហ៍ ស្រប​ពេល​មាន​ដំណឹង​ពី​គ្រូ​ពេទ្យ​ថា ប្រសិន​បើ​ឯកឧត្តម​អាច​តស៊ូ​បាន ៣​ថ្ងៃ​ទៀត នឹង​ឆ្លង​ផុត​គ្រោះ​អាក្រក់​ហើយ។

ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ នៅ​រសៀល​ថ្ងៃ​ទី ១៦ មេសា ឯកឧត្តម ក៏​បាន​ចែក​ឋាន​ទៅ ដោយ​បាន​ធ្វើ​ឲ្យ​មាន​ការ​តក់​ស្លុត​ក្នុង​ចង្កោម​សិល្បករ និង​មិត្ត​រួម​អាជីព រួម​ការងារ​ជា​ច្រើន​ទៀត ព្រោះ​ថា ឯកឧត្តម គឺ​ជា​ធនធាន​សិល្បៈ​ដ៏​ល្អ​កម្រ​រក​បាន​ក្នុង​ជាង ៣ទសវត្សរ៍​កន្លង​មក​នេះ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម