Microsoft ទម្លាក់លុយ១ពាន់លានដុល្លារ ដាក់ Data Center ក្នុងប្រទេសមួយនៅអាស៊ាន

  • 2021-04-20 01:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft នឹងវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារក្នុងប្រទេសម៉ាឡេស៊ីនៅរយៈពេល ៥ឆ្នាំខាងមុខ។ នេះគឺជាផ្នែកមួយនៃកម្មវិធីភាពដៃគូថ្មីជាមួយទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនក្នុងស្រុក។ នេះបើយោងតាមប្រភពព័ត៌មានរ៉យទ័រ ដែលបានចេញផ្សាយកាល​ពី​រសៀលថ្ងៃចន្ទម្សិលមិញ​។

ដំណើរការដែលឈានដល់ការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនៅម៉ាឡេស៊ី គឺធ្វើឡើងបន្ទាប់ពីប្រទេសនេះយល់ព្រមតាមលក្ខខណ្ឌជាមួយក្រុមហ៊ុន Microsoft, Google, Amazon និងក្រុមហ៊ុនទូរគមនាគមន៍រដ្ឋ Telekom Malaysia កាលពីខែកុម្ភៈ ដើម្បីបង្កើត និងគ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យខ្នាតធំ (hyper-scale data center) រួមនឹងការផ្តល់សេវាកម្មទុកឯកសារ (cloud services) ផងដែរ ។

ទិដ្ឋភាព​នៅ​ខាង​ក្នុងមជ្ឍមណ្ឌល Data Center

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ម៉ាឡេស៊ី ក៏បានឱ្យបង្ហាញដែរថា ប្រទេសរបស់ខ្លួន កំពុងព្យាយាមទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត បន្ទាប់ពីមានការធ្លាក់ចុះខ្លាំង លើការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាងឆ្នាំមុនប្រមាណជា ៦៨% ដែលជាការធ្លាក់ចុះដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ។

យោងតាមប្រភពដដែលក៏​បានបញ្ជាក់ទៀតថា ការវិនិយោគពីលើសេវាផ្ទុកឯកសារទាំងនេះ នឹងមានតម្លៃសរុបចន្លោះពី ២,៩១ ពាន់លានដុល្លារ ដល់ ៣,៦៤ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

Data Center ទម្លាក់ចូល​សមុទ្រ/ រូបតំណាង

គួរបញ្ជាក់ថា ក្រុមហ៊ុន Microsoft នឹងបង្កើតតំបន់ "datacentre region" ដំបូងបង្អស់របស់ខ្លួន ដែលមានមជ្ឈមណ្ឌលទិន្នន័យជាច្រើន នៅប្រទេសម៉ាឡេស៊ី ដើម្បីធ្វើការគ្រប់គ្រងទិន្នន័យពីប្រទេសផ្សេងៗ។ ក្រោមកម្មវិធីនេះ ក្រុមហ៊ុន Microsoft ក៏បានសង្កត់ធ្ងន់ថា ការវិនិយោគនេះ នឹងជួយដល់ប្រជាជនម៉ាឡេស៊ី ប្រមាណមួយលាននាក់ ក្នុងការទទួលបានជំនាញឌីជីថលនៅ ចុងឆ្នាំ២០២៣ ខាងមុខនេះ៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ កុសល