ចង់ស្គាល់ GOT7 កាន់តែច្បាស់ដូចថ្ងៃ សូមមកដឹង ១០ចំណុចសំខាន់របស់សមាជិកទាំងអស់

  • 2021-04-20 04:56:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​អ្នក​អះអាង​ថា​ ដឹង​គ្រប់យ៉ាង​ពី GOT7 មែន​ ប៉ុន្តែ​ក៏គួរដឹង​បន្ថែម​ពី​រឿង​រ៉ាវ​ ការពិត​ខ្លះ​របស់​ក្រុមនេះ​ដែល​កើតឡើង​លើស​ការ​រំពឹង​ទុក ហើយនៅពេល​បានដឹង​ហើយ ស្ទើរ​មិនជឿថា​វា​បាន​កើតឡើងចំពោះ​ GOT7 សោះ។

១. ដើមកំណើតឈ្មោះ «GOT7»

តាមជំនឿ លេខ «7» ជា​លេខនាំសំណាង ហើយសម្រាប់សមាជិកក៏ចង់​ឲ្យអ្នកគាំទ្រចងចាំថា ពួកគេ (Fan) មាន​សមាជិកនាំសំណាងល្អ ៧នាក់ដែលតែងនៅជិតពួកគេជារៀងរហូត។

២. Mark ជា​អ្នកផ្ដើមគំនិតបង្កើត​ឈ្មោះ Fandom

បន្ទាប់ពី GOT7 បង្កើតមិនបាន​ប៉ុន្មាន​ផង ពួកគេក៏សម្រេចដាក់ឈ្មោះ Fandom របស់​ខ្លួន​តែម្ដង​នោះគឺ «iGOT7» ដែល​តំណាង​ពីអ្វីដែល​អ្នកគាំទ្រទទួលបានទាំង សមាជិកទាំង ៧ និង​លេខសំណាងទាំង ៧។ ទោះជាយ៉ាងណា​មកដល់ថ្ងៃនេះ​ មនុស្សភាគ​ច្រើនស្គាល់ឈ្មោះ​ Fan របស់ GOT7 ជា «Ahgase» វិញ។ ប៉ុន្តែពាក្យនេះ​បាន​ពីណា?

ពិតណាស់ Mark នេះ​ឯងជាអ្នក​ដែល​នឹកឃើញពាក្យ «Ahgase»។ ក្នុងភាសាកូរ៉េ iGOT7 គេ​និយាយថា «ah-ee gaht se-beun» ដូចនេះ​ព្យាង្គដំបូងត្រូវ​ជា​ «ah, ga, se» ដូចសព្វថ្ងៃនេះទៅ។

៣. អ្នកណាក្លាយជាសមាជិកមុនដំបូង និង​ចុងក្រោយដែលចូលជា GOT7?

ក្នុងចំណោម​សមាជិក​ទាំងអស់ Jay B និង Jinyoung គឺជា​អ្នក​ដែល​ចូល​ធ្វើជា Trainee របស់ JYP មុនគេ គឺតាំងពីឆ្នាំ ២០០៩។ ក្រោយមក​ក៏ចាប់ដៃគ្នាចេញមុខជាក្រុម "JJ Project” និងចុងបញ្ចប់ចូល​ក្រុម GOT7។ អ្នក​ដែលចូល GOT7 ក្រោយគេគឺ Youngjae។

៤. ដោយសារតែ​ Concept របស់ក្រុម ពួកគេត្រូវរងរបួស​ច្រើន​ដង​ពេក​

នៅពេល​ GOT7 ត្រៀមចេញ​មុខ​ដំបូង​នៅ​ឆ្នាំ ២០១៤ ផលិតកម្ម JYP បានឲ្យឈ្មោះ​ក្រុមនេះ​ជា​ក្រុម Hip-Hop ដែលនឹងបញ្ចូល​ក្បាច់គុនខ្លះៗ ជាមួយ​នឹង​កីឡាកាយសម្ព័ន្ធ ទៅក្នុង​ក្បាច់រាំ។ ទោះជាយ៉ាងណា ពេលសមាជិក​ទាំងអស់​ហ្វឹកហាត់អំឡុងពេល​ត្រៀមខ្លូនចេញ​មុខ​ជា​ផ្លូវការនោះ​ សមាជិក​ភាគ​ច្រើនត្រូវ​រងរបួស​ជា​បន្តបន្ទាប់។ ដូចបាន​ឃើញ​ក្នុង​បទ​ «Girls Girls Girls» Mark និង Jackson ជា​អ្នក​ហក់រលាតខ្លួន ស្របពេលសមាជិក​ផ្សេងទៀត​ឈរនៅក្រោយ។

ក្រោយមក​ស្ថិតនៅ​ប៉ុន្មានឆ្នាំដំបូង​នោះ​ដែរ ពួកគេ​ត្រូវ​រងរបួស​ឥតល្ហែ រហូតសមាជិក​ខ្លះ​មិនអាច​ឡើងសម្ដែង​ជាមួយ​នឹង​ក្រុម​បាន ខ្លះត្រូវ​ចូលមន្ទីរពេទ្យ​ទៀតផង។

៥. សមាជិកទាំងអស់ មាន Background ខុសៗគ្នា

  • ដំបូង​ឡើយ Jackson គឹជាអ្នកគុនដាវអាជីពប្រចាំក្រុមជម្រើសជាតិហុងកុង
  • Mark ជាសិស្សធម្មតានៅសហរដ្ឋអាមេរិក
  • BamBam ជាក្មេងប្រុសដែល​ធ្លាប់ចូលប្រឡងក្នុង​កម្មវិធីប្រកួត​រាំជា​ច្រើន​នៅប្រទេសថៃ
  • Yugyeom ជាក្មេងប្រុសដែលងប់នឹងការរាំខ្លាំង រហូតចូលសាលាហាត់រាំ ដោយមាន​គ្រូជាបង្វឹក ជាគ្រូបង្ហាត់រាំនៅ JYP ផ្ទាល់
  • Youngjae ក៏ជា​សិស្សម្នាក់ដែលរីករាយ​នឹង​តន្ត្រីខ្លាំង និងថែមទាំងចូលសាលាហាត់ច្រៀងទៀត
  • Jay B និង Jinyoung វិញ ប្រឡង​ចូល JYP និង​សម្រេច​ចាប់ដៃគ្នា​បង្កើតក្រុម​តូច ដោយបាន​យក​ឈ្នះជាប់លេខ ១ ពីក្នុងការប្រកួតដែលមានអ្នក​ចូលរួម ១០ ០០០នាក់។

៦. សមាជិក​ GOT7 បាន​ក្លាយជាផ្នែកមួយជំរុញឲ្យ Twitter មាន​អ្វី Update ថ្មី

Jack Dorsey អ្នក​បង្កើត និងជា​នាយកប្រតិបត្តិរបស់ Twitter ​ត្រូវ​បាន​គេ​ស្គាល់ថា​ក៏ជា​អ្នកគាំទ្រក្រុម GOT7។ តាំងពី​ជួប​គ្នា​ដំបូង​ក្នុងបទសម្ភាស Twitter Blue Room កាលពីឆ្នាំ ២០១៩ Jack ចាប់អារម្មណ៍ក្រុម​នេះ​កាន់​តែ​ខ្លាំង ហើយថែម​ទាំង​ទៅ​ចូលរួមការប្រគំតន្ត្រី​របស់ GOT7 ទៀត។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យភ្ញាក់​ផ្អើល​ អំឡុងពេល​ Blue Room Sessionនោះ​គឺថា​ BamBam និង Youngjae បានលើកយោបល់សុំឲ្យ Jack បញ្ចូល Dark Mode ឲ្យជាក់លាក់មួយក្នុង​ App នេះ។ ស្របពេល​ Twitter បាន​បន្ថែម​ Dark Mode កាល​ពីឆ្នាំ ២០១៦ រួច​ហើយក្ដី ប៉ុន្តែ​អ្នក​ប្រើបណ្ដាញ​សង្គមមួយ​នេះ​បាន​ត្អូញថា​ ស្រមោលពណ៌ខៀវរបស់ Twitter នៅ​តែមិនទាន់ងងឹតល្អ បង្កជា​ការរំខាន​ខ្លះដែរសម្រាប់អ្នក​ប្រើ។ បន្ទាប់​ពី​មាន​ការ​ស្នើរសុំ​ពី Bam រួច Twitter ក៏បាន​ប្រកាស​ពី​ Dark Mode ថ្មី​ ដែលមាន​ឈ្មោះ​ថា​ «Light Out» ដែល​ពិតជា​ត្រូវ​ចិត្តអ្នក​ប្រើណាស់។

ចំណែក Youngjae វិញ​ ក៏បាន​ផ្ដល់ជា​យោបល់​មួយ​ដែរ ដែល​អាច​និយាយ​បាន​ថា​ជា​គំនិត​ដ៏ល្អ​មួយ​ ពេល​លោកសុំឲ្យបង្កើត "Room" លើ Twitter ដែលកំណត់​ចំនួន​មនុស្សចូលរួម និង​ Chat លេងជាមួយគ្នា។ ជាក់ស្ដែងនៅឆ្នាំនេះ Twitter ពិតជា​បាន​ប្រកាសដាក់ឲ្យប្រើ Feature ថ្មីឈ្មោះថា «Spaces» ជា​កន្លែងដ៏ងាយស្រួល​សម្រាប់​អ្នក​លេង Twitter ដែលចង់ឆាតលេងជា Group។ ទោះ​បី Jack មិនបាន​បញ្ជាក់​ថា​នេះ​ជា​គំនិតរបស់ Youngjae ប៉ុន្តែ​យ៉ាងណា​ការយល់ឃើញ​រវាង​អ្នក​ទាំង ២​ក៏ស្រដៀងគ្នាដែរ។

៧. Shownu (MONSTAX) ប៊ិះនឹង​បាន​ក្លាយជា​សមាជិក​ក្រុម GOT7 ទៅហើយ

មុនចូលរួមក្នុង​កម្មវិធី «NO.MERCY» Shownu គឺ​ជា​ Trainee របស់ JYP ហើយត្រូវគេចាត់ឲ្យ Debut ជាមួយ​នឹង​ Jinyoung និង JB។ ប៉ុន្តែ​ក្រោយមក​ Shownu បាន​សម្រេច​ចាកចេញពីក្រុមហ៊ុននេះ ដោយសារអវត្តមាន​ពេល​ថ្ងៃហាត់ច្រើនដង។ ប៉ុន្តែ​យ៉ាងណា​មក​ដល់ពេល​នេះ​ពួកគេ​នៅ​តែ​រាប់អាន​គ្នា​ដដែល។

៨. BamBam គឺជា​ម្ចាស់​ភោជនីយដ្ឋានកូរ៉េដល់ទៅ ៥០កន្លែង

មិនមែន​ត្រឹម​តែជោគជ័យក្នុងវិស័យ K-Pop ទេ BamBam ក៏ល្បីថា​ពូកែធ្វើជំនួញដែរ។ រម្លឹកទៅក្នុងភាគមួយរបស់កម្មវិធី "Knowing Bros"កាលពីឆ្នាំ ២០១៨ BamBam និយាយ​ថា​ លោក និងម្ដាយ​បាន​បើកភោជនីយដ្ឋានកូរ៉េជា​ច្រើន​ដល់ទៅ ៥០ នៅក្នុងប្រទេសថៃ។

គិតមកដល់បច្ចុប្បន្ន​នេះ​ គេ​ជឿថា Bam ក្លាយជា​ម្ចាស់ភោជនីយដ្ឋាន ៨០កន្លែង​ហើយ អមជាមួយ​នឹង​ហាងកាហ្វេ B'Chill ក្នុងទីក្រុង​បាងកកដែរ។

៩. Mark មាន​សែស្រឡាយជា​ជនជាតិអៀរឡង់

លោកកើតមកក្នុងគ្រួសារ​ដែល​មាន​ប៉ាម៉ាក់ជា​ជនជាតិតៃវ៉ាន់ ក្នុងទីក្រុង​ Los Angeles រដ្ឋ California។ កាលពីក្មេង Mark ធ្លាប់រស់នៅប្រទេស​ប៉ារ៉ាហ្គាយ និងប្រេស្ស៊ីល។ បន្ទាប់​មក​លោក​ត្រូវ​ផ្លាស់ទៅរស់នៅប្រទេស​កូរ៉េខាងត្បូងនៅអាយុ ១៧ឆ្នាំ ដើម្បី Train ធ្វើជា​តារា K-Pop ត្រៀមចូលជា​ GOT7។

ដោយឡែក​ទំនង​ជា​មិនមាន​អ្នក​ដឹង​ច្រើនទេថា​ តាមពិត Mark ក៏​មាន​សែស្រឡាយជា​ជនជាតិអៀរឡង់ដែរ។ ម្ដាយ Mark បាន​ម្ដាយលោកបាន​ប្រាប់​ថា​ លោកមានដូនតាជាជនជាតិអៀរឡង់ ហេតុនេះ​ទើប​ Mark សក់ពណ៌ក្រហម​តាំងពីដើមមក។

១០. Jay B ធ្លាប់​បាត់បងការចងចាំ

កាលពីពេល​ហ្វឹកហាត់ លើវិថីសិល្បៈ Jay B ធ្លាប់បាន​រងរបួស​រាប់ភ្លេចទៅហើយ សុទ្ធតែ​គ្រោះថ្នាក់​ធំៗ ពេល​រៀនវិទ្យាល័យ។ ដោយសារពេល​នោះ​ លោកហាត់រាំ​ក្បាច់ B-Boy ដែល​ត្រូវកាច់ខ្លួន​រហ័សភ្លាមៗ ទើបពេល​មួយ​នោះ​ លោក​ចាក់ក្បាច់ខុស ទើប​ Jay B ជ្រុលខ្លួន​បោកក្បាល​មួយរំពេច។ ពេល​ងើប​ពី​សន្លប់វិញ Jay B មិនទាំង​ចាំថា​ខ្លួនឯងរងរបួសផង។ មិនត្រឹម​តែប៉ុណ្ណោះ ពេល​ត្រឡប់មក​ផ្ទះវិញ លោកថែម​ទាំងភ្លេចលេខកូដចូល​ផ្ទះ ហើយពេល​ទៅរៀន Jay B ថែម​ទាំងមិនចំណាំមុខ និងឈ្មោះមិត្តភ័ក្តិទៀតផង។ ក្រោយមក​មួយរយៈទើប លោក​អាច​ចងចាំគ្រប់យ៉ាង​ឡើងវិញ។

មេក្រុម GOT7 រូបនេះ​ធ្លាប់​បាន​និយាយ​ថា​ ប្រសិន​ថ្ងៃណា​មួយ​លោក​នឹង​បាត់ការចងចាំជា​ថ្មី លោកសុំ​តែម្យ៉ាង គឺ​លោកសុំឲ្យខ្លួន​ចងចាំថ្ងៃដំបូងដែល​សមាជិកទាំងអស់ហ្វឹកហាត់រួមគ្នា និងពេល​ដែលជួបគ្នាម្ដងទៀត៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី