BMW ចេញឡានម៉ូដែលពិសេស លេងស្ទីលតាម Maybach តែតម្លៃញាក់សាច់

  • 2021-04-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្តម៉ូដែលពិសេសថ្មី ហៅថា BMW 7-Series Shining Shadow Special Edition ដែលលេងស្ទីល ២ ពណ៌ កាត់តាមរថយន្ត Mercedes-Maybach ដោយមានដំបូលពណ៌ទឹកប្រាក់ និងតួខ្លួនពណ៌ក្រហមឈាមជ្រូក។

រថយន្ត BMW 7-Series Shining Shadow Special Edition ដ៏ស្រស់ស្អាតនេះ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ២៥គ្រឿងប៉ុណ្ណោះ ហើយត្រូវបានឌីហ្សាញឡើងយ៉ាងពិសេស សម្រាប់ទីផ្សារប្រទេសចិន។

រថយន្តប្រភេទ Sedan តួវែងនេះមានបំពាក់ម៉ាស៊ីនចំណុះ ៦,០លីត្រ ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៧៦សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៨វិនាទី។

ក្រុមហ៊ុន BMW អះអាងថា ខ្លួនបានចំណាយពេលយូរជាងមុន រហូតដល់ទៅ ៧ថ្ងៃ ក្នុងការបាញ់ថ្នាំរថយន្តនេះ ព្រោះថាវាទាមទារឲ្យអ្នកជំនាញ ចំណាយពេលច្រើនលើការប៉ូលា និងបាញ់ថ្នាំបញ្ចប់។

មិនតែប៉ុណ្ណោះ BMW ក៏ចំណាយពេលច្រើនចំពោះកាប៊ីនរបស់វាផងដែរ ដោយក្នុងនោះបានបំពាក់នូវគ្រឿងបរិក្ខារ និងប្រើប្រាស់វត្ថុធាតុដើមកម្រិត Premium ទៀតផង។ កៅអីខាងក្រោយរបស់វាក៏មានបំពាក់អេក្រង់កម្សាន្ត ដែលមានទំហំធំដល់ ១០,២៥អ៊ីញផងដែរ។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត BMW 7-Series Shining Shadow Special Edition ដ៏ពិសេសនេះ មិនថោកនោះទេ ដោយវាត្រូវបានដាក់លក់ក្នុងតម្លៃ ២,៦លានយ៉េន ឬប្រហែល ៤០ម៉ឺនដុល្លារ នៅប្រទេសចិន៕

អត្ថបទ៖ សេង ឡុង