រឿង ១០​យ៉ាងពី Irene (Red Velvet) នឹងធ្វើឲ្យអ្នកអួលដើមក ពេល​អានចប់

  • 2021-04-27 06:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Irene តារាស្រីមានឈ្មោះ​ពិត​ Bae Ju Hyun គឺជា​មេក្រុម Red Velvet ក្រុម​ចម្រៀងដែល​អ្នកគាំទ្រ K-Pop ស្គាល់ច្បាស់​ដូចថ្ងៃ និងក៏ជាតារាសម្ដែងដែល​ទើបឈានជើងចូល​ប្រឡូក​ថ្មីៗនេះ។

ស្របពេលទទួលបាន​ក្ដីស្រឡាញ់យ៉ាង​ច្រើន​ពី​មហាជន Irene ក៏ស្ថិតក្នុងបញ្ជីឈ្មោះ​តារាស្រីកូរ៉េ ដែលរង​នូវមតិរិះគន់​ច្រើនដែរកន្លងមកលើវិថីសិល្បៈ។ ប៉ុន្តែពីក្រោយស្នាមញញឹម និងភាពរឹងមាំ Irene ក៏ជានារីម្នាក់ដែល​មាន​បេះដូងបរិសុទ្ធ ស្លូតបូត និងចិត្តមេត្តាណាស់ដែរ។ រឿងពិតទាំង ១០ខាងក្រោម នឹង​ធ្វើឲ្យអ្នក​ដឹង​កាន់តែច្បាស់ថា​ តារាស្រីរបស់ SM រូបនេះ​ជាមនុស្សបែបណា?

១. Irene បៀមទុក្ខរឿងលំបាក និងទទួលសម្ពាធតឹង​តែង​បំផុត ក្នុងការធ្វើជាមេក្រុម ប៉ុន្តែនាង​មិនដែលបង្ហាញ​ចេញ​ឡើយ

ក្នុងកម្មវិធី Yangnamja Show សមាជិករួមក្រុមគឺ Joy បាន​លើកឡើងថាសមាជិកទាំងអស់តែងលើកពីភាពលំបាក​មកជជែកគ្នា ប៉ុន្តែសម្រាប់ Irene បែរជា​មិនដែលនិយាយអ្វីសូម្បីមួយម៉ាត់ពីអ្វីដែល​នាង​ជួប ព្រោះបើនាង​និយាយចេញទៅ ក្រុមទាំងមូលអាចនឹង​ផ្ដេកផ្ដួល និងបាត់ជំនឿចិត្តរៀងខ្លួន។ ដូចនេះនាង​មាន​តែទ្រាំលាក់ទុកតែឯង និងជំនួសមកវិញនូវស្នាមញញឹម និងផ្ដល់កម្លាំងចិត្តកាន់តែខ្លាំងដល់ក្រុម។

២. នាងតែងមើលថែសមាជិកក្រុម មិនដែលត្អូញឡើយ

ជាឧទាហរណ៍ នាង​តែងលើករបស់ធ្ងន់ៗឲ្យប្អូនៗរួមក្រុម ព្រោះ​ធ្វើ​បែប​នេះពួកគេអាចដើរស្រួលខ្លួន។ មិនត្រឹម​តែប៉ុណ្ណោះ នាង​តែងតែទិញនំចំណី និងកាដូផ្សេងៗឲ្យគ្នីគ្នារហូត។ បើត្រូវទៅញ៉ាំអីជុំគ្នានៅក្រៅ Irene តែងមើលម្ហូបណាមាន​ឆ្អឹង និងពិនិត្យយ៉ាងហ្មត់ចត់កុំឲ្យសមាជិករួមក្រុមញ៉ាំទៅស្លាក់។

៣. នាងជាមនុស្សឆាប់រំជួលអារម្មណ៍

ពិតណាស់ Irene ជា​មនុស្សដែលត្រូវការពេលយូរដើម្បីស្និទ្ធស្នាលជាមួយអ្នកណាម្នាក់ ប៉ុន្តែកាលណានាងស្គាល់ពួកគេច្បាស់ហើយ នាងឆាប់ចុះសម្រុងណាស់។ ដូចពេលភាគបញ្ចប់កម្មវិធី Level Up របស់ Red Velvet នាង​ចាប់ផ្ដើមក្ដុកក្ដួលអារម្មណ៍រហូតយំ ព្រោះ​នឹកស្រណោះក្រុមការងារក្នុងកម្មវិធីដែលរួមដំណើរមកជាមួយគ្នាមួយរយៈ។

៤. នាងជាមនុស្សពូកែខ្វល់ពីអ្នកដទៃណាស់ រួមទាំង Fan ផង

ពេល​ក្រឡេកទៅអ្នកគាំទ្រដែលកំពុងរងា នាងក៏បានហុចកញ្ចប់កម្ដៅ ឲ្យ Fan ភ្លាម។

៥. ចំណូលចិត្តនាងគឺ រាំ និង ចម្អិនម្ហូប ប៉ុន្តែអ្វីកាន់តែធ្វើឲ្យ Irene មានក្ដីសុខ គឺពេលធ្វើស៊ុបសារាយឲ្យសមាជិកញ៉ាំក្នុងថ្ងៃខួបកំណើតរបស់ពួកគេ។

៦. Irene មិនដែលបង្រៀនខ្លួនឯង ឲ្យពឹងផ្អែកលើអ្នកជុំវិញខ្លួនឡើយ ប៉ុន្តែនាងតែងហ្វឹកហាត់ចិត្តគំនិតខ្លួនឯងឲ្យរឹងមាំ និងក្លាយជាបងស្រីដ៏ល្អដែល​គ្រប់គ្នា ជាពិសេសសមាជិកប្អូនៗអាចពឹងផ្អែកលើនាងបានគ្រប់ពេល។

៧. សភាពខាងក្រៅ អ្នកអាចមើលមក Irene ថាជាមនុស្សក្រអឺតក្រទម អឹមអៀនច្រើន តែជាក់ស្ដែង នាងជាមនុស្សកក់ក្ដៅ ចិត្តល្អ និងពូកែស្ដាប់ (យោបល់ បញ្ហាកង្វល់...)ពីអ្នកជុំវិញខ្លួនណាស់។

៨. នាងគឺជាមេក្រុមដ៏ល្អឥតខ្ចោះ

Joy ធ្លាប់​សារភាព​ថា Irene ជា Leader ដ៏ល្អម្នាក់​សម្រាប់ក្រុម។ មេក្រុមម្នាក់​នេះ​តែងលើកយក​ចំណុចដែល​ជាបញ្ហា​មក​ដោះស្រាយដោយសន្តិវិធី និងទទួលយកគំនិតកែលម្អ និងការយល់ឃើញពីសមាជិកក្រុមទាំងអស់ ដើម្បីរក្សាកុំឲ្យមាន​ទំនាស់កើតឡើង។

៩. នៅ​ចំពោះ​មុខសមាជិកទាំងអស់ Irene ប្រឹងទប់មិនឲ្យទឹកភ្នែកស្រក់ដាច់ខាត

Irene ធ្លាប់​និយាយដែរថា នៅចំពោះមុខសមាជិកទាំងអស់ នាងព្យាយាមទប់ទឹកភ្នែកមិនឲ្យស្រក់ដាច់ខាត ប៉ុន្តែបើដល់ថ្នាក់ ពិបាក​ទប់ខ្លាំង នាងដើរទៅបន្ទប់ហាត់ដើម្បីយំ​ម្នាក់ឯងឲ្យអស់ចិត្ត។ បន្ថែម​ពីនេះ Irene ថា ការស្ដាប់បទចម្រៀងក៏ជា​វិធីដែលជួយនាងឲ្យមាន​អារម្មណ៍ធូរបន្តិចដែរ ហើយបញ្ហា​ស្ត្រេសដែល​នាង​មិនដែលហ៊ានបង្ហាញ​ចេញ​ទាំងនោះនឹងបាត់ទៅវិញ ស្របពេលនាងព្យាយាមតទល់ជាមួយវា ម្នាក់ឯងក៏ដោយ។

១០​. នាងនឹកស្រុកកំណើតរបស់នាងខ្លាំងណាស់

Irene ទម្លាយថា​ ពេល​ទៅផ្ទះ នាងចូលចិត្តធ្វើនេះនោះសាមញ្ញៗដូចជាទៅផ្សារជាមួយម្ដាយជាដើម ហើយសកម្មភាពទាំងនេះធ្វើឲ្យនាងស្រណោះខ្លាំង ជាពិសេសពេល​ម្ដាយរអ៊ូដាក់ ព្រោះពេល​នេះនាង​លែង​បាន​ឮម្ដាយរអ៊ូផ្ទាល់ហើយ ដោយសារនាងត្រូវមកធ្វើការនៅទីក្រុងបែកពីម្ដាយ។ ជារួមឲ្យតែនិយាយពីអ្នកផ្ទះ ជាពិសេសម្ដាយ នាងតែងយំជានិច្ច៕​

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo | kprofiles   ប្រែ​សម្រួល៖ យី សុធារី