ក្រសួងកំណត់ខេត្ត ៣ ទៀតជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃកូវីដ មានកាតព្វកិច្ចពាក់ម៉ាស់

  • 2021-05-05 04:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ភូមិសាស្ត្រចំនួន ៣ នៅក្នុងប្រទេសកម្ពុជា ត្រូវបានកំណត់ជាភូមិសាស្ត្រដែលមានការរាលដាលខ្លាំងពីជំងឺកូវីដ១៩។

ក្រសួងសុខាភិបាល សូមជម្រាបជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន ទាំងអស់ មេត្តាជ្រាបថា ភូមិសាស្ត្រខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ត្រូវបានកំណត់យកជា ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យ មានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ០៨១ សនកប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុង ប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូរីដ-១៩ ក្នុងសហគមន៍។ ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

អាស្រ័យហេតុនេះ សូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការដើម្បីធានាអនុវត្តឱ្យ បានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងសូមសាធារណជនទាំងអស់ ចូល រួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕

អត្ថបទ ៖ មេខាឡា