ស្គាល់មុខ​​ហើយ​ស្មាត់ រ៉ន ល្បីល្អមួយចប់ទាំងការ​បាំង ចាប់សេវារឹង ម៉ាត់ និងសារ៉េជើងក្រោម

  • 2021-05-10 02:20:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមការឱ្យ​ដឹងពីប្រភពដ៏ទុកចិត្តមួយលោក​ ចាន់ សារ៉ន ហៅស្មាត់រ៉ន លេងបាល់ទះល្អមួយចប់ទាំងការធ្វើរនាំង ការចាប់សេវា ការម៉ាត់ និងសារ៉េជើងក្រោម ហើយលោកចាប់ផ្ដើមលេងឡើង​ក្នុង​អំឡុង​ឆ្នាំ២០០៩។

បាល់​ទះ​ក្រៅ​ផ្លូវ​ការ​

ចំពោះឆ្នាំលេងឡើងនេះដែរអតីតកីឡាករក្លឹបកងពលធំអន្តរាគមន៍លេខ១១ ចាន់ សារ៉ន បានឱ្យ​ Sabay ដឹងតាមរយៈប្រអប់សារហ្វេសប៊ុកថា លោកចាប់ផ្ដើមលេងឡើងតាំងពីឆ្នាំ២០០៩ និងលេងល្អបំផុតនៅឆ្នាំ ២០១០ ២០១១ និង ២០១២។

ការប្រកួតាបាល់ទះ​ក្រៅផ្លូវការ ស្មាត់​កម្ពស់​១,៧៨ម៉ែត្រ​មក​ពី​ខេត្ត​កំពត លេងមិនសូវតឱ្យ​គូប្រជែងប៉ុន្មានឡើយដោយច្រើនចាប់​គូ​ស្មើ ព្រោះមានអ្នកលេងល្អៗច្រើនជំនាន់នោះ។

អេគីបដ៏យល់ចិត្តដំបូងរបស់លោកមានលោក​ សោម ភក្ដី ហៅស្មាត់ហ៊ុប លោក ទិត្យ វណ្ណា ហៅតាទន្លេ និងលោកព្រីង។ ក្រោយៗមកទើបមានអេគីបថ្មីដូចជាស្មាត់ហ៊ុប លោកគ្រូ សោម ចំណាប់ លោក កែម រតនា ហៅកូនឪ និងលោក ពេជ្រ សុន។

ក្នុង​ការ​ប្រកួត​មិន​អាជីព លោក​សារ៉នជា​ស្មាត់​ធំ​ល្អ​មួយ​រូប​ ដែល​អាច​ឡើង​វ៉ៃ​ខាង​ឆ្វេង​-ស្ដាំ​​បាន​យ៉ាង​ល្អ ជាពិសេស​ការ​ធ្វើ​រនាំង​របស់​លោក​ក៏ល្អ​​មិន​ធម្មតា​ដែរ។

ប្រវត្តិបាល់ទះអាជីព

លោក ចាន់ សារ៉ន ជាអតីតកីឡាកររបស់ក្លឹបកងពលធំអន្តរាគមន៍លេខ១១ ធ្លាប់ជួយក្លឹបមួយនេះបានចំណាត់ថ្នាក់លេខ២ ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់កងទ័ពនៅឆ្នាំ២០០៦ ដែលកាលនោះលោកលេងតំណែងអ្នកប៉ះសេ និងបានប្ដូរមក​តំណែងស្មាត់ ក្រោយចេញពីកងពលធំ​។

ចេញពីកងពលលោកបានចូលរួមជាមួយក្លឹប កងរាជអាវុធហត្ថលើផ្ទៃប្រទេស (មិនបានពាន) ក្លឹបឆ័ត្រយោង៩១១ (មិនបានពាន) និងក្លឹបក្រសួងការពារជាតិ ជួយឱ្យ​ក្លឹបមួយនេះបានចំណាតថ្នាក់លេខ៣នៅខេត្តពោធិ៍សាត់ ប៉ុន្តែមិនចាំឈ្មោះថាពានរង្វាន់ និងឆ្នាំប្រកួត​ឡើយ​។

ចូលលេងបាល់អាជីព រហូតមានឈ្មោះល្បីល្បាញ លោកចាន់ សារ៉ន តាម​រយៈ​ Sabay សូមបង្ហាញការដឹងគុណដល់​អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូរបស់ក្លឹបក្រសួងមហាផ្ទៃ ជុំ រដ្ឋា លោកគ្រូ អ៊ុំ សុខ និងលោកគ្រូ យុង សុខុម ដែលបានបណ្ដុះបណ្ដាលរូបលោកឱ្យ​ក្លាយជាកីឡាករល្អ និងមានកេរ្តិ៍ឈ្មោះមួយរូប​នា​អំឡុងពេលនោះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ