មិនមែនសាក់ឲ្យតែឡូយទេ តែអត្ថន័យរូបសាក់របស់ CHANYEOL ទាំងអស់នេះសុទ្ធតែបង្កប់ន័យជ្រៅ

  • 2021-05-11 02:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Park Chanyeol (EXO) គឺជា​សមាជិក​ដែល​មាន​ស្នាមសាក់ច្រើនជាងគេប្រចាំក្រុម ហើយសាក់នីមួយៗ​សុទ្ធ​តែ​បង្កប់អត្ថន័យមាន​ន័យ​ជ្រៅ ផ្ដើម​ចេញ​ពីក្ដី​ស្រឡាញ់ និងរូបភាព​ដែល​ Chanyeol ចង់​បន្សល់ទុក​ចងចាំពេញ​មួយជីវិតនេះ។

សូម​មក​ដឹង​អត្ថន័យ​ទាំង​នោះ​ទាំងអស់គ្នា៖

១​. រូប «ហ្គីតា»

នៅលើកំភួនដៃខាងស្ដាំ Chanyeol បាន​សាក់​រូបហ្គីតា ដែល EXO-L ទាំង​អស់​ជឿជាក់​ថា​នេះ គឺ​ជា​ការបញ្ជាក់ក្ដី​ស្រឡាញ់ដែល Chanyeol មាន​ចំពោះ​តន្ត្រីខ្លាំង​កម្រិតណា ហើយម្យ៉ាងតន្ត្រី​នេះ​ហើយដែលធ្វើ​ឲ្យលោកក្លាយជា​បុគ្គលល្បីឈ្មោះ​ដូចសព្វថ្ងៃនេះ។

២. ពាក្យថា «LOEY»

សាក់នេះ​ស្ថិតនៅ​លើម្រាមដៃកណ្ដាល ខាងឆ្វេងរបស់​លោក។ តាមពិតនេះ​ជា​អក្សរសរសេរបញ្ច្រាស់ពីឈ្មោះចុងក្រោយថា «YEOL»។ សាក់​មួយ​នេះ​ក៏ក្លាយជា​និមិត្តរូប រម្លឹក Chanyeol ឲ្យដឹងគ្រប់ពេលថា​លោកជាអ្នកណា។

៣. រូប «ស្វា»

រូបនេះ​ស្ថិតលើ​កំភួន​ដៃខាងស្ដាំ ផ្នែកខាងមុខ តំណាង​ឲ្យឆ្នាំ​សត្វដែល​លោកកើត។ Chanyeol កើតនៅ​ឆ្នាំ ១៩៩២ ចំ​នឹង​ឆ្នាំ​វក ដូចនេះឆ្នាំវកនេះ​ហើយ ជាឆ្នាំ​របស់ ស្វា។ ភាគ​ច្រើន​គេ​តែងនិយាយតៗគ្នា​មក​ថា ជនណា​ដែល​កើតឆ្នាំនេះ​ រមែងជា​អ្នកដែល​មិនចេះ​នៅស្ងៀម ឆាប់រំភើប ឆាប់ខឹង លេងច្រើន ឆ្លាតវៃ តែរពឹស។ ដូចនេះ​បើ​ងាកមក​មើល Chanyeol ដូចជា​មិនសូវ​ខុសគ្នា​ប៉ុន្មានទេ។

៤. រូប «ព្រួញ ឬធ្នូ»

រូបនេះ​ក៏ទាក់ទងនឹង​ថ្ងៃកំណើតរបស់​លោកដែរ បើទោះ​កើតនៅថ្ងៃទី២៧ ខែវិច្ឆិកា មិនមែន​ខែធ្នូ ប៉ុន្តែយ៉ាងណា Chanyeol ជា​អ្នកដែលស្ថិតក្នុង​ក្រុមតារានិករ "Sagittarius” ហើយនិមិត្តសញ្ញារបស់តារានិករនេះគឺ ធ្នូ។ ម្ចាស់តារានិករនេះទាំងឡាយ គឺជាមនុស្សក្លាហាន ស្មោះត្រង់ជានិច្ច ជាមិត្តល្អដែល​តែង​នៅ​ពីក្រោយ ជាកម្លាំងចិត្តសម្រាប់មិត្តភ័ក្តិ និងចូលចិត្តឲ្យគេឯងនៅជុំវិញខ្លួនសប្បាយជានិច្ច។

៥. «L-1485»

សាក់ចុងក្រោយនេះ EXO-L ច្បាស់ជា​ដឹងពីអត្ថន័យ ព្រោះ​សាក់នេះ​ Chanyeol ទុកជាការចងចាំ និងរម្លឹកដល់អ្នកគាំទ្រជា​ទីស្រឡាញ់របស់ខ្លួន គឺ L ដែលពាក្យពេញមកពី "EXO-L”។ លេខវិញ គឺ​ជា​ការបញ្ចូលគ្នា​របស់​ថ្ងៃខែឆ្នាំដែល EXO Fan Club បង្កើតជា​ផ្លូវការ ចំ​ឆ្នាំ ២០១៤ ខែសីហា ថ្ងៃទី០៥។ នេះ​ក៏ជាសញ្ញាដែលបង្ហាញថា Chanyeol ដឹងគុណ និងស្រឡាញ់អ្នកគាំទ្រទាំងអស់ខ្លាំង​កម្រិតណា រហូតលោកពេញ​ចិត្តបន្សល់ស្នាមសាក់លើដៃជា​រៀងរហូតបែបនេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី