ឥន្ទ្រីពិឃាដឌូកសង្ឃឹម​ថា ក្រុមបាល់ទះ​ឆ្នេរខ្សាច់កម្ពុជាឆ្នាំនេះនឹងល្អជាងស៊ីហ្គេម២០១៩

  • 2021-05-12 02:32:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើសជាតិឆ្នេរខ្សាច់ផ្នែកបុរស ជុក សោភា ហៅឥន្ទ្រីពិឃាដឌូកបានលើកឡើងថា សមត្ថភាពក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់របស់កម្ពុជាឆ្នាំនេះនឹងល្អជាងស៊ីហ្គេមឆ្នាំ២០១៩ នៅ​ប្រទេស​ហ្វីលីពីន ព្រោះពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ។

ជុក សោភា និង ធី ម៉េងហួង ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​ឆ្នេរ​ខ្សាច់​ឆ្នាំ​២០១៩

ជុក សោភា ដែលត្រូវ​សហព័ន្ធទើបកោះហៅចូលជម្រើសជាតិកាលពីពេលថ្មីៗ បានបញ្ជាក់បែបនេះ ៖«ឆ្នាំនឹងដូចជាយើងមាន២ធីម អាចនឹងបានលទ្ធផលល្អជាងឆ្នាំ២០១៩...យើងប្រឹងប្រែងទាំងអស់គ្នា បើមិនបានអីក៏បានឈ្នះ២ប្រទេស៣ប្រទេសដែរ»។

លើកឡើងដូច្នេះដោយសារឆ្នាំនេះ ឌូកមើលឃើញក្រុមឆ្នេរខ្សាច់កម្ពុជាមានកីឡាករល្អៗដូចជា ធី ម៉េងហួង អ៊ឹម ណារិទ្ធ សំ សាមីត ថុន លាបហេង និង ពេជ សុផុន ដោយ​ពួកគេបាន​នឹង​កំពុង​ប្រឹងប្រែងហ្វឹកហាត់នៅផ្ទះ​រៀង​ខ្លួន​ បើទោះកម្ពុជាកំពុង​ជួបវិបត្តិជំងឺ​កូវីដ-១៩យ៉ាងណា​ក្ដី។

ស្មាត់ធំមកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ បានសម្ដែងអារម្មណ៍រីករាយដែលសហព័ន្ធបានផ្ដល់​ឱកាស​ជាថ្មី ហើយគេប្ដេជ្ញាខំប្រឹងឱ្យ​អស់ពីសមត្ថភាពដើម្បីជាប់ជម្រើស៤នាក់ ទៅប្រកួត​ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាម។

កីឡាករ​មក​ពី​ខេត្តព្រៃវែងប្រាប់​ទៀត​ថា ៖«មាន​អារម្មណ៍​សប្បាយ​ចិត្ត​ ព្រោះ​ខាង​សហព័ន្ធ​មើល​ឃើញ​សមត្ថភាព និង​ទេពកោសល្យ​របស់​យើង​ ហើយ​ជម្រើស​៤​នាក់​ដែល​ត្រៀម​នៅ​ស៊ីហ្គេម​ហ្នឹង​ ខ្ញុំ​អាច​សង្ឃឹម​៨០​% ព្រោះ​អី​យើង​មាន​បទពិសោធ សមត្ថភាព​ និង​ឆ្លង​កាត់​ការ​ប្រកួតច្រើន។ អ៊ីចឹង​យើង​នឹង​ប្រឹង​ប្រែង​ហ្វឹកហាត់ ដើម្បី​ត្រៀម​លក្ខខណៈយក​​ជម្រើស​៤​នាក់​នេះ»។

បើសិនជា​ជាប់ជម្រើស៤នាក់ ការចាប់ដៃគូលេងឌូកមិនទាន់ច្បាស់ថា​ត្រូវលេងជាមួយម៉េងហួង ឬកីឡាករផ្សេងទៀតឡើយ ​អាស្រ័យ​លើ​ការហ្វឹកហាត់​ជាមួយ​គ្នា និង​ការ​មើល​ឃើញ​របស់​ក្រុម​គ្រូ​បង្វឹក​ទៅ​តាម​ភាពជាក់ស្ដែង។

ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​ឆ្នាំ​២០១៩ ជុក សោភា បាន​ជាប់​ជម្រើស​ជាតិ​ម្ដង​រួច​មក​ហើយ ខណៈ​ឆ្នាំ​២០២០​មិន​បាន​ជាប់​​ឡើយ ដោយ​គេ​អះអាង​ថា​ទុក​ឱកាស​ឱ្យ​ក្មេង​ៗ​ជំនាន់​ក្រោយម្ដង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម