រដ្ឋា​ភិបាល សម្រេចបង្កើតក្រុមការងាររៀបចំច្បាប់គ្រប់គ្រងឧកញ៉ា ផ្ដល់និងដកហូតគោរមងារឧកញ៉ា

  • 2021-05-17 11:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលសម្រេចបង្កើតក្រុមអន្តរក្រសួងដើម្បីសិក្សា និងរៀបចំលិខិតបទដ្ឋានគតិយុត្ថសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ។ នេះបើយោងតាមសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

តាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលចុះហត្ថលេខា ដោយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ០៩ មេសា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានសម្រេចក្នុងការបង្កើតក្រុមសម្រាប់គ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ។ ដែលក្នុងក្រុម មានសមាជិក ១២ នាក់ ដែលត្រូវបានចែងក្នុងប្រការ១ ក្នុងសេចក្តីសម្រេច។

  • ប្រការ ២

ក្រុមការងារនេះ មានភារៈកិច្ច ដូចខាងក្រោម ៖

  • សិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉

  • សិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ - សិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម

  • ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ - រៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្ដល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉

  • ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំដ៏ខ្ពង់ខ្ពស់ - រៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច

  • បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។ នេះបើតាមមាត្រាទី ២ ក្នុងសចេក្តីសម្រេច។

  • ប្រការ ៣

អនុប្រធាន និងសមាជិកក្រុមការងារត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញ និងទទួលភារកិច្ចតាមការចាត់ចែងរបស់ប្រធានក្រុមការងារ។

  • ប្រការ ៤

ក្រុមការងារនេះ មានសិទ្ធិដូចខាងក្រោម៖

  • ប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីជួយការងារតាមតម្រូវការចាំបាច់- ប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងការងាររបស់ខ្លួន។
  • ប្រការ ៥

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទ ៖ មេខាឡា

អត្ថបទពេញនិយម