ប្រយ័ត្នឲ្យមែនទែន! ការវាយប្រហារតាម iPhone Calendar កំពុងកើនឡើង

  • 2021-05-18 07:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការផ្សព្វផ្សាយរបស់ Malwarebytes ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីការពារមេរោគ ដ៏ល្បីមួយនោះបានបង្ហាញថា ជនខិលខូចបានកំពុងតែបង្កើនការវាយប្រហារតាមរយៈ iPhone Calendar (ប្រតិទិន) ដោយបញ្ចូលនូវព្រឹត្តិការណ៍ផ្សេងៗទៅក្នុងប្រតិទិនរបស់អ្នកប្រើប្រាស់ ដែលទាក់ទងទៅនឹងកម្មវិធីអាសអាភាស ឬពួកគេអះអាងថាទូរសព្ទរបស់លោកអ្នកមានមេរោគ ឬកំពុងតែរងការវាយប្រហារ។

ជាមួយនឹងការវាយប្រហារនេះ ជនខិលខូចបានបង្កើតគេហទំព័រក្លែងក្លាយ ឬប្រើគេហទំព័រដែលពួកគេបានលួចចូលកាន់កាប់ដើម្បី ធ្វើការបោកបញ្ឆោតជនរងគ្រោះឱ្យឯកភាពបញ្ចូលនូវព្រឹត្តិការណ៍ផ្សេងៗទៅក្នុងប្រតិទិន ដែលទាក់ទងទៅនឹងកម្មវិធីមេរោគ ឬអាសអាភាស។

ប្រសិនបើជនរងគ្រោះមិនឯកភាព ឬចុចនៅលើពាក្យ “Cancel “ វិញនោះ ពួកគេនឹងបង្ហាញនូវទំព័រថ្មីដែលមានពាក្យពេចន៍ព្រមានថា ទូរសព្ទរបស់លោកអ្នកមានមេរោគ ឬកំពុងតែរងការវាយប្រហារ ហើយបង្ហាញលោកអ្នកនូវកម្មវិធីដើម្បីការពារសុវត្ថិភាពទូរសព្ទ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីទាំងនោះគឺជាកម្មវិធី VPN ដែលមិនមានដំណើរការ ហើយថែមទាំងទាមទារឱ្យជនរងគ្រោះបង់ថ្លៃសេវាពី ៩ ទៅ១០ដុល្លារ ក្នុងមួយសប្តាហ៍ទៀតផង។

ប្រសិនបើលោកអ្នកបានឯកភាពឱ្យមានការបញ្ចូលនូវព្រឹត្តិការណ៍ទៅក្នុងប្រតិទិនហើយនោះ លោកអ្នកអាចធ្វើការលុបវាចោលបានដោយ បើកកម្មវិធី Calendar > ចុចលើពាក្យ “Calendars” ដែលនៅកណ្ដាល ផ្នែកខាងក្រោមស្រ្គីន > ចុចលើអក្សរ “i” ដើម្បីលុបចោលអ្វីដែលមាននៅក្នុងផ្នែក “SUB-SCRIBED” ប្រសិនបើលោកអ្នកមាន។ គួរបញ្ជាក់ថាប្រសិនបើលោកអ្នកមិនឃើញមានផ្នែក “SUB-SCRIBED” នេះមានន័យថាលោកអ្នកមិនបានឯកភាពឱ្យមានការបញ្ចូលនូវព្រឹត្តិការណ៍ទៅក្នុងប្រតិទិននោះទេ៕

ប្រភព៖ Anti Cyber Crime Department

អត្ថបទពេញនិយម