លោកពូមន្ត្រីប៉ូលីសចរាចរណ៍ គំរូមួយរូប គេតែងហៅថាពូម៉ៅស្តុបក្រសួងមហាផ្ទៃ ចូលនិវត្តន៍ហើយ

  • 2021-05-18 09:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីនគរបាលចរាចរណ៍គំរូ តែងបំពេញភារកិច្ចបានល្អ សកម្មនឹងការងារ ដែលគ្រប់គ្នាតែងស្គាល់និងហៅគាត់ថាពូម៉ៅៗ បម្រើការជាប្រចាំនៅស្តុបក្រសួងមហាផ្ទៃ ពេលនេះគាត់ចូលនិវត្តន៍ហើយ។ ដោយគាត់បានសសេរបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់មានឈ្មោះ ស៊ុន ប៊ុនថន កាលពីថ្ងៃទី១៧ ឧសភាឆ្នាំ២០២១នេះ។

លោក ស៊ុន ប៊ុនថន ឬពូម៉ៅ បម្រើការក្នុងស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ជាមន្ត្រីនគរបាលដ៏ល្អ បានលះបង់កំលាំងកាយចិត្ត មិនថា មេឃក្តៅ ឬ ល្ងាចយប់យ៉ាងណាទេ គឺតែងតែឃើញវត្តមានរបស់គាត់ ប្រចាំការ នៅស្តុបក្រសួងមហាផ្ទៃជានិច្ច ដើម្បីសំរួលចរាចរណ៍ដល់ប្រជាពលរដ្ឋបំពេញតួនាទីយ៉ាងល្អបំផុត។

លោក ស៊ុន ប៊ុនថន ឬពូម៉ៅ បានបម្រើការងារជាមន្ត្រីនគរបាលចរាចរណ៍អស់រយៈពេល៣២ឆ្នាំមកហើយ។ បន្ទាប់ពីបានបញ្ចប់តួនាទីជាមន្រ្តីនគរបាល លោកពូបានអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់មកលើ សុខទុក្ខរបស់គាត់ ក៍ដូចជាមន្រ្តីនគរបាលចរាចរណ៍ទូទាំងប្រទេស។

ជាពិសេសលោកពូម៉ៅ បានអរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមគោរព នឹងអនុវត្តច្បាប់ចរាចរណ៍ ព្រមទាំងមានការយោគយល់ និងអធ្យាស្រ័យដល់រូបគាត់ផ្ទាល់ក្នុងពេលបំពេញភារកិច្ចកន្លងមក។

តាមរយៈការបង្ហោះអំពីការចូលនិវត្តន៍នេះ លោកពូម៉ៅ ទទួលបានការអរគុណ និងកោតស្ងប់ស្ញែងជាខ្លាំងពីមហាជនចំពោះទឹកចិត្ត ការខិតខំប្រឹងប្រែង បំពេញតួនាទីរបស់គាត់បានយ៉ាងល្អដើម្បីបម្រើដល់ប្រយោជន៍ពលរដ្ឋនិងសង្គមជាតិ ជាគំរូដ៏ល្អសម្រាប់មន្ត្រីនគរបាលផ្សេងៗផងដែរ៕

អត្ថបទដោយ : Su In