ទីបំផុត! Zidane បកស្រាយ​ពី​មូលហេតុ ដែល​លា​ចេញ​ពី Real Madrid ជា​លើក​ទី២

  • 2021-05-31 10:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane គ្រូ​បង្គោល​ក្លឹប Real Madrid បាន​សរសេរ​សំបុត្រ​បើក​ចំហ​មួយ​ជូន​ទៅ​កាន់​អ្នក​គាំទ្រ​ Real Madrid តាម​រយៈ​កាសែត AS របស់​អេស្ប៉ាញ។ ក្នុង​ខ្លឹមសារ​សំបុត្រ​នោះ​គឺ មូលហេតុ​ដែល​លោក​ចាកចេញ​ពី Real Madrid លើក​នេះ​គឺ ដោយសារ​តែ​ក្លឹប​អស់​ជំនឿ​ចិត្ត​លើ​លោក។

លោក​បាន​សរសេរ​ថា៖ "កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៨ ខ្ញុំ​បាន​ចាកចេញ​ពី​ក្លឹប ដោយសារ​តែ​ខ្ញុំ​គិត​ថា ក្លឹប​ត្រូវ​ការ​វិធីសាស្ត្រ​ថ្មី ដើម្បី​បន្ត​នៅ​កម្រិត​ដ៏​ខ្ពស់​ដដែល។ ប៉ុន្តែ​លើក​នេះ​មាន​ភាព​ផ្សេង​គ្នា ខ្ញុំ​ចាកចេញ​ក៏​ដោយសារ​តែ ក្លឹប​លែង​មាន​ជំនឿ​ចិត្ត​លើ​ខ្ញុំ ហើយ​លែង​គាំទ្រ​ក្នុង​ការ​បង្កើត​ផែនការ​សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​វែង"។

ជាមួយ​គ្នា​នេះ​ លោក​ក៏​បាន​ប្រាប់​ត្រង់ៗ​ថា អារម្មណ៍​របស់​បុគ្គលិក​ និង​ក្រុម​កីឡាករ​មិន​ត្រូវ​បាន​ខាង​ក្លឹប​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់​នោះ​ទេ ពោល​គឺ​ខាង​ក្លឹប​ត្រូវ​ការ​តែ​ជ័យ​ជម្នះ​ប៉ុណ្ណោះ។

លោក​បាន​បន្ត​ថា៖ "នៅ​សព្វថ្ងៃ​នេះ គ្រូ​បង្វឹក​នៅ​ក្លឹប​ធំៗ​ដឹកនាំ​បាន​យ៉ាងច្រើន​តែ​ ២ឆ្នាំ​នោះ​ទេ។ ដើម្បី​ឲ្យ​ដឹកនាំ​បាន​យូរ​បាន ចាំ​បាច់​ត្រូវ​តែ​គិត​គូរ​លើ​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស។ វា​មាន​ភាព​សំខាន់​ជាង​លុយ សំខាន់​ជាង​ភាព​ល្បី​ឈ្មោះ និង​សំខាន់​ជាង​អ្វី​ៗ​គ្រប់​យ៉ាង​"។

សូម​ជម្រាប​ផង​ដែរ​ថា លោក Zinedine Zidane បាន​ប្រឡូក​នៅ​ជាមួយ​ក្លឹប​ Real Madrid តាំង​ពី​ជំនួយ​ការ​គ្រូ​បង្គោល​ឈុត​ធំ គ្រូ​បង្វឹក​ក្លឹប​យុវជន​ថ្នាល និង​ចុង​ក្រោយ​ជា​គ្រូ​បង្គោល​ឈុត​ធំ​តែ​ម្ដង។ លោក​ដឹកនាំ​ Real Madrid លើក​ទី១ ពី​ឆ្នាំ២០១៦ ដល់​ឆ្នាំ២០១៨ និង​លើក​ទី២ ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២១៕

ប្រភព៖ AS English   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម