ប្រវត្តិដ៏យូរលង់របស់ Emoji ទម្រាំមាននិមិត្តសញ្ញាស្អាតៗ និងមានចលនាដូចសព្វថ្ងៃ

  • 2021-06-11 02:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Emoji មានប្រភពមកពី ប្រទេសជប៉ុន ដែលសរសេរថា 絵文字 មានអត្ថន័យថា អក្សររូប។ វាត្រូវបានប្រើនៅលើសារអេឡិចត្រូនិច និងគេហទំព័រ ដើម្បីបញ្ជាក់ពីរូបសញ្ញាអ្វីមួយ ដូចជាធម្មជាតិ របស់ប្រើប្រាស់ អាកាសធាតុ និងអារម្មណ៍របស់មនុស្ស។

មុននិយាយពី Emoji តទៀត យើងសូមថយក្រោយបន្ដិច ដើម្បីរលឹកទៅដល់ Emoticon ដែលជាឫកែវមុនមាន emoji។ Emoticon តំណាងឱ្យ [emotion icon] មានន័យថា រូបសម្គាល់តូចៗបង្ហាញពីអារម្មណ៍។ វាត្រូវបានរកឃើញដោយ អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ លោក Scott Fahlman នៅមុនទស្សវត្សទី៨០។ លោកបង្កើតវាដោយប្រើតួអក្សរ សញ្ញា និងលេខបញ្ចូលគ្នា ដើម្បីជំនួសឱ្យការប្រើតួអក្សរ។

និមិត្តសញ្ញា Emoticon មានដូចជា៖ :-) :-( :) :"> :-> :'( :^) ដូចនេះ ការវិវត្តរបស់ Emoji មានសញ្ញាស្អាតៗដែលយើងឃើញសព្វថ្ងៃ គឺមានរសផ្សំមកពី Emoticon តាំងពីយូរមកហើយ។

ចំណែក Emoji វាត្រូវបានបង្កើតឡើងក្នុង ឆ្នាំ១៩៩៩ ដោយ ជនជាតិជប៉ុនម្នាក់ មានឈ្មោះថា Shigetaka Kurita មានវ័យ ៤៩ឆ្នាំ។

លោក Shigetaka Kurita អ្នកបង្កើត emoji

លោក Kurita បានបង្កើត emoji ដំបូង មានចំនួន ១៧៦។ ដោយគាត់បង្កើតវាឡើងឱ្យ ក្រុមហ៊ុនសេវាទូរសព្ទ DOCOMO សម្រាប់ប្រើប្រាស់នៅលើ កម្មវិធីអ៊ីនធឺណិតទូរសព្ទ ដើម្បីជំនួសឱ្យការប្រើប្រាស់តួអក្សមួយចំនួន និងបង្កើនការចាប់អារម្មណ៍ក្រៅពីអក្សរ។

emoji ដើម ចំនួន ១៧៦

ក្រោយមក បានប៉ុន្មានឆ្នាំ Emoji ទទួលបានការពេញនិយមយ៉ាងឆាប់រហ័សក្នុង ប្រទេសជប៉ុន ទាំងក្នុងមធ្យោបាយទំនាក់ទំនង សារព័ត៌មាន អ៊ីនធឺណិត អ៊ីមែល រួមទាំងមានក្រុមហ៊ុនដៃគួប្រកួតប្រជែងក្នុងស្រុកជាច្រើន បានលួចគំនិតនេះ ពីក្រុមហ៊ុន DOCOMO ផងដែរ។

ចំណែកឯនៅក្រៅប្រទេសវិញ នៅប៉ែកលោកខាងលិច ក៏ចាប់ផ្ដើមពេញនិយម Emoji ដោយគេឃើញមានប្រើនៅ សេតវិមានរបស់អាមរិចក្នុងរបាយការណ៍សេដ្ឋកិច្ច និងនៅលើវចនានុក្រម Oxford ថែមទៀតផង។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Apple ក៏បានច្នៃ emoji ទៅជា Platforms ថ្មីមួយទៀត។ ដោយនៅ ឆ្នាំ២០០៩ ក្រុមហ៊ុននេះស្នើ emoji ចំនួន ៦២៥ ទៅកាន់ស្ដង់ដា Unicode Standard ដើម្បីប្រើប្រាស់លើប្រព័ន្ធប្រតិបត្តិការខ្លួន។ ក្រោយនេះចំនួនពីរឆ្នាំ Android ក៏ធ្វើបែបនេះតាម Apple ផងដែរ។

នៅឆ្នាំ២០១០ ព្រោះតែការប្រើប្រាស់ច្រើនសន្ធឹកសន្ធាប់ អង្គភាព Unicode Standard បានទទួលស្គាល់ emoji និងប្រែក្លាយវាជាភាសាមួយអាចប្រើប្រាស់រួមនៅលើក្ដារចុចទាំងអស់ គ្រប់ប្រព័ន្ធប្រតិបត្តិការណាដែលមាន emoji។

ក្រោយៗមកទៀត emoji ត្រូវបានគេបន្ថែមនិមិត្តសញ្ញាកាន់តែសម្បូរបែប ដោយមាននិមិត្តសញ្ញាសម្គាល់ភេទ រូបទង់ជាតិគ្រប់ប្រទេស អាហារ ពណ៌សម្បុរមនុស្សជាដើម។ លើសពីនេះ emoji ត្រូវបានក្រុមហ៊ុនជាច្រើនអភិវឌ្ឍន៍កាន់តែទំនើបៗទៅ ដូចជា Animoji របស់ Apple ដែលប្រើប្រព័ន្ធ AI ផលិត emoji តំណាងឱ្យមនុស្ស និងមានចលនាតាមវិការថែមទៀតផង។

ក្រៅពីនេះ ក៏មាន Sticker ស្អាតៗ ខ្លះមានចលនា នៅលើ platform Facebook និង Telegram ដែលពួកវាសុទ្ធតែមានឫសគល់ពី Emoji ផងដែរ៕

ប្រភព៖ Wikipedia | Wired   ប្រែ​សម្រួល៖ កុសល