ផ្លូវការហើយ! Honda Civic Sedan ឆ្នាំ២០២២ មានតម្លៃចាប់ពីខ្ទង់ ២ម៉ឺនដុល្លារ

  • 2021-06-17 02:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានប្រកាសចេញនូវតម្លៃនៃរថយន្ត Civic Sedan ស៊េរីឆ្នាំ២០២២ ដែលជាជំនាន់ទី១១ ជាផ្លូវការ ដោយដាក់លក់ក្នុងតម្លៃចាប់ពី ២២ ៦៩៥ដុល្លារ សម្រាប់ម៉ូដែល LX នៅលើទីផ្សារសហរដ្ឋអាមេរិក។

ក្រៅពី LX រថយន្ត Civic Sedan ក៏មានម៉ូដែល ៣ ទៀត គឺ Sport តម្លៃចាប់ពី ២៤ ០៩៥ដុល្លារ, EX តម្លៃចាប់ពី ២៥ ៦៩៥ដុល្លារ និងចុងក្រោយបង្អស់គឺ Touring តម្លៃចាប់ពី ២៩ ២៩៥ដុល្លារ។

រថយន្ត Honda Civic ឆ្នាំ២០២២ បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ហើយមានបំពាក់ចង្កៀង LED មួយជុំរថយន្ត ខណៈការឌីហ្សាញរូបរាងថ្មី ជួយឲ្យវាមុជខ្យល់បានកាន់តែប្រសើរ។ វានឹងផ្តល់ជម្រើសពណ៌ចំនួន ៨ រួមទាំងពណ៌ថ្មីចំនួន ៣ គឺ ប្រផេះ (Meteorite Gray Metallic), ប្រផេះ (Sonic Gray Pearl), និងខៀវ (Morning Mist Blue Metallic)។

Civic ថ្មីនេះបំពាក់កុងទ័រឌីជីថលទំហំធំដល់ទៅ ១០,២អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញមកស្តង់ដារតែម្តង ហើយថែមទាំងអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ដោយមិនបាច់ប្រើខ្សែ និងកន្លែងសាកថ្ម Wireless ទៀតផង។

មិនតែប៉ុណ្ណោះ កាប៊ីនខាងក្នុងរបស់វាត្រូវបានឌីហ្សាញ និងរៀបចំឡើងវិញ ដោយប្រើគ្រឿងបរិក្ខាមានគុណភាពខ្ពស់ ដែលកាន់តែផ្តល់អារម្មណ៍បែប Premium ព្រមទាំងផ្តល់កន្លែងអង្គុយធំទូលាយជាងមុនផងដែរ។

រថយន្ត Honda Civic ឆ្នាំ២០២២ នឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ និង ចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ។ ជាមួយគ្នានេះ វាក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរ Honda Sensing Suite មកស្តង់ដារដែរ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង