ជា វេសលី ប្រាប់ពីហេតុការណ៍ដួលបោកក្បាលសឺបាត់ស្មារតីមួយភាំង

  • 2021-07-28 03:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅចុងតង់ទី២នៃការប្រកួតរវាងម្ចាស់ផ្ទះបឹងកេត និងនគរបាលជាតិម្សិលមិញនេះ ជា វេសលី បានជួបហេតុការណ៍ដួលបោកក្បាលផ្នែកខាងក្រោយនឹងដី បណ្ដាលឱ្យ​គេសឺបាត់ស្មារតីមួយភាំង ក្រោយរូបគេស្លាយកាត់បាល់ពីជើង សំ វណ្ណដេត បង្កឱ្យមានការភ្ញាក់ផ្អើលនិងបារម្ភពីស្ថានភាពរបស់គេ​ជា​ខ្លាំង​។

ក្រោយចប់ការប្រកួតនិងធូរស្រាល វេសលី បានសរសេរលើគណនីហ្វេសប៊ុករបស់​ខ្លួនថា សូមអរគុណដល់ថ្នាក់ដឹកនាំក្លឹបបងស្រីប្រធាន ដែលបារម្ភពីសុខទុក្ខរបស់ខ្ញុំបាទ ក៏ដូចជាក្រុមគ្រូពេទ្រប្រចាំក្លឹប ក្រុមការងារគ្រូបង្វឹក មិត្តរួមក្រុមទាំងអស់ មិត្តភ័ក្តិ បងប្អូនអ្នកគាំទ្រទាំងអស់ ដែលបារម្ភសួរសុខទុក្ខខ្ញុំបាទ ស្ថានភាពខ្ញុំពេលនេះបានធូរស្រាលហើយ។

យ៉ាងណាដើម្បីឱ្យ​កាន់តែច្បាស់ Sabay ព្រឹកនេះបានសាកសួរពីហេតុការណ៍កើតឡើង និង​ធ្វើ​បច្ចុប្បន្ន​ភាព​ពី​ស្ថានភាព​របស់​វេសលី ហើយកីឡាករស្លាបខ្មែរ​-ឥស្លាម​ដ៏​ឆ្នើមរបស់បឹងកេតបានតបមក​ថា៖ «ម្សិលមិញខ្ញុំស្លាយបងស្លាយបាល់ ដល់ពេលទៅ បោកក្បាលមួយដី ហើយសន្លប់ម៉ាសន្ទុះ ហើយឥឡូវលែងអីហើយបង គ្រាន់ថាគេឱ្យ​សម្រាកតាមដានបីថ្ងៃសិនបង គ្រាន់តែនេះ(ដួល)ភ្លាមអត់ផង អត់ដឹងមានរឿងអីកើតឡើងផង»។

ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​បាល់ទាត់​លីគកំពូល​កម្ពុជា​រដូវកាល​ឆ្នាំ​២០២១​សប្ដាហ៍​ទី​១០​ម្សិលមិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ​​បឹងកេតបាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ​នគរបាលជាតិ​ក្នុង​លទ្ធផល​ ២-0៕

អត្ថបទ៖ អ៊ុំ សុភក្តិ