Sam-A បញ្ចប់ពីការចូលនិវត្តន៍រហូតដល់ឈ្នះខ្សែក្រវាត់លំដាប់ពិភពលោក ONE World Champion
- 2021-07-28 06:22:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sam-A បញ្ចប់ពីការចូលនិវត្តន៍រហូតដល់ឈ្នះខ្សែក្រវាត់លំដាប់ពិភពលោក ONE World Champion
ចន្លោះមិនឃើញ
វីរបុរសមួយថៃ Sam-A Gaiyanghadao បានកសាងកេរ្តិ៍ឈ្មោះល្បីរន្ធឺតាំងពីចូលសង្វៀន ONE Super Series។
បុរសវ័យ ៣៧ ឆ្នាំរូបនេះត្រូវនឹងឡើងការពារខ្សែក្រវាត់មួយថៃពិភពលោក ONE Strawweight របស់ខ្លួនទល់នឹង Prajanchai PK.Saenchai Muaythaigym នៅកម្មវិធី ONE: BATTLEGROUND នាថ្ងៃសុក្រទី ៣០ កក្កដា នេះ។ កីឡាករមកពីខេត្តបូរ៉ីរាំបានព្យួរហ្គង់អស់រយៈពេល ៥ ឆ្នាំ ពេលក្លាយជាគ្រូបង្វឹកម្នាក់។
បុរសសញ្ជាតិថៃរូបនេះបានក្លាយជាជើងឯកពិភពលោកនៅប្រទេសរបស់ខ្លួនដោយឈ្នះខ្សែក្រវាត់ជាច្រើននៅសង្វៀនល្បី Lumpinee Stadium និងធ្លាប់ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ ឬ ហៅ Authority Of Thailand Fighter of the Year ទៀតផង។
វីរបុរសមួយថៃបានថ្លែងថា ៖«អ្នករាល់គ្នាស្គាល់ខ្ញុំ។ ពួកគេស្គាល់ខ្ញុំគ្រប់ទីកន្លែងដែលខ្ញុំបានទៅ។ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត។ ហើយមនុស្សជាច្រើនចូលមកមើលខ្ញុំ ប៉ុន្តែវាមិនមែនដោយសារខ្ញុំឈ្នះ ទើបពួកគេចង់ឃើញនោះទេ។ ពួកគេចង់ឃើញថា តើតារាមួយថៃរូបណាអាចផ្ដួលខ្ញុំបាន។ ការប្រកួតប្រជែងបានលើកទឹកចិត្តឲ្យខ្ញុំហ្វឹកហាត់កាន់តែខ្លាំង និង រក្សាឲ្យរាងកាយមានលំនឹងគ្រប់ពេលវេលា។ ពេលនោះ ខ្ញុំពិតជារំភើបខ្លាំងណាស់»។
តារាមួយថៃដដែលរំលឹកថា ៖«[នៅពេលខ្ញុំសម្រេចចិត្តចូលនិវត្តន៍] ខ្ញុំមានអារម្មណ៍ធុញថប់អំពីការប្រកួតនៅប្រទេសថៃ។ ខ្ញុំបានសម្លឹងមើលអ្វីដែលថ្មី។ វាលំបាកសម្រាប់ខ្ញុំដើម្បីស្វែងរកគូប្រជែងនៅក្នុងប្រភេទម្ងន់ដូចគ្នា។ ខ្ញុំត្រូវប្រកួតជាមួយកីឡាករធំៗជាងខ្ញុំ»។
ហេតុផលនោះហើយ ដែលធ្វើឲ្យរូបគេចាកចេញពីសង្វៀន។ យ៉ាងណាក្ដី ក៏មានហេតុផលមួយចំនួនផ្សេងទៀតផងដែរ។ «រឿងមួយទៀត គឺ អាយុរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំចាស់ពេក។ ខ្ញុំដឹងថា ការប្រកួតត្រូវប៉ះកីឡាករក្មេងៗ និង ធំជាងខ្លួនដែលធ្វើឲ្យរាងកាយរបស់ខ្ញុំឈឺចាប់លឿន ហើយខ្ញុំមិនអាចប្រកួតបានយូរទេ។ ដូច្នេះ ខ្ញុំក៏សម្រេចចូលនិវត្តន៍តែម្ដងទៅ និងចាប់ផ្ដើមការងារជាគ្រូបង្វឹកវិញ»។
Sam-A ផ្លាស់ទៅសិង្ហបុរីដើម្បីបង្ហាត់នៅក្លិបល្បីឈ្មោះ Evolve។ វាជាតំណែងមួយដែលអាចចិញ្ចឹមគ្រួសារនៅទីនោះបាន ប៉ុន្តែ ធ្វើឲ្យរូបគេផ្លាស់ប្ដូរការគិតជាថ្មី និង ផ្ដល់ឲ្យនូវការគិតអំពីការប្រកួតឡើងវិញ។
Sam-A បានបញ្ជាក់ថា ៖«ខ្ញុំបានចាប់ផ្ដើមអាជីពជាគ្រូបង្ហាត់ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំមានពេលគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណ និងសម្រាក។ ដូច្នេះ ខ្ញុំក៏ចង់ប្រកួតជាថ្មីដោយភាពរីករាយ។ អំឡុងពេលនោះ ខ្ញុំបានបង្ហាត់សិស្សរបស់ខ្ញុំ ខ្ញុំនៅតែមានពេលដើម្បីធ្វើឲ្យរាងកាយមាំមួន។ ខ្ញុំយល់ថា ខ្ញុំអាចឡើងប្រកួតបាន ខ្ញុំចង់ត្រលប់មកវិញ ដើម្បីរះឡើងជាថ្មី»។ កូនសិស្សជាច្រើនរបស់ Sam-A ប្រកួតក្នុងក្បាច់គុនចម្រុះ។ ហើយការចាប់ផ្ដើមប្រកួតដំបូងរបស់ Sam-A ត្រូវជួប Joseph “The Hurricane” Lasiri កាលខែ មករា ឆ្នាំ ២០១៨។
«ខ្ញុំគិតថា វាជាការបើទ្វារសម្រាប់អ្នកជំនាន់ក្រោយ ព្រោះ ONE Championship មានតែការប្រកួត MMA តែប៉ុណ្ណោះកាលលើកមុនៗ។ ខ្ញុំប្រកួតដើម្បីអ្នកជំនាន់ក្រោយ និងដើម្បីពង្រឺកមួយថៃនៅសង្វៀន ONE និងប្រកួតដើម្បីទទួលការគាំទ្រកាន់តែច្រើន។ ពេលនោះ ខ្ញុំមិនដែលគិតអំពីការឡើងទៅដណ្ដើមខ្សែក្រវាត់នោះទេ»។
បុរសវ័យ ៣៧ ឆ្នាំគ្រាន់តែចង់ប្រកួត ប៉ុន្តែ ទីបំផុតគេមានឱកាសទៅប្រកួតដណ្ដើមខ្សែក្រវាត់មួយថៃ ONE Flyweight ទល់នឹង Sergio “Samurai” Wielzen កាលខែ ឧសភា ឆ្នាំ ២០១៨។
Sam-A ពិពណ៌នា ៖«ខ្ញុំមិនរំពឹងបែបនោះទេ។ ខ្ញុំគ្រាន់តែចង់ប្រកួតប៉ុណ្ណោះ។ ខ្ញុំមិនគិតថាមានឱកាសទៅដណ្ដើមខ្សែក្រវាត់ពិភពលោកទេ។ ប៉ុន្តែ ខ្ញុំមានឱកាសដើម្បីប្រជែងវា។ វាលើសពីការរំពឹងទុកទៅទៀត។ ការពិតទៅ ខ្ញុំបានចូលនិវត្តន៍ពីកីឡាករទៅហើយដោយក្លាយជាអ្នកបង្ហាត់សិស្ស មុនពេលទទួលឱកាសប្រកួតនៅ ONE ដែលជាស្ថាប័នលំដាប់ពិភពលោក។ ខ្ញុំពិតជារំភើបមែនទែន។»
«បន្ទាប់មក ខ្ញុំធ្វើវាយដោយជោគជ័យ។ មោទនភាពរបស់ខ្ញុំកាន់តែធំៗទៅ នៅពេលខ្ញុំដណ្ដើមបានខ្សែក្រវាត់លើកដំបូង ពី ONE Super Serie។ ខ្ញុំពិតជារកពាក្យអ្វីនិយាយមិនចេញ ហើយខ្ញុំពិតជាមានមោទនភាពចំពោះរឿងនេះ។ »។
បន្ទាប់មក Sam-A របូតខ្សែក្រវាត់ទម្ងន់ Flyweight នោះទៅ Jonathan “The General” Haggerty រូបគេទម្លាក់មកប្រកួតទម្ងន់ Strawweight វិញ។ តាំងពីនោះមក តារាមួយថៃជើងចាស់ មិនទាន់ចាញ់ទេ ពោល ឈ្នះ ៤-០ ក្នុងទម្ងន់ថ្មី រហូតដល់ឈ្នះខ្សែក្រវាត់ពីរខ្សែ គឺ មួយថៃ និងឃីកបុកសីងពិភពលោកONE Strawweight។
ម្ចាស់ខ្សែក្រវាត់ពីរសង្កត់ធ្ងន់ថា ៖«ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ប្រចាំស្ថាប័ន ONE Championship គឺជារឿងសំខាន់បំផុតក្នុងអាជីព ព្រោះនេះជាស្ថាប័នធំបំផុតមួយ និងល្បីឈ្មោះទូទាំងពិភពលោក។ ពេលនេះ ខ្ញុំកំពុងកាន់ខ្សែក្រវាត់ ហើយខ្ញុំត្រូវតែរក្សាវាឲ្យបានយូរតាមតែអាចធ្វើទៅបាន។ បើអ្នកគិតថាមកដណ្ដើមខ្សែក្រវាត់ពីខ្ញុំងាយស្រួល នោះអ្នកគិតខុសហើយ» ។
កីឡាករខ្មែរសុរិន្ទទទួលបានស្នាដៃជាច្រើនក្នុងអាជីព។ ប៉ុន្តែនៅមានរឿងជាច្រើនដែលមិនទាន់ធ្វើរួចរាល់នៅឡើយ។ Sam-A បន្តលើកទឹកចិត្តខ្លួនឯង និង អភិវឌ្ឍសមត្ថភាពដើម្បីប្រកួតបន្តទៀតហើយក៏ត្រូវមានភារកិច្ចឡើងការពារខ្សែក្រវាត់របស់ខ្លួនបន្តបន្ទាប់ដែរ៕