ប្រណិត ខ្ពង់ខ្ពស់ ថ្លៃថ្លា! ស្ពានហាលប្រាសាទព្រះខ័នបញ្ចប់ការជួសជុលដំណាក់កាលទី១ហើយ
- 2021-07-31 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រណិត ខ្ពង់ខ្ពស់ ថ្លៃថ្លា! ស្ពានហាលប្រាសាទព្រះខ័នបញ្ចប់ការជួសជុលដំណាក់កាលទី១ហើយ
ចន្លោះមិនឃើញ
យោងតាម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ នៅម្សិលមិញ ក្រុមការងារជួសជុលស្ពានហាលប្រាសាទបាកាន (ព្រះខ័ន) ចំណុចខ្លោងទ្វារខាងកើត ផ្ទាំងទិសខាងត្បូង នៃខ្លោងទ្វារចូលប្រាសាទបានបញ្ចប់ការជួសជុលដំណាក់កាលទីមួយហើយ ក្នុងនោះមានការលើកបង្កាន់ដៃនាគ ដើម្បីតភ្ជាប់ ពង្រឹងគ្រឹះ និងជញ្ជាំងស្ពានហាល។
រយៈពេលជាច្រើនខែកន្លងមក ក្រុមជាងជំនាញ និងបុរាណវិទូបានសិក្សា និងធ្វើកំណាយក្នុងនោះបានរកឃើញវត្ថុបុរាណជាបន្តបន្ទាប់ដែលកប់ក្នុងដីជុំវិញការដ្ឋាន។ វត្ថុបុរាណទាំងនោះរួមមាន ព្រះកេសព្រះពុទ្ធចំនួន ០១ ដងខ្លួនព្រះពុទ្ធចំនួន ០១ (បាត់ជើង និងព្រះកេស) បំណែកដងខ្លួនព្រះអង្គជាប់ផ្ទាំងថ្មចំនួន ០១ បំណែកជើងព្រះពុទ្ធចំនួនម្ខាង និងរូបនាគចំនួន ០១ ដងខ្លួនបដិមាចំនួន១ ព្រះកេសមានកម្ពស់ ០,២៣ ស.ម ទទឹង ០,១៣ ស.ម, ព្រះកេសព្រះពុទ្ធរូប មានកម្ពស់ ០,២៥ ស.ម ទទឹង ០,១៤ ស.ម ព្រះពុទ្ធរូបប្រក់នាគ (បាត់ព្រះភ័ក្រ) ព្រះពុទ្ធរូបជាប់ផ្ទាំងថ្មី និងបន្ទះស្ពាន់មានចំនួន ១០ សន្លឹកផ្សេងទៀត។
ស្ពានរានហាលគោបុរៈទីមួយនៃប្រាសាទបាកាន ឬព្រះខ័នកំពង់ស្វាយត្រូវបានរៀបចំប្រារព្ធពិធីក្រុងពាលីជួសជុល ឡើងវិញកាលពីពេលកន្លងទៅ ក្រោយរងការខូចខាត យ៉ាងធ្ងន់ធ្ងរដោយសារកត្តាអាយុកាល កត្តាធម្មជាតិ ខ្វះការថែរក្សាឲ្យបានដិតដល់ ជាពិសេសការបំផ្លាញជីកកកាយ រកវត្ថុមានតម្លៃពីសំណាក់មនុស្សទុច្ចរិតកាលពីសម័យសង្គ្រាម។ ប្រាសាទព្រះខ័នកំពង់ស្វាយ មានចម្ងាយប្រមាណ ២៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងមានចម្ងាយ១០៥គីឡូម៉ែត្រ ពីក្រុងអង្គរ។ ព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់ប្រាសាទព្រះខ័នកំពង់ស្វាយនេះឡើង ក្នុងគោលបំណងរម្លឹកជ័យជម្នះលើទ័ពចម្ប៉ា ឈ្លានពានអាណាចក្រអង្គរ៕