ដំណឹងល្អ! បិសាចសឺវីស រ៉ាអង្គរក្ស ប្រកាសបើកបង្ហាត់សិស្ស យកប្រាក់ឈ្នួលតែ៥ពាន់រៀល​ប៉ុណ្ណោះ

  • 2021-08-04 08:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាដំណឹងល្អមួយសម្រាប់ក្មេងៗជំនាន់ក្រោយ ដែលមានបំណងចង់ហាត់បាល់ទះ ព្រោះស្មាត់ ម៉ុន តារា រហស្សនាមបិសាចសឺវីសថ្មីៗនេះ បានប្រកាសបើកបង្ហាត់សិស្សនៅខេត្តតាកែវ។

កីឡាករ​ប្រចាំក្លឹបបញ្ជាការដ្ឋានអង្គរក្ស បានបង្ហោះសារលើហ្វេសប៊ុកខ្លួនកាលពីម្សិលមិញថា ៖«ខ្ញុំជាកីឡាករជម្រើសជាតិបាល់ទះកាលពីឆ្នាំ២០១២ រហូតដល់ ២០១៧ ឥឡូវខ្ញុំបាទទទួលបង្ហាត់សិស្សហើយស្អែកនេះ នៅភូមិជ្រោយ ស្រុកគិរីវង់ ខេត្តតាកែវ អាចមកចុះឈ្មោះហាត់បានបងប្អូនហ្វេនៗ បើចង់អោយខ្លួនឯងចេះលេងបាល់ខ្លាំងមួយរូប។ ទឹកប្រាក់ហាត់មិនយកច្រើនទេបងប្អូន ម្នាក់តែ៥០០០៛ប៉ុណ្ណោះ ដូចអោយកាហ្វេគ្រូចឹង ផ្ដល់បទពិសោធ»។

តាមការ​អោយ​ដឹងពី​ស្មាត់​ធំ​​ខាងលើ​ តារាងបាល់​ទះ​របស់​លោក​បាន​ធ្វើ​រួចរាល់​ហើយ ប៉ុន្តែ​ជា​តារាង​ដី​បាំង​សំណាញ់​ក្នុង​លំហរ​ធម្មតាប៉ុណ្ណោះ ព្រោះ​លោក​មិន​ទាន់​មាន​លទ្ធភាព​ បើក​តារាង​ស្តង់​ដារ​ឡើយ​។ ថ្ងៃ​អនាគត​លោក​សង្ឃឹម​ថា នឹង​មាន​លទ្ធភាព​បើក​តារាង​មាន​ដំបូល​មួយ​សម្រាប់​ចែក​រំលែក​ចំណេះ​ដឹង​បាល់ទះ រីឯ​ថ្លៃ​​ឈ្នួល​៥ពាន់​រៀល​ គឺគ្រាន់​តែ​ទុក​ទិញ​ទឹក​អោយ​ក្មេងៗ​ប្រើប្រាស់​ប៉ុណ្ណោះ។

តារាង​បាល់​ទះស្មាត់​រ៉ា

ស្មាត់ដដែល​​បញ្ជាក់​ថា ៖«ខ្ញុំ​បើក​បង្ហាត់​សិស្ស​នេះ មិន​យក​ថ្លៃ​បង្ហាត់ថ្លៃ​​អី​នោះ​ទេ ព្រោះ​ថ្លៃ​យក​៥ពាន់​ហ្នឹង​កុំ​អី​ក៏​មិន​យក​ដែរ តែ​​យក​សម្រាប់​ទឹកព្រោះ​គាត់​មក​ហាត់​ចប់​ គាត់​ក៏​បាន​ប្រើ​ទឹក​ប្រើ​អី​ចឹង​ទៅ ចឹង​ចំពោះ​បង្ហាត់​នេះ​គឺ​អត់​យក​អី​តែ​ម្ដង​...ចំពោះ​ការ​ហាត់​​ខ្ញុំ​មាន​តែ​ការ​ស្រលាញ់ ហើយ​មាន​បទ​ពិសោធ​ច្រើន ចឹង​អត់​ទុក​បទ​ពិសោធ​ចោល​ទេ​ ក៏​សម្រេច​ចិត្ត​ថា​ប្រគល់​អោយ​ប្អូនៗ​ក្មេង​ៗ​ស្រករ​ក្រោយ​ដែល​គាត់​ស្រលាញ់​វិស័យ​បាល់​ទះ​»។

ដូច្នេះសម្រាប់អ្នកដែលស្រលាញ់វិស័យកីឡាបាល់ទះ ក៏ដូចជាហ្វេនរបស់ស្មាត់រ៉ាផ្ទាល់អាចទាក់ទងទៅកាន់ហ្វេសប៊ុករបស់លោកផ្ទាល់ Da Ra មាន Profile រូបលោកឈរក្បែរឡាន។

គួរបញ្ជាក់ថាស្មាត់ ម៉ុន តារា ជាអតីតជម្រើសជាតិដែលមានឈ្មោះបោះសំឡេង ហើយក៏ជាស្មាត់ខ្លាំងលេងបាល់ក្រៅផ្លុវការមួយ​រូប​ផងដែរ។ ម៉ុន តារា ជាកីឡាករ​មកពីក្លឹបបញ្ជាការដ្ឋានអង្គរក្ស មាន​វ័យ៣២ឆ្នាំ កម្ពស់១,៩៣ម៉ែត្រ និងទម្ងន់៨៣គីឡូក្រាម៕

អត្ថបទ៖ អ៊ុំ សុភក្តិ