​ល្អ​ណាស់​!បិសាច​​សឺវីស​​ រ៉ា អង្គរក្ស​បង្ហាត់​សិស្ស​​កំណត់​មិន​​ឲ្យ​បោក​ឬ​ប៉ះ​សេ​ជាប់​ដៃ​ឡើយ

  • 2021-08-05 02:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អតីត​ស្មាត់​ជម្រើស​ជាតិ​កម្ពុជា ​ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា បិសាច​សឺវីស រ៉ា អង្គរក្ស​ដែល​​ឈ្មោះ​ពិត​ប្រាកដ​ហៅ​ថា ម៉ុន តារា បាន​ចាប់​ផ្ដើម​បង្ហាត់​សិស្ស​​កាល​ពី​ម្សិលមិញ​នេះ​នៅ​ទឹក​ដី​គីរីវង់​ខេត្ត​តាកែវ​ ក្នុង​ការ​ហ្វឹកហាត់​នេះ​​អតីត​កីឡាករ​របស់​បញ្ជា​ការដ្ឋាន​អង្គរក្ស​​​កំណត់​ថា​មិន​បង្ហាត់​​របៀប​បោក​ឬ​ការ​លេង​ប៉ះ​សេ​ជាប់​ដៃ​ដែល​អាច​ប៉ះពាល់​ដល់​​​វិស័យ​បាល់ទះ​នៅ​កម្ពុជា។

កីឡាករ​ជំនាញ​វ៉ៃ​សេវា​ធ្ងន់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ការ​​បង្ហាត់​នេះ​មិន​​បាន​កំណត់​អាយុ​ឬ​កម្ពស់​អ្វី​ឡើយ ប៉ុន្តែ​បើ​សិន​ក្មេង​ៗ​ដែល​ចង់​ចេះ​លេង​ពិត​ប្រាកដ​​លោក​នឹង​បង្ហាត់​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ ពោល​គឺ​​ត្រូវ​តាម​ក្បួន​ច្បាប់​​របស់​​បាល់ទះ​លើ​ក្ដារ​តែ​ម្ដង​។ ចំណែក​ចាស់​ៗដែល​ចង់​ហាត់​យក​សុខភាព​ក៏​អាច​ចូលរួម​​បាន​។

ដើម​ហេតុ​នៃ​ការ​គិត​ចង់​បង្ហាត់​សិស្ស​ដោយ​ខ្លួន​ឯង​នេះ​គឺ​ ដោយសារ​​លោក​ចង់​ឲ្យ​កម្ពុជា​សម្បូរ​ទៅ​ដោយ​កីឡាករ​ល្អៗ ទៅ​ដល់​ទីណា​ក៏​មាន​អ្នក​ខ្លាំង​។ មួយ​វិញ​ទៀត​នៅ​ពេល​តាម​ភូមិ​ស្រុក​មាន​ការ​បង្ហាត់​​​វា​ក៏​អាច​ជួយ​ជំរុញ​​ឲ្យ​វិស័យ​មួយ​នេះ​ដើរ​ទៅ​មុខបាន​មួយ​កម្រិត​​ផង​ដែរ​។

រំលឹក​ថា កន្លង​មក​មាន​ប្រិយមិត្ត​បាល់ទះ​មួយ​ចំនួន​ធំ​បាន​​​មាន​ការ​មិន​សូវ​ជា​ពេញ​ចិត្ត​ឡើយ នៅ​ពេល​ឃើញ​ការ​លេង​ជាប់​ៗ​ដៃ​ ហើយ​ថែម​ទាំង​ស្ថិត​ក្រោម​ការ​ផ្សាយ​លើ​បណ្ដាញ​សង្គម​ ដែល​មើល​ទៅ​វា​បាន​​សាបព្រួសចាក់ឬស​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​។ យ៉ាង​ណា​ដោយ​សារ​​ការ​មើល​ឃើញ​ចំណុច​អវិជ្ជមាន​ខាង​លើ​ស្មាត់​ រ៉ា ក៏​បាន​កំណត់​ថា​ទោះ​ការ​ហ្វឹកហាត់​នៅ​កម្រិត​តាម​ភូមិ​ស្រុក​ក្ដី​ក៏​មិន​តម្រូវ​ឲ្យ​ក្មេង​ៗ​រៀនលេង​ជាប់​ដៃ​ឬ​ចាប់​បោក​ឡើយ៕ ​

រូប​ថត​ផ្ដល់​ឲ្យ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម